Connect with us

ព័ត៌មានជាតិ

១១ កន្លែង​សំខាន់​នៅ​​ទីក្រុង​ភ្នំពេញ ​ទេសចរ​បរទេស​ចង់​ស្គាល់ មិន​អាច​រំលងបាន

បានផុស

នៅ

ភ្នំពេញ​ជា​រាជធានី​ចំណាស់​មាន​អាយុកាល​ជាង ៦០០ ឆ្នាំ​ ហើយ​មាន​ទន្លេ​បួន​មុខ​ហូរប្រសព្វ​គ្នា​។ ក្រៅ​ពី​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច និង​នយោបាយ រាជធានី​ដែល​មាន​ប្រជាជន​ជាង ៣ លាន​នាក់​នេះ​ក៏​ជា​ប៉ូល​ទេសចរណ៍​សំខាន់​មួយ​ដែរ។

មន្រ្តី​​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​​​បាន​បង្ហាញ​ទីតាំង​តំបន់​ទេសចរណ៍​សំខាន់​ៗ​នៅ​រាជធានី​ភ្នំពេញ​ដ៏​ពេញ​និយមបំផុត​ ដែល​ទេសចរ​បរទេស​មិន​អាច​ខកខាន​ក្នុង​ការ​ទៅ​ទស្សនា​​។

១. ផ្សារ​ធំ​ថ្មី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្សារ​ធំ​ថ្មី​ជា​សំណង់​បេតិកភណ្ឌ​ដ៏​​លេច​ធ្លោ​ក្នុង​ចំណោម​សំណង់​ដ៏​គួរ​ឲ្យចាប់អារម្មណ៍​ក្នុង​រាជធានីភ្នំពេញ ដែលត្រូវ​បាន​កសាង​ឡើងក្នុង​ពេល​ដែល​ប្រទេស​កម្ពុជាស្ថិត​នៅ​ក្រោមការ​គ្រប់គ្រង​របស់​អាណានិគម​បារាំង។ សំណង់ប្រវត្តិសាស្រ្ត​នេះ​ស្ថិត​ក្នុង​ចំណោម​សំណង់​​អគារ​ទាំង ៣០ ដ៏​​សំខាន់​បំផុត​ជា​អត្តសញ្ញាណ​របស់​​រាជធានី​ភ្នំពេញ។

២. វាល​ពិឃាត​ជើងឯក

មាន​ទីតាំង​ចម្ងាយ​ប្រមាណ ១៥ គីឡូម៉ែត្រ នា​ប៉ែក​និរតី​នៃ​រាជធានី​ភ្នំពេញ វាលពិឃាតជើងឯក​ជា​ទីតាំង​ប្រវត្តិសាស្ត្រ​ ដែល​​​បង្កប់​រឿងរ៉ាវ​​ព្រៃផ្សៃ ជាអតីតកន្លែងពិឃាតអ្នកទោសយ៉ាងរង្គាល ក្នុង​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ពត។

ជើងឯកគឺគ្រាន់តែជាវាលពិឃាដមួយក្នុងចំណោមវាលពិឃាដប្រហែលចំនួន៤០០ ដែលបានប្រព្រឹត្តទៅអំពើឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមនៅទូទាំងប្រទេសកម្ពុជា។

៣. វិមានឯករាជ្យ

វិមាន​ឯករាជ្យ​ជា​អត្តសញ្ញាណ​នៃ​រាជធានី​ភ្នំពេញ ដើម្បី​រំលឹក​ទៅដល់​វីរភាព​របស់​បុព្វបុរស​ខ្មែរដែល​បាន​តស៊ូ​ពលី​ជីវិត​ក្នុងការ​ដណ្ដើម​ឯករាជ្យ​ពី​បារាំងមក​​វិញ។

៤. សារមន្ទី​ជាតិ

សារមន្ទីរជាតិ​ជាទីតម្កល់វត្ថុបុរាណ​ធំជាងគេ​នៅ​ប្រទេសកម្ពុជា ដែល​ជាទីតាំង​ប្រមូល​ផ្ដុំសម្បត្តិវប្បធម៌​និង​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់របស់​ជាតិ​។ សារមន្ទីរជាតិ​​រក្សាទុក​រូប​សំណាក​និង​ភស្ដុតាង​ប្រវត្តិសាស្ត្រ​កម្ពុជា​ជាង ​១ ម៉ឺន ៤ ពាន់ តាំង​ពី​សម័យ​បុរេប្រវត្តិ​ សម័យ​អង្គរ និង​សម័យ​ក្រោយៗ​មកទៀត។ សារមន្ទីរជាតិ​កសាង​ឡើង​នៅឆ្នាំ ១៩១៧-១៩២០ ដែល​មាន​ទីតាំង​​ជាប់​ផ្នែក​ខាងជើង​នៃ​ព្រះបរមរាជវាំង​ក្នុង​រាជធានីភ្នំពេញ។

៥. ផ្សាររាត្រី

ផ្សារនេះពេញនិយមក្នុង​ស្រទាប់យុវវ័យ​និង​ភ្ញៀវ​បរទេស​ជាច្រើន ដែល​ប្រជុំ​ទៅ​ដោយ​តូប​លក់​សម្លៀក​បំពាក់, ​ម្ហូបអាហារ​ដោយ​មានការ​ប្រគុំតន្រ្តី​អម​មាន​អ្នកចម្រៀង ​តន្រ្តីករ​និងអ្នករបាំ ហើយ​មានទីតាំង​សក្តានុពល​តាម​ជួរមាត់ទន្លេ។

៦. ការ​ជិះ​ទូក​កម្សាន្ត​តាមមាត់ទន្លេ

ការ​ជិះទូកកម្សាន្ត​ ក៏​ជា​ទី​ចាប់​អារម្មណ៍​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ។ ភ្ញៀវ​បរទេស​មួយ​ចំនួនតែងតែ​ចំណាយពេល​​ជិះ​ទូក​កម្សាន្ដ​តាម​ដង​ទន្លេងសាប និង​ដងទន្លេមេគង្គ ដើម្បីទស្សនា​ទេសភាព និង​សម្រស់​ដ៏​ស្រស់ត្រកាល​នាពេល​រាត្រី​របស់​រាជធានីភ្នំពេញ។

៧. ព្រះបរមរាជវាំង

ព្រះ​បរម​រាជ​វាំង​ជា​ទីតាំង​មិន​អាច​រំលង​បាន​សម្រាប់​​ភ្ញៀវ​ទេសចរបរទេស​ដែល​មក​ទស្សនា​​រាជធានី​ភ្នំពេញ ហើយ​ក៏​ជា​ទី​ប្រថាប់​ព្រះមហាក្សត្រខ្មែរ។

៨. ផ្សារទួលទំពួង

ផ្សារទួលទំពូង ដែល​បរទេស​ស្គាល់​ផ្សារ​រុស្សី​ល្បីល្បាញ​សម្រាប់​អ្នក​ស្វែង​រក​វត្ថុបុរាណ និងចំណីអាហារក្នុងស្រុក។ ក្រៅ​ពីនេះ​ក៏​មាន​លក់វត្ថុអនុស្សាវរីយ៍ ដូចជា​រូប​ចម្លាក់ គ្រឿង​អលង្ការ គ្រឿងមាស សំលៀកបំពាក់ជាដើម។

០៩. សារមន្ទីរ​គុកទួលស្លែង

សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង ឬ​សារមន្ទីរ​ទួលស្លែង អតីតជា​កន្លែង​ឃុំឃាំង​សួរ​ចម្លើយ​ និង​ធ្វើទារុណកម្ម​យ៉ាងព្រៃផ្សៃ និង​សម្លាប់មនុស្ស​ជំនាន់​ប៉ុលពត។ មាន​រូបថត ហ៊្វីល សំណុំ​ឯកសារ​សារភាព​របស់​ជនរងគ្រោះ សម្ភារៈ​ធ្វើ​ទារុណ​កកម្ម រួម​ទាំង​​​ផ្នូរ​សព​ជនរងគ្រោះ​ចំនួន ១៤ នាក់ ដែល​ស្លាប់​ចុងក្រោយគេ ក៏​​ត្រូវ​បាន​កប់​នៅ​ទីនោះ​ផង​ដែរ។

១០. វត្តភ្នំ

វត្ត​ភ្នំ​មាន​​ប្រវត្តិ​ពាក់ព័ន្ធ​ការ​កកើត​រាជធានី​​ភ្នំពេញ​​ ក្រោយ​​ព្រះបាទ​ពញាយ៉ាតនា​​ឆ្នាំ ១៤៣៤ បានយាង​ផ្លាស់រាជធានី​ពីក្រុង​អង្គរ​ ដើម្បីកសាងរាជធានីថ្មី​ដោយយកឈ្មោះភ្នំរបស់លោកយាយពេញគឺ “ភ្នំពេញ”។

នៅ​ក្នុង​បរិវេណ​វត្ត​ភ្នំមាន​ចេតិយ​ធំ​មួយ​តម្កល់​ព្រះធាតុ​របស់​ព្រះបាទ​ពញាយ៉ាត និង​​ព្រះញាតិវង្សរបស់​​ព្រះអង្គ។ បច្ចុប្បន្ន​វត្តភ្នំ​បានក្លាយ​ជា​ទី​សក្តារៈ​ពលរដ្ឋ​មានជំនឿមក​បន់ស្រន់ផ្សេងៗ។

១១. មាត់ទន្លេ

មាត់ទន្លេគឺជាកន្លែងដែលមានប្រជាប្រិយភាពមួយនៅរាជធានីភ្នំពេញ តែង​តែទាក់ទាញ​​ពលរដ្ឋ​មក​អង្គុយលម្ហែ​។ នាពេលល្ងាចៗ​ក៏​មាន​ភ្ញៀវទេសចរជិះទូកកម្សាន្ត​​ ស្រូប​យក​ខ្យល់អាកាសនិងការ​ញាំអី​ជួបជុំ​គ្នា​៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម