ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីកម្ពុជាឡាវ ជួបពិភាក្សាគ្នាមុនជំនួបប្រជុំនៅប្រទេសជប៉ុន
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅមុនកិច្ចប្រជុំកំពូលស្ដីអំពីបញ្ហាទឹកតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤ នៅទីក្រុងកូម៉ាម៉ូតូ ប្រទេសជប៉ុននាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ។
នេះជាជំនួបជាថ្មីរវាងប្រមុខដឹកនាំប្រទេសទាំងពីរ បន្ទាប់ពីមេដឹកនាំឡាវបានធ្វើដំណើរទស្សនកិច្ចនៅទីក្រុងភ្នំពេញនាពេលថ្មីៗកន្លងមកនេះ។

ថ្លែងក្នុងពេលជួបពិភាក្សាជាមួយមេដឹកនាំកម្ពុជា នាយករដ្ឋមន្ត្រីឡាវក៏បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយដល់រដ្ឋាភិបាលឡាវដូចជាការជួយផ្ដល់នូវវ៉ាក់សាំងប្រឆាំងកូវីដ19 រថយន្តដឹកវ៉ាក់សាំង covid 19 រួមទាំងថវិកាមួយចំនួន ដើម្បីដោះស្រាយនិងទប់ស្កាត់ផលប៉ះពាល់ដោយសារជំងឺកូវីដ19។
លោកនាយករដ្ឋមន្ត្រីឡាវ ផនខាំ វីផាវ៉ាន់ ក៏បានមានប្រសាសន៍អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមអ្វីដែលបានឯកភាពគ្នានាពេលកន្លងមក ជាពិសេសការបញ្ចប់នូវឯកសារមេពាក់ព័ន្ធទៅនឹងព្រំដែននៃប្រទេសទាំងពីរ។ លោកក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងប្រទេសទាំងពីរហើយបានស្នើសុំឲ្យកម្ពុជាបន្តក្នុងការផ្លាស់ប្ដូរមតិយោបល់គ្នាទៅវិញទៅមក។
នៅក្នុងឱកាសនោះផងដែរ លោកក៏ប្រកាសគាំទ្រចំពោះការបោះឆ្នោតឃុំសង្កាត់នៅក្នុងប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនានាពេលខាងមុខនេះ។ ជាមួយគ្នានោះលោកបានថ្លែងនូវការស្វាគមន៍ចំពោះដំណើរអញ្ជើញបំពេញទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនាពេលខាងមុខទៅកាន់ប្រទេសឡាវ។

សម្ដេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា នេះគឺជាជំនួបមួយដែលមានសារៈសំខាន់ក្នុងនាមជាប្រទេសជិតខាងក្នុងនាមប្រទេសបងប្អូនគ្នាហើយកន្លងទៅថ្មីៗនេះ ប្រទេសទាំងពីរក៏បានជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីទៅវិញទៅមក។
សម្ដេចតេជោបង្កាញក្តីរីករាយដែលបានមើលឃើញពីលទ្ធផល ដែលបានអនុវត្តនិងសម្រេចជាមួយគ្នាកន្លងមកនេះ ដែលបានធ្វើអោយទំនាក់ទំនងនិង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើងបន្ថែមទៀត។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា សម្ដេចពិតជាមានមោទនភាពចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោក៏បានជម្រាបជូននាយករដ្ឋមន្ត្រីឡាវ ដើម្បីអោយត្រៀមរៀបចំនូវឯកសារពាក់ព័ន្ធសម្រាប់កិច្ចប្រជុំខាងមុខ នៅពេលដែលសម្ដេចអញ្ជើញបំពេញទស្សនៈកិច្ចទៅកាន់ប្រទេសឡាវ។
លោកនាយករដ្ឋមន្ត្រីឡាវ បានឯកភាពទាំងស្រុងនូវអ្វីដែលសម្តេចតេជោបានមានប្រសាសន៍លើកឡើងជាពិសេសទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគីហើយលោកក៏បានអបអរសាទរចំពោះកម្ពុជា ដែលទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ និងបានដើរតួនាទីយ៉ាងសកម្មក្នុងការដឹកនាំអាស៊ានកន្លងទៅនេះ។
លោកនាយករដ្ឋមន្ត្រីឡាវមានប្រសាសន៍លើកឡើងទៀតថា លោកនឹងគ្រោងទៅទស្សនកិច្ចនៅខេត្តពីរដែលជាប់ព្រំដែនកម្ពុជាក្នុងគោលបំណង ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការខេត្តនិងខេត្ត និងបណ្ដាព្រំប្រទល់ជាមួយកម្ពុជា ដើម្បីបញ្ជាក់ពីគោលនយោបាយរបស់ប្រទេសទាំងពីរ ក្នុងការជំរុញលើកកម្ពស់និងបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្ត្រីឡាវ ក៏បានស្នើសុំឲ្យមានការសាងសង់ស្ពានតភ្ជាប់រវាងប្រទេសទាំងពីរផងដែរ ដើម្បីឲ្យទំនាក់ទំនង រវាងប្រជាជននិងប្រជាជនកាន់តែជិតស្និទ្ធនឹងគ្នា។ ក៏ប៉ុន្តែទាក់ទងនឹងការសាងសង់ស្ពាននេះ ក៏នឹងរង់ចាំការពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការឡាវ។
ទាក់ទងទៅនឹងគម្រោងនៃការកសាងស្ពាននេះ សម្ដេចតេជោបានមានប្រសាសន៍ថា វាជារឿងដ៏ល្អបំផុតសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរឡើង។
លោកនាយករដ្ឋមន្ត្រីឡាវ ក៏បានស្នើឲ្យមានការផ្លាស់ប្ដូរទស្សនៈកិច្ចមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរហើយក្នុងនោះលោកនាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅប្រទេសឡាវនាពេលខាងមុខនេះ ។ ជាការឆ្លើយតប សម្ដេចតេជោបានឯកភាពហើយមានប្រសាសន៍ថា ជារឿងដ៏ល្អណាស់សម្រាប់ការអញ្ជើញមេបញ្ជាការកងទ័ពជើងគោករបស់កម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវនោះគឺពិតជាមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនង រវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕
អត្ថបទ៖ណារី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២២ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ