ព័ត៌មានជាតិ
ថតជាប់ភ្ញៀវផឹកស៊ី មិនរក្សាគម្លាតនៅតំបន់ទេសចរណ៍បំពានគោលការណ៍សុខាភិបាល
រមនីយដ្ឋានទេសចរណ៍ធំៗ និងតំបន់កំសាន្ត ចំនួន១៣ទីតាំង ដែលត្រូវបានអាជ្ញាធរខេត្តបាត់ដំបងអនុញ្ញាតិអោយបើកដំណើរការទទួលភ្ញៀវទេសចរណ៍ក្នុងឱកាសបុណ្យភ្ជំបិណ្ឌ ប្រពៃណីជាតិនេះ ចាប់ពីដើមខែតុលា២០២១មក ឃើញថារមនីយដ្ឋានខ្លះមិនបានគោរព តាមវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំរបស់វិធានរដ្ឋបាលខេត្តបាត់ដំបង ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បានត្រឹមត្រូវនៅឡើយ។
ជាក់ស្តែង រមនីយដ្ឋានទឹកធ្លាក់ចំការស្វាយ ស្ថិតក្នុង ឃុំមានជ័យ ស្រុកសំឡូត ឃើញមានភ្ញៀវទេសចរណ៍ក្នុងស្រុក មកលេងកកកុញ នាថ្ងៃទី៤ ខែតុលា ខ្លះជាលក្ខណៈគ្រួសារ ខ្លះមកជាមិត្តភ័ក្រ្តជាដើម។ ដោយភ្ញៀវទាំងនោះខ្លះបានជួបជុំគ្នាសេពគ្រឿងស្រវឹងយ៉ាងសប្បាយរីករាយនិងចាក់ភ្លេងកំដរជាក្រុមៗ មិនបានគោរពទៅតាមវិធានសុខាភិបាល ដែលរដ្ឋបាលខេត្តបាត់ដំបង បានណែនាំនោះឡើយ គឺហាមលក់ ឬ ជួបជុំ ផឹកគ្រឿងស្រវឹង ដែលងាយនឹងបង្កអោយមាន ការឆ្លងរាលដាលជំងឺកូវីដ១៩។

គេក៏សង្កេតឃើញដែរថា ភ្ញៀវដែលមកលេងនៅរមនីយដ្ឋាននេះ មិនសូវមានការ ពាក់ម៉ាស់ការពារ និងរក្សាគម្លាតនោះឡើយ។ ភ្ញៀវទេសចរណ៍ដែលមកលេងនៅទឹកធ្លាក់ចំការស្វាយនេះមួយក្រុមមានគ្នាជាង១០នាក់ បាននិយាយថា នៅមុខខ្លោងទ្វារចូលឃើញមានសន្តិសុខ យាមទ្វារ និងដាក់ដបអាល់កុលនិងឧបករណ៍វ៉ាស់កំដៅដែរ តែពួកគាត់មិនត្រូវបាន សន្តិសុខ ក្មេងៗ២នាក់នៅទីនោះណែនាំអោយ ចុះពីលើឡានវាស់កំដៅ ឬបាញ់ អាល់កុល និងកត់ឈ្មោះ និងមិនបានឆែករកកាតចាក់វ៉ាក់សាំង មុនចូលរមនីយដ្ឋាននោះឡើយ គ្រាន់តែសន្តិសុខកាក់ឡាន ដើម្បីទារលុយក្បាលឡាន មួយគ្រឿង១ម៉ឺនរៀលតែប៉ុណ្ណោះគឺជាការស្រេច។
បញ្ហាដែលមិនអនុវត្តន៍តាមការណែនាំរបស់រដ្ឋបាលខេត្តនិងមន្ទីរទេសចរណ៍នេះ ធ្វើអោយមានការ ព្រួយបារម្ភពី ការឆ្លងរាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងតាមរយៈភ្ញៀវដែលមកលេងនៅទីនេះ។
លោក ម៉ុន នីកា ម្ចាស់ទីតាំងរមនីយដ្ឋានបានឆ្លើយបំភ្លឺដល់អ្នកសារព័ត៌មានថា នៅរមនីយដ្ឋានរបស់គាត់បាន ណែនាំបុគ្គលិកនិងភ្ញៀវអោយអនុវត្តន៍ នូវវិធានការសុខាភិបាល បីកុំ បីការពារ ដូចជាពាក់ម៉ាស់ បាញ់អាល់កុល វ៉ាស់កំដៅ និង មើលកាតចាក់វ៉ាក់សាំងជាដើម ។
ចំណែកភ្ញៀវមកជាក្រុមៗគឺ អង្គុយ ឆ្ងាយៗ ពីគ្នាពីរម៉ែត្រ និងមិនលក់គ្រឿងស្រវឹងនោះទេ។ ចំណែកភ្ញៀវដែល ទទួលទានគ្រឿងស្រវឹងគឺ យកមកពីក្រៅ គឺទទួលខុសត្រូវខ្លួនឯង។

ក្នុងលិខិតស្នើសុំបើកតំបន់ទេសចរណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបងទៅរដ្ឋបាលខេត្តចំនួន១៣រមនីយដ្ឋាន ក្នុងខេត្តបាត់ដំបងក្នុងឱកាសបុណ្យភ្ជំបិណ្ឌនេះ គឺរមនីយដ្ឋានគោលដៅ ទេសចរណ៍ទាំងនោះ គឺត្រូវគោរពអោយបានវិធានសុត្ថិភាពទេសចរណ៍ និង និតិវិធីប្រតិបត្តិស្តង់ដាជា អប្បបរិមា(SOP)តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មរមនីយដ្ឋានទេសចរណ៍ និងសហគមន៍ អេកូទេសចរណ៍ក្នុងខេត្តបាត់ដំបង ។
មន្រ្តីនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានអោយដឹងថា រមនីយដ្ឋានទេសចរណ៍អាចដំណើរការអាជីវកម្មរបស់ខ្លួនបាន ត្រូវអនុវត្តន៍ ៣០ចំណុច ដោយមន្រ្តីបង្ហាញត្រួសៗ ដូចជា ត្រូវធានាថា គ្រប់ភ្ញៀវទាំងអស់មុន ចូលលេងកំសាន្តត្រូវឆ្លងកាត់ការវ៉ាស់កំដៅ , លាងដៃនឹង អាកុលរឺជេល ពាក់ម៉ាស់ រឺរបាំងការពារមុខ រក្សាគម្លាត១ម៉ែត្រកន្លះ ភ្ញៀវត្រូវមាន១០នាក់ចុះ មានបំពាក់ ឃ្យូ អ កូត បុគ្គលិកបំរើសេវាទទួលបាន ការចាក់វ៉ាក់សាំងគ្រប់គ្នា ភ្ញៀវត្រូវតែមានកាតចាក់វ៉ាក់សាំង ឬ លិខិតបញ្ជាក់ ម្ចាស់អាជីវកម្មត្រូវបណ្តុះ បណ្តាលបុគ្គលិក ពីការអនុវត្តន៍ វិធានសុវត្ថិភាពនិងអនាម័យ និងត្រួតពិនិត្យតាមដាន រាល់ភ្ញៀ វមកកំសាន្តអោយអនុវត្តិតាមការណែនាំពីវិធានសុវត្ថិភាពទេសចរណ៍ និងបំពាក់ ស្លាកសញ្ញាបង្ហាញ ពីវិធានសុវត្ថិភាព ទេសចរណ៍ជាដើម ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ជា មួយរាជរដ្ឋាភិបាល។
ថ្វីត្បិតមានគោលការណ៍ដាក់ចេញអោយម្ចាស់រមនីយដ្ឋាននានាអនុវត្តន៍យ៉ាងណាក្តី ក៏គេសង្កេតឃើញថា ម្ចាស់រមនីយដ្ឋានមួយចំនួន មិនបានគោរពបានត្រឹមត្រូវនៅឡើយ ។គេរង់ចាំមើលថាមន្ទីរទេសចរណ៍ ខេត្តនិងស្ថាប័នពាក់ព័ន្ធមានចំណាត់ការយ៉ាងណាចំពោះរមនីដ្ឋានទេសចរណ៍ទាំងនោះ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


