ព័ត៌មានជាតិ
សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាមានជាង ៥៣ម៉ឺនសហគ្រាសក្នុងឆ្នាំ ២០២១
សហគ្រាសធុនតូច និងមធ្យម(SMEs) នៅកម្ពុជា មានប្រមាណជាង ៥៣ម៉ឺនសហគ្រាស កំពុងដំណើរការអាជីវកម្ម នៅក្នុងឆ្នាំ ២០២១។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា។ លោកឧកញ៉ា បានឲ្យដឹងថា ក្នុងចំណោមសហគ្រាសជាង ៥៣ម៉ឺននេះ សហគ្រាសដែលបានចុះបញ្ជីមានតែជាង ៤ម៉ឺនសហគ្រាសប៉ុណ្ណោះ។

បើតាមលោកឧកញ៉ា តែ តាំងប៉ នៅក្នុងវិបត្តិកូវី-១៩ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា រងផលប៉ះពាល់ធ្ងន់ធ្ងរ ពិសេសសហគ្រាសក្នុងវិស័យទេសចរណ៍។ ក្រៅពីវិបត្តិកូវីដនេះ លំហូរចូលនៃទំនិញពីក្រៅប្រទេស ក៏ជាមូលហេតុធ្វើឲ្យវិស័យ SMEs នៅក្នុងស្រុកជួបការលំបាកក្នុងដំណើរសង្វាក់ផលិតកម្មផងដែរ។ លោកឧកញ៉ា បានលើកទិដ្ឋភាពជាក់ស្តែងអំពីពិធីបុណ្យទន្លេ និងបុណ្យសមុទ្រ គឺមានផលិតផលបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ ដាក់តាំងពិព័រណ៍លក់យ៉ាងគគ្រឹកគគ្រេង ដែលធ្វើឲ្យប៉ះពាល់ដល់ផលិតផលក្នុងស្រុក។ លោកថា « មានផលិតផលបរទេសជាច្រើន ដែលដាក់លក់ក្នុងពិព័រណ៍ផុតកាលកំណត់ តែកែថ្ងៃខែផលិតលក់ក្នុងតម្លៃធូរថ្លៃ ប្រជែងជាមួយផលិតផលក្នុងស្រុក ដូច្នេះមិនអាចលក់ឈ្នះគេឡើយ»។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីឲ្យវិស័យ SMEs កម្ពុជារីកចម្រើន រាជរដ្ឋាភិបាល ត្រូវតែទប់ស្កាត់ទំនិញនាំចូលពីក្រៅប្រទេស និងចូលរួមបំផុសគំនិតពលរដ្ឋឲ្យជួយគាំទ្រទំនិញក្នុងស្រុក ដើម្បីជួយវិស័យ SMEs ងើបឡើងវិញបានលឿន ក្រោយវិបត្តិកូវីដ-១៩។
ពាក់ព័ន្ធនឹងវិស័យ SMEs នេះ រាជរដ្ឋាភិបាល បានត្រៀមកញ្ចប់ថវិកាប្រមាណ ២៥០លានដុល្លារ តាមរយៈធនាគារ SMEs Bank ដើម្បីជួយគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងកម្រិតការប្រាក់ទាប នៅឆ្នាំ ២០២២។ ជុំវិញកញ្ចប់ថវិកានេះ លោកឧកញ៉ា តែ តាំងប៉ បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម មិនអាចទទួលបានកម្ចីក្នុងអត្រាការប្រាក់ទាបនេះទេ ដោយសារភាគច្រើននៃ SMEs ជាប់បំណុលធនាគារ ដែលមានការប្រាក់ខ្ពស់រួចទៅហើយ ដូច្នេះមិនអាចទទួលបានកម្ចី ដែលមានការប្រាក់ទាបរបស់ធនាគារ SMEs នេះឡើយ។

លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងសន្និសីទព័ត៌មានស្តីពី៖«យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី» កាលពីថ្ងៃទី១៤ធ្នូ ឆ្នាំ២០២១ថា ធនាគារ SMEs មានកម្មវិធីកម្ចីប្រាក់ចំនួន៣ ក្នុងនោះ ទី១ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលមានថ្នាក់ដឹកនាំជាស្រ្តី គឺទទួលបានការប្រាក់ទាប ៥,៥%, ទី២គឺសម្រាប់វិស័យឌីជីថល ក៏ទទួលបានកម្ចីដែលមានការប្រាក់ទាប និងទី៣ វិស័យនៅក្នុងអទិភាព ដូចជា វិស័យកសិឧស្សាហកម្មជាដើម។
មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច រូបនេះ សង្កត់ធ្ងន់ថា ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់SMEsនេះ រដ្ឋនឹងជំរុញធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញត្ថុ ឲ្យបន្តក្នុងការផ្តល់ឥណទានដល់អាជីវកម្ម និងធុរកិច្ច តាមរយៈការកែសម្រួលលក្ខខណ្ឌនានា របស់សាជីវកម្មធានាឥណទានកម្ពុជា ដោយធានានូវភាពងាយស្រួលរបស់វិស័យឯកជនក្នុងការទទួលបានកម្ចីពីរដ្ឋាភិបាល។
យោងតាមធនាគារអភិវឌ្ឍអាស៊ី ADB បានឲ្យដឹងថា សហគ្រាសធុនតូច និងមធ្យម ត្រូវបានប៉ាន់ស្មានថា មានប្រមាណ ៩៩%នៃសហគ្រាសសរុប បានរួមចំណែកជិត៦០ភាគរយនៃផលិតផលក្នុងស្រុក និងបង្កើតការងារជិត ៧០ភាគរយនៃកម្លាំងពលកម្ម៕ ទួន សុផល

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


