Connect with us

ព័ត៌មានជាតិ

សភាកម្ពុជា និងបារាំង បញ្ជាក់ពីការបន្តរឹតចំណងមិត្តភាពឱ្យកាន់ស៊ីជម្រៅ

បានផុស

នៅ

ស្ថាប័នសភារបស់កម្ពុជា និងបារាំង បានបញ្ជាក់ពីការបន្តរឹតចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀតរវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងចង្កោមប្រទេសដែលនិយាយភាសាបារាំង ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអង្គការហ្រ្វង់កូហ្វូនី ក្នុងឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា ប្រធានក្រុមមិត្តភាពកម្ពុជា-បារាំង និងជាប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង APF និងលោក តូម៉ាស់ ឡាំ (Thomas LAM) តំណាងរាស្ត្ររដ្ឋសភាបារាំង និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា។

ជំនួបដែលធ្វើឡើងនៅព្រឹទ្ធសភា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ភាគីទាំងពីរ បានលើកឡើងពីស្មារតីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភានិយាយភាសាបារាំង។ លោក អ៊ុច បូររិទ្ធ បានលើកឡើងអំពីការត្រៀមលក្ខណៈរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអង្គការហ្រ្វង់កូហ្វូនី លើកទី២០ នាខែវិច្ឆិកា ខាងមុខនេះ និងនិយាយដោយឡែក ក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ លោក អ៊ុច បូររិទ្ធ បានបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជា នឹងទទួលរៀបចំសិក្ខាសាលា និងកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង APF ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

លោក តូម៉ាស់ ឡាំ (Thomas LAM) បានថ្លែងអំណរគុណចំពោះលោកអនុប្រធានទី១ព្រឹទ្ធសភា ដែលបានចំណាយពេលសម្រាប់កម្មវិធីជំនួបនេះ ត្បិតរយៈពេលខ្លីក៏ពិតមែន ក៏ប៉ុន្តែលោក ថា បានផ្ដល់នូវសារៈសំខាន់សម្រាប់កិច្ចខិតខំបន្តពង្រឹងពង្រីកនូវចំណងមិត្តភាពរវាងប្រទេសសភាបារាំង និងព្រឹទ្ធសភាកម្ពុជា ក៏ដូចជារវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សមាជិកសភាបារាំង បានឯកភាពឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរជាទៀងទាត់ ដែលលោកពណ៌នាថា ជាឱកាសដ៏មានសារៈសំខាន់ក្នុងការផ្លាស់ប្តូរមតិយោបល់ជុំវិញនឹងបញ្ហាក្នុងតំបន់ និងពិភពលោក ដែលជាក្តីកង្វល់ និងជាផលប្រយោជន៍របស់ប្រទេសទាំងពីរ។

សម្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ដែលនឹងរៀបចំឡើងនៅកម្ពុជានាពេលខាងមុខ លោក តូម៉ាស់ ឡាំ បានបញ្ជាក់ថា សភា និងរដ្ឋាភិបាលបារាំង នឹងចូលរួមពិភាក្សា និងលើកឡើងនូវការផ្តួចផ្តើមគំនិតជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ និងលើកកម្ពស់សន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។

ក្រៅពីជជែកអំពីទំនាក់ទំនងទ្វេភាគី លោកអនុប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានឆ្លៀតលើកឡើងអំពីសភាពការណ៍ជុំវិញការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជាផងដែរ។ លោក អ៊ុច​ បូររិទ្ធ បានអះអាងចំពោះមុខលោកសមាជិកសភាបារាំងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក និងសុឆន្ទៈរបស់កម្ពុជាក្នុងការដោះស្រាយរាល់វិវាទ ដោយសន្តិវិធី ដោយផ្អែកលើឯកសារគតិយុត្ត ដែលទទួលស្គាល់ដោយទ្វេភាគី និងជាអន្តរជាតិ។

លោក អ៊ុច បូររិទ្ធ បានអរគុណចំពោះក្រុមមិត្តភាពសភាបារាំង-កម្ពុជា និងរដ្ឋាភិបាលបារាំង ដែលបានផ្តល់ការគាំទ្រដល់រាល់ការខិតខំប្រិងប្រែងរបស់កម្ពុជាដោយផ្អែកលើច្បាប់ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដើម្បីឈានទៅដល់ដំណោះស្រាយមួយប្រកបដោយចីរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម