Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សស្លាប់ ៣២នាក់ និងរបួស ៧០០នាក់ ក្នុងគ្រោះរញ្ជួយដី សាហាវបំផុត ក្នុងប្រវត្តិសាស្រ្ត ១២៥ឆ្នាំ របស់វ៉េណេស៊ុយអេឡា

បានផុស

នៅ

គិតត្រឹមវេលាថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ (ពេលវេលានៅកម្ពុជា) តួលេខមនុស្សស្លាប់ ក្នុងសោកនាដកម្មរញ្ជួយដីកម្រិតធ្ងន់ ដែលវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា ២លើកផ្ទួនៗ មិនធ្លាប់មានក្នុងរយៈពេលជាង ១២៥ ឆ្នាំ បានកើនដល់ ៣២នាក់ហើយ ខណៈយ៉ាងតិច ៧០០នាក់ទៀត រងរបួស។

(រូប៖ Reuters)

ទូរទស្សន៍ BBC បានដកស្រង់សម្តីប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodríguez ដែលបញ្ជាក់ពីតួលេខនេះ ហើយថែមទាំងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នទៀតផង។

ស្របពេលជាមួយគ្នានោះ ក្រុមជួយសង្គ្រោះ កំពុងរកមនុស្សជាច្រើននាក់ ដែលជាប់ក្រោមគំនរអគារបាក់បែក ដែលកត្តានេះ ធ្វើឲ្យគេបារម្ភថា តួលេខមនុស្សស្លាប់ អាចហក់ឡើងខ្ពស់បន្ថែមទៀត។

(រូប៖ Reuters)

សូមជម្រាបថា ការរញ្ជួយដីលើកដំបូង កម្រិត ៧.២ រ៉ិចទ័រ បានកើតឡើងនៅម៉ោង ៦:០៤ នាទីល្ងាច (ម៉ោងនៅវ៉េណេស៊ុយអេឡា) ក្នុងជម្រៅ ២២ គីឡូម៉ែត្រ ជិតទីក្រុង San Felipe នៃរដ្ឋ Yaracuy។

ត្រឹមតែ ៣៩ វិនាទីក្រោយប៉ុណ្ណោះ ការរញ្ជួយដីមួយទៀត កម្រិត ៧.៥ រ៉ិចទ័រ ដែលបង្កវិនាសកម្មខ្លាំងជាងមុន បានកើតឡើងក្នុងជម្រៅ ១០ គីឡូម៉ែត្រ ជាមួយចំណុចកណ្តាល ស្ថិតនៅភាគនិរតី ទីក្រុង Morón ខណៈឥទ្ធិពលរបស់វា ធ្វើឲ្យញ័រដល់ទីក្រុង Bogotá នៃប្រទេសកូឡុំប៊ី និងព្រៃអាម៉ាហ្សូន នៃប្រទេសប្រេស៊ីល ឯណោះ។

(រូប៖ Reuters)

រដ្ឋ La Guaira ត្រូវបានគេប្រកាសថា ជាកន្លែងរងគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ដោយមានរបាយការណ៍ថា អគាររាប់សិបខ្នង បានបាក់រលំទាំងស្រុង។ ចំណែកនៅរដ្ឋធានី ការ៉ាកាស ក៏មានកន្លែងខ្លះ រងការបំផ្លិចបំផ្លាញខ្លាំងក្លាផងដែរ ជាពិសេសក្នុងខ័ណ្ឌ Altamira, San Bernardino និង El Paraíso។

លើសពីនេះ  អាកាសយានដ្ឋានអន្តរជាតិ Simón Bolívar ក្នុងទីក្រុងការ៉ាកាស ក៏ត្រូវបានបិទដោយគ្មានកំណត់ពេលផងដែរ ដោយសារតែ រងការខូចខាតរចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម