Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន​ សែន ៖ កម្ពុជាអបអរសាទរចិន ដែលបានស្ដារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ច ​ឡើងវិញឆាប់រហ័ស

បានផុស

នៅ

ប្រទេសកម្ពុជា សូមអបអរសាទរចំពោះប្រទេសចិន ដែលបានស្ដារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញ យ៉ាង​ឆាប់រហ័ស បន្ទាប់ពីគ្រប់គ្រងការរាតត្បាតជំងឺកូវីដ-១៩ បានល្អប្រសើរ។ នេះបើយោងតាមសុន្ទរកថា របស់​សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួប​អនុ​ស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនា តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ។

តាមរយៈសុន្ទរកថាខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ជាមួយនឹងការគ្រប់គ្រងការឆ្លងរាលដាល នៃ​ជំងឺកូវីដ-១៩ បានល្អប្រសើរ ប្រទេសកម្ពុជា សូមអបអរសាទរចំពោះប្រទេសចិន ដែលបានស្ដារ និងជំរុញ​កំណើ​ន​សង្គម-សេដ្ឋកិច្ចឡើងវិញឆាប់រហ័ស ជាមួយនឹងកំណើនប្រមាណ ៩,៨ភាគរយ ក្នុងរយៈពេលត្រឹមតែ ៩ខែដំបូង ក្នុង​ឆ្នាំ ២០២១នេះ។ ជាមួយគ្នានេះ កម្ពុជាក៏សូមអរគុណ និងវាយតម្លៃខ្ពស់ចំពោះចិន ដែលបានចូលរួម​យ៉ាង​សកម្ម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការស្ដារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញ នៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងសកលលោក។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា​ ប្រទេសកម្ពុជា ក៏សូមលើកទឹកចិត្តឲ្យចិនបន្តផ្ដល់ជំនួយ ដល់អាស៊ាន ជាពិសេសផ្ដល់ការគាំទ្រ ចំពោះក្របខណ្ឌស្ដារឡើងវិញគ្រប់ជ្រុងជ្រោយ របស់អាស៊ាន និងគំនិតផ្ដួចផ្ដើមនានា ក្នុង​ការឆ្លើយតបនឹងជំងឺកូវីដ-១៩។ ក្នុងពេលចំពោះមុខ ប្រទេសកម្ពុជា សូមលើកទឹកចិត្តឲ្យចិន បើកការធ្វើដំណើរ​ចេញ​-ចូលប្រទេស រវាងតំបន់ទាំងពីរអាស៊ាន-ចិនឡើងិវញ សំដៅពង្រឹង និងលើកស្ទួយនូវវិស័យទេសចរណ៍, សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស, សកម្មភាពធុរកិច្ច, ពាណិជ្ជកម្ម, និងការជំរុញវិនិយោគ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម