Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​កិច្ចការ​អឺរ៉ុប និង​ការបរទេស​បារាំង

បានផុស

នៅ

នា​រសៀល​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ នេះ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បានទទួល​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ លោក Bertrand LORTHOLARY ប្រធាន​នាយកដ្ឋាន​អាស៊ី និង​អូ​សេ​អា​នី នៃ​ក្រសួង​កិច្ចការ​អឺរ៉ុប និង​ការបរទេស នៃ​សា​ធារ ណ​រដ្ឋ​បារាំង ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ជំនួប​នេះ មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បានលើកឡើង​អំពី​ចំណងមិត្តភាព​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ ដោយ​រក្សាបាន​នូវ​កិច្ច​សហប្រតិបត្តិ​ល្អ​លើ​គ្រប់​វិស័យ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​បារាំង និង​ប្រជាជន​បារាំង ដែល​កន្លងមក​តែង​បាន​គាំទ្រ​ជួយ​ជ្រោមជ្រែង​កម្ពុជា ទាំង​ក្នុងដំណាក់កាល​ស្វែងរក​សន្តិភាព និង​ក្នុង​ដំណើរ​ការកសាង​អភិវឌ្ឍ​ប្រទេស ហើយ​នៅក្នុង​ស្ថានភាព​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ កន្លងមកនេះ ប្រទេស​បារាំង​ក៏បាន​ជួយ​ដល់​កម្ពុជា​ក្នុង​ប្រយុទ្ធ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ តាមរយៈ​ការឧបត្ថម្ភ​ជា​ថវិកា​ដល់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែលជា​ស្ថាប័ន​ស្រាវជ្រាវ​ដ៏​សំខាន់​មួយ​នៅក្នុង​កិច្ចការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។

​ជា​មួយ​គ្នា​នេះ នៅក្នុង​វិស័យ​ការពារជាតិ​វិញ កងទ័ព​បារាំង​ក៏បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​បណ្តុះបណ្តាល និង​ការកសាង​សមត្ថភាព​យោធិន​កម្ពុជា​នៅ​សាលា​នាយទាហាន​សកម្ម​ត្មាត​ពង និង​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម (NPMEC)​។

ជា​ការ​ឆ្លើយតប លោក Bertrand LORTHOLARY បាន​ថ្លែង​អំពី​មនោសញ្ចេតនា និង​ចំណង​ផ្សារភ្ជាប់​ដ៏​ជិតស្និទ្ធ​របស់លោក​ជាមួយនឹង​ប្រទេស​កម្ពុជា ខណៈដែល​លោក​ធ្លាប់ជា​កម្លាំង​ថែរក្សា​សន្តិភាព​របស់​ប្រទេស​បារាំង ដែល​បំពេញបេសកកម្ម​នៅ​កម្ពុជា​កាលពី ៣០ ឆ្នាំមុន ក្នុង​សម័យកាល UNTAC និង​បាន​រំលេច​ថា ការណ៍​នេះ​ក៏​អាចជា​សក្ខីភាព​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​រវាង​បារាំង និង​កម្ពុជា នៅក្នុង​វិស័យ​សន្តិសុខ និង​ការពារជាតិ​។ ហើយ​មកទល់​សព្វថ្ងៃនេះ កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​នេះ ក៏​នៅ​បន្ត​អនុវត្ត​រួមគ្នា​ចាប់​ជាប្រចាំ តាមរយៈ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ការឧបត្ថម្ភ​គាំទ្រ​ដល់​ការពង្រឹង​សមត្ថភាពរ​បស់​កងទ័ព​កម្ពុជា​លើ​ការងារ​ថែរក្សា​សន្តិភាព​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​។

ក្រៅពីនេះ ការពិភាក្សា​ក៏បាន​ផ្តោត​ផងដែរ លើ​ស្ថានភាព​វិវត្តន៍​ថ្មីៗ​នៃ​បញ្ហា​សាកល និង​តំបន់​មួយចំនួន ដោយបាន​កត់សម្គាល់​អំពី​សារៈសំខាន់​នៃ​ការកសាង​ទំនុកចិត្ត​ទៅវិញទៅមក ព្រមជាមួយ​នឹង​សុ​ឆន្ទៈ​នៃ​ការពង្រឹង​កិច្ច​សហប្រតិបត្តិ​ទ្វេភាគី និង​ពហុភាគី ដើម្បី​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​ដែល​កើតមាន និង​ការថែរក្សា​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅក្នុង​តំបន់​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម