Connect with us

ព័ត៌មានជាតិ

២​ថ្ងៃនេះ​មណ្ឌល​ភ្នំពេញ​មាន​បេក្ខជន​អវត្តមាន​ជាង​១​០១៦នាក់

បានផុស

នៅ

ភ្នំពេញ ៖ ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា ​នៅក្នុង​រយៈពេល​២​ថ្ងៃ​នៃ​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នេះ​មណ្ឌល​ប្រឡង​ភ្នំពេញ​មាន​បេក្ខជន​អវត្តមាន​សរុប​ចំនួន​ជាង​១០១៦​នាក់​ ក្នុងចំណោម​បេក្ខជន​ជាង​២​ម៉ឺន​នាក់​និង​គណៈមេប្រយោគ​១៣​នាក់​ក្នុងចំណោម​ជាង​៤០០០​នាក់​។

លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​នៅ​ព្រលប់​ថ្ងៃទី​២៨​ធ្នូ​នេះ​ថា​ ដំណើរ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ មណ្ឌល​ប្រឡង​នៅ​ភ្នំពេញ​មាន​អ្នក​បេក្ខជន​អវត្តមាន​១០១៦​នាក់ ត្រូវជា​៤,៨៤%​ក្នុងចំណោម​បេក្ខជន​សរុប​ចំនួន​២០៧១៩​នាក់​និង​គណៈមេប្រយោគ​មាន​ចំនួន​១៣​នាក់​ក្នុងចំណោម​៤០៦០​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ទៀត​ថា ​ស្ថានភាព​មណ្ឌល​ប្រឡង​ស្ងប់ស្ងាត់​ល្អ​ដោយ​ក្នុង​មណ្ឌល​ប្រឡង គណៈមេប្រយោគ​ប្រឡង​បាន​អនុវត្ត​តួនាទី និង​ភារកិច្ច​រៀងៗ​ខ្លួន​បាន​ល្អ​ប្រសើរ​។​ ចំណែក​បេក្ខជន​ប្រឡង​បាន​គោរព​បទបញ្ជាផ្ទៃក្នុង​ស្តីពី​ការប្រឡង​បានល្អ ​ខាងក្រៅ​មណ្ឌល កងកម្លាំង​ការពារ​អនុវត្ត​តួនាទី​បានល្អ​ប្រសើរ មាន​កងកម្លាំង​ការពារ​មណ្ឌល​គ្រប់គ្រាន់​។

លោក ប្រធាន​មន្ទីរ​បាន​បន្ត​ទៀត​ថា ​ចំពោះ​អាជីវកម្ម​ជុំវិញ​មណ្ឌល​ប្រឡង​ត្រូវបាន​ផ្អាក​ទាំងស្រុង ជាពិសេស​អាជីវ​កម្ម​ថត​ចម្លង អាជីវក​ម្ម​ដែល​បង្ក​សំឡេង​រំខាន​ដល់​ការ​ប្រឡង​។ ​ដោយឡែក​បេក្ខជន​២​នាក់​ដែល​ជា​កីឡា​ការ​នី ​ទើប​មក​ប្រកួត​ពី​ប្រទេស​កា​ហ្សា​ក់​ស្ថាន ហើយ​មាន​វិជ្ជមាន​កូ​វីដ​១៩ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រឡង​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩​នៃ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺរបេង ចំពោះ​សុខភាព​ពួកគាត់​ទាំង​២​នាក់​ល្អ​ប្រសើរ​ធម្មតា​ទេ ហើយ​ចូលរួម​ប្រឡង​បាន​ទាំង​២​ថ្ងៃ​។

លោក​ប្រធាន​មន្ទីរ​បាន​បន្ថែមថា​ រយៈ​ពេល​២​ថ្ងៃនេះ​មាន​បេក្ខជន​តាម​មណ្ឌល​ប្រឡង​មួយចំនួន​មាន​បញ្ហា​សុខភាព​តិចតួច តែ​ដោយសារ​មាន​ក្រុម​គ្រូពេទ្យ​ប្រចាំការ​តាម​មណ្ឌល​បាន​ជួយ​ធ្វើ​ចលនា និង​ផ្តល់​ថ្នាំលេប​ដល់​បេក្ខជន ទាំងនោះ ធ្វើ​ឲ្យ​ពួកគាត់​អាច​បន្ត​ការប្រឡង​បាន​ធម្មតា​វិញ​។

ជា​រួម​ដំណើរការ​ប្រឡង​រយៈពេល​២​ថ្ងៃនេះ​ប្រព្រឹត្តទៅបាន​ល្អ​ប្រសើរ និង​ទទួល​បាន​ជោគជ័យ​តាម​ការគ្រោងទុក ដោយសារ​មានការ​ចូលរួម​អនុវត្ត​នូវ​តួនាទី​ភារកិច្ច​របស់​គណ​មេ​ប្រយោគ​គ្រប់​លំដាប់​ថ្នាក់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។

លោក​បាន​បញ្ជាក់​ថា ​ជោគជ័យ​ទាំងនេះ​ក៏​មិនអាច​ខ្វះ​បាន​ពី​ការចូលរួម​របស់​អាជ្ញា​ធរ​គ្រប់​លំដាប់ថ្នាក់ ជាពិសេស​ការ​យកចិត្ត​ទុកដាក់​ពី​សំណាក់​ឯកឧត្តម​អភិបាល​ដូច​បណ្តា​ឆ្នាំមុនៗ​ដែរ ឯកឧត្តម​បាន​ជួយឧបត្ថម្ភ​ថវិកា​ដល់​កងកម្លាំង​ការពារ និង​មន្ត្រី​ពាក់ព័ន្ធ​សម្រាប់​ការលើកទឹកចិត្ត​ចំពោះ​មន្ត្រី​ដែល​ត្រូវ​ចូលរួម​បំពេញការងារ​នេះ​។

លោក​ប្រធាន​មន្ទីរ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​លោក​អភិបាល​រា​ធានី​ភ្នំពេញ​ដែល​តែងតែ បាន​យកចិត្តទុកដាក់​រាល់​ការ​លំបាក និង​ជួយ​បំពេញបន្ថែម​រាល់​ការ​ខ្វះខាត​កន្លង​មកជា​ពិសេស​ការខ្វះខាត​ក្នុង​វិស័យ​អប់រំ​កន្លងមក​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម