នយោបាយ
សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី បដិសេធជាប់ពាក់ព័ន្ធជាមួយគណបក្សហ៊្វុនស៊ិនប៉ិច
ខុទ្ទកាល័យ សម្ដេចនរោត្តម អរុណរស្មី បានធ្វើសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ដែលបច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មិនជាប់ពាក់ព័ន្ធជាមួយគណបក្សហ៊្វុនស៊ិនប៉ិចទេ។

ជាការកត់សម្គាល់ ការធ្វើសេចក្តីជូនដំណឹងនេះ បានធ្វើឡើងបន្ទាប់ពីការយាងចូលទិវង្គត់របស់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ហើយដោយសារតែមានបញ្ហាផ្ទៃក្នុង ថ្នាក់ដឹកនាំមួយក្រុម នៃគណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើលិខិតមួយយាងសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ដើម្បីដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច។
លិខិតពីខុទ្ទកាល័យ ចុះថ្ងៃទី០៤ ខែកុម្ភៈ បានបញ្ជាក់យ៉ាងដូច្នេះថា “ខុទ្ទកាល័យ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើសេចក្តីប្រកាសជូនដំណឹងជាផ្លូវការដល់មតិសាធារណៈជន និងបណ្តាញសារព័ត៌មានជាតិថា សម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី មិនជាប់ទាក់ទង ឬមានតួនាទីជាមួយគណបក្សហ៊្វុនស៊ិនប៉ិចទេ ចាប់ពីថ្ងៃនៃសេចក្តីប្រកាសនេះ”។
ទាក់ទងទៅនឹងលិខិតនេះ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិចបានថ្លែងប្រាប់ “កម្ពុជាថ្មី” នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ខាងគណបក្សក៏ទទួលបានលិខិតបែបនេះ ពីតាមបណ្ដាញព័ត៌មានដែរ ហើយខាងគណបក្សហ៊្វុនស៊ិនប៉ិច ក៏មិនទាន់ដឹងច្បាស់ថា លិខិតនេះជាលិខិតពិត ឬលិខិតក្លែងក្លាយនោះទេ ប៉ុន្តែប្រសិនបើលិខិតនេះជាលិខិតពិត គណបក្សហ៊្វុនស៊ិនប៉ិច នឹងគោរពទៅតាមសេចក្តីសម្រេចព្រះទ័យរបស់សម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ជានិច្ច ហើយគណបក្សហ្វ៊ុនស៊ិនប៉ិចនៅតែដឹងគុណចំពោះគុណូបការៈដ៏ធំធេងរបស់សម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ដែលបានដឹកនាំគណបក្សនាពេលកន្លងមក ក៏ដូចជាការជ្រោមជ្រែងដល់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលត្រូវជាក្មួយ ផងដែរ។ ដោយឡែកការរៀបចំសមាជវិសាមញ្ញគណបក្ស ដែលគ្រោងនឹងធ្វើនៅថ្ងៃទី០៩ ខែកុម្ភៈ ខាងមុខនឹងប្រព្រឹត្តទៅតាមការគ្រោងទុកដដែល។

សូមបញ្ជាក់ថា គណបក្សហ្វ៊ុនស៊ិនប៉ិច ក្រុមខាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានកំណត់យកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ ដើម្បីរៀបចំសមាជវិសាមញ្ញ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្ស និងធ្វើវិសោធនកម្មប្រការមួយចំនួន នៃលក្ខន្តិកៈគណបក្ស ព្រមទាំងកំណត់យុទ្ធសាស្ត្រនយោបាយគណបក្ស។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានយាងចូលព្រះទិវង្គត នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩ និង៤០ នាទីព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង៣ និង៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។
ក្រោយយាងចូលព្រះទិវង្គត់របស់សម្តេចក្រុមព្រះ បានធ្វើផ្ទៃក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលតែងតែមានភាពប្រេះស្រាំស្រាប់នោះ បានឈានទៅបែកបាក់កាន់តែធ្ងន់ធ្ងរ ដោយថ្នាក់ដឹកនាំបានបែកចេញជាពីរក្រុម គឺទីមួយ ក្រុមខាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាបុត្រារបស់សម្តេចក្រុមព្រះ ហើយមួយក្រុមទៀត គឺក្រុមលោក សាយ ហាក់ លោក ហេង ចន្ថា លោក ញ៉េប ប៊ុនជិន និងលោក ផាន់ សិទ្ធី ជាដើម (ក្រុមនេះគ្រោងយាងព្រះអង្គម្ចាស់ នរោតម អរុណ រស្មី ធ្វើជាប្រធានបក្ស)។

ជាការកត់សម្គាល់ ថ្នាក់ដឹកនាំទាំងពីរក្រុមតែងតែអះអាងថា ក្រុមមួយធ្វើសកម្មភាពដោយខុសច្បាប់ ខុសលក្ខន្តិកៈ ហើយក្រុមមួយទៀត ក៏ប្រកាសដូចគ្នា ដូច្នេះគេមិនដឹងថា ក្រុមណាខុសក្រុមណាត្រូវនោះទេ។
កាលពីថ្មីៗនេះ ក្រសួងមហាផ្ទៃបានចេញលិខិតមួយថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដើម្បីធ្វើការសម្របសម្រួលផ្ទៃក្នុង មុននឹងធ្វើសសមាជរៀបចំក្បាលម៉ាស៊ីនដឹកនាំបក្ស។ បើទោះបីជាមានលិខិតក្រសួងមហាផ្ទៃនេះក្តី ផ្ទៃក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច ជាពិសេសថ្នាក់ដឹកនាំទាំងពីរក្រុមនៅតែមិនអាចសម្របសម្រួលគ្នាឡើយ៕
អត្ថបទ៖ កោះកែវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


