Connect with us

ព័ត៌មានជាតិ

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងទៅប្រទេសបារាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ

បានផុស

នៅ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON) នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅទីក្រុងលីយ៉ុង ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសបារាំង ត្រូវបានក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បញ្ជាក់ឱ្យដឹងថា នឹងធ្វើឡើងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងលីយ៉ុង និងរដ្ឋធានីប៉ារីស។

អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស រួមជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។

តាមក្រសួងការបរទេសកម្ពុជា ក្នុងអំឡុងពេលស្នាក់នៅប្រទេសបារាំង សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបទ្វេភាគីជាមួយឥស្សរជនជាន់ខ្ពស់បារាំង និងថ្នាក់ដឹកនាំប្រទេសផ្សេងទៀតមួយចំនួន ដើម្បីផ្លាស់ប្តូរយោបល់គ្នាលើការពង្រឹងនូវទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា។

គួរឱ្យដឹងថា កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ដែលជាកិច្ចប្រជុំកំពូលលើកទី៩នៃកិច្ចប្រជុំកំពូលស្តីពីភពផែនដីតែមួយ គឺជាព្រឹត្តិការណ៍សំខាន់មួយរបស់ប្រទេសបារាំង ក្នុងនាមជាប្រធានក្រុមប្រទេស G7 នៅឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលនេះ ក៏ជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបជុំប្រមុខរដ្ឋ/រដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល អ្នកវិទ្យាសាស្ត្រ និងធនាគារអភិវឌ្ឍន៍ពហុភាគីនានា ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម