Connect with us

ព័ត៌មានជាតិ

ផ្ទះថ្ម ១៣ ល្វែង កសាងជំនាន់បារាំង អាយុជិត ៩០ ឆ្នាំ ត្រៀមវាយកម្ទេចចោល ក្នុងពេលខាងមុខនេះ

បានផុស

នៅ

​ផ្ទះថ្ម ​ចំនួន​ ១៣ ល្វែង​ ដែល​បាន​កសាង​នៅ​ជំនាន់​បារាំង​មកដល់ពេលនេះ​ មាន​កាល​អាយុ ៩០ ឆ្នាំ​ហើយ មាន​សភាព​ពុក​ផុយ​ទ្រុឌទ្រោម ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន ១២ គ្រួសារ ស្ថិត នៅ ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង។ ក្នុងពេល​ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ទាំង ១២​គ្រួសារ​ផ្ទះ​បាន​យល់ព្រម​ចាកចេញ​ហើយ​ជៀសវាង​ហានិភ័យ​ដែល​អាច​និង​បាក់ស្រុត បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ដើម្បី​ទុក​ឲ្យ​អាជ្ញាធរ​ជួយ​វាយ​កម្ទេច​ចោល​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឯកឧត្តម សាន់ យូ អភិបាលរង​នៃ​គណៈ​អភិបាលរង​ខេត្តកំពង់ឆ្នាំង​ កាលពី​អំឡុង​ពាក់កណ្ដាល​ខែធ្នូ​ ឆ្នាំ ​២០២១​ កន្លងមក ក្នុងពេល​ចុះ​ណែនាំ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ​ឱ្យ​ចាក​ចេញពីផ្ទះ​ទាំង ១៣ ល្វែង​ដែលមាន​ហានិភ័យ​នេះ បាន​ឲ្យ​ក្រុម​អ្នកយក​ព័ត៌មាន​យើង​ដឹងថា យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី និង​សេចក្តី​ជូន​ដំណឹង​របស់​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ ខេត្តកំពង់ឆ្នាំង​ នៅក្នុង​អំឡុង​ឆ្នាំ​២០១៩ បាន​ជម្រាបជូន​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ​ទាំង ១៣ ល្វែង ​ផ្ទះថ្ម​ផ្ទះ​ទាំងបី​ល្វែង​ខាងលើនេះ​ បាន​កសាងឡើង​នៅ​ជំនាន់​បារាំង មាន​អាយុកាល​ជិត​ ៩០ ឆ្នាំ​ហើយ និង​មកដល់ពេលនេះ​មាន​សភាព​ទ្រុឌទ្រោម​ពុកផុយ ដែល​មិនអាច​រស់នៅ​ទៀត​បានឡើយ ព្រោះ​អាច​នឹង​រលំ​បាក់ស្រុត ​ប​ង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ជា​អ្នករស់នៅ ។ ហេតុនេះ​ អាជ្ញាធរខេត្ត​សូម​អំពាវនាវ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ​ទាំង ១២ គ្រួសារ សូម​ធ្វើការ​ចាក​ចេញពីផ្ទះ ​១៣ ​ល្វែង​នេះ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដែល​អាច​កើតមានឡើង​ជាយថាហេតុ។ ប៉ុន្តែ​ក្រោយពី​អាជ្ញា​ធរ​ខេត្ត​ក្រុង និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ជូនដំណឹង​ដូចខាងលើ​នេះ​ អស់​រយៈកាល​៣​ឆ្នាំ និង​ដោយ​មានការណែនាំ​អប់​រំជា​បន្តបន្ទាប់​ ចំពោះ​ហានិ​ភ័យ​ផង​នោះ ទើប​ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ​ទាំង ​១២ គ្រួសារ​យល់ព្រម​ចាកចេញ​នៅ​អំឡុង​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០២១ នេះ ។​

​ចំពោះ​វិធាន​ការបន្ត​អាជ្ញាធរខេត្ត​ បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំង ១២ គ្រួសារ ធ្វើលិខិត​ស្នើសុំ​រួមគ្នា​ ១ សុំ ច្បាប់​អាជ្ញាធរខេត្ត សុំ​វាយ​ផ្ទះល្វែងនេះ​ចោល។ ក្រោយពី​វាយ​កម្ទេច​ចោល​រួចហើយនោះ ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ ត្រូវធ្វើ​លិខិត​រួមគ្នា​មួយ​ទៀត ស្នើសុំ​អាជ្ញាធរខេត្ត​សុំ​ប្លង់​កសាង​សំណង់​លំនៅឋាន​នេះ​ឡើងវិញ។ ជាមួយគ្នានេះដែរ​អាជ្ញាធ​រ​ខេត្ត បាន​សន្យាថា នឹង​ជួយ​ធ្វើការ​សម្របសម្រួ​ល​ជាមួយ​មន្ទីរជំនាញ​ជួយ​គូរ​ប្លង់ និង​ចេញ​ប្លង់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់ ដោយ​មិនឱ្យ​រាំងស្ទះ​យូរ​នោះឡើយ។

​ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ​ខាងលើនេះ ​ក៏​ធ្លាប់បាន​និយាយឲ្យ​ក្រុម​អ្នកយកព័ត៌មាន​យើង​ដឹងថា ដោយមាន​ការសន្យា​របស់​អាជ្ញាធរខេត្ត ដែល​បាន​លើកឡើងថា​ នឹង​ជួយ​សម្រួល​ក្នុងការ​វាយកម្ទេច​ផ្ទះ​នេះ​ចោល និង​ជួយ​គូរ​ប្លង់ និង​ចេញ​ប្លង់​អនុញ្ញាតឱ្យ​សាងសង់​លំនៅឋាន​នេះ​ឡើងវិញ​នោះ ទើប​ពួកគាត់​យល់ព្រម​ចាក​ចេញ។ ហេតុនេះ​ ពួកគាត់បាន​សំ​ណូម​ពរ​ដល់​ក្រុម​អ្នកសារព័ត៌មាន សុំ​ឲ្យ​ជួយ​ធ្វើ​សាក្សី និង​ដឹងឮ​ផងដែរ​ ចំពោះ​ការសន្យា​ខាងលើនេះ របស់​អាជ្ញា​ធរ​ខេត្ត។​

​សូមបញ្ជាក់​ផងដែរ​ថា ក្រោយពី​ប្រជា​ពលរដ្ឋ​ជា​ម្ចាស់ផ្ទះ​ចំនួន​ ១២ គ្រួសារ​អត់​បាន​ចាកចេញ អាជ្ញាធរ​ក្រុង​ និង​ខេត្ត​ក៏បានធ្វើ​របង​ហ៊ុមព័ទ្ធ​សំណង់​ទាំង​ ១៣​ នេះ និង​ក៏បាន​កាត់ផ្ដាច់​ចរន្តអគ្គិសនី នៅក្នុង​ផ្ទះ​ទាំង ១៣ ល្វែង​ខាងលើនេះ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​រលំ​បាក់ស្រុត ដែល​នឹង​អាច​កើតឡើង​ជាយថាហេតុ និង​ដើម្បី​ត្រៀម​វាយ​កម្ទេច​ចោល​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​ផងដែរ ក្រោ យ​ពេល​ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ​បាន​សុំច្បាប់​វាយកម្ទេច​ផ្ទះល្វែង​នេះ​ចោល​ជា​ផ្លូវការ ៕

អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម