Connect with us

ព័ត៌មានជាតិ

ក្រោយបម្រើរាស្ត្រអស់៤០ឆ្នាំ មេឃុំព្រះដាក់ វ័យ៩០ឆ្នាំ ស្ម័គ្រចិត្តចូលនិវត្តន៍ ទុកឲ្យក្មេងជំនាន់ក្រោយបន្តវេន

បានផុស

នៅ

លោក តូច ឈន់ បានធ្វើជាមេឃុំបម្រើប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាបអស់រយៈពេលប្រមាណ៤០ឆ្នាំមកហើយគិតមកដល់ពេលនេះ។ សម្រាប់អាណត្តិថ្មីនេះ លោកបានសម្រេចចូលនិវត្តន៍ ដោយសារចូលដល់វ័យ៩០ឆ្នាំ ហើយទុកឱកាសឲ្យក្មេងៗជំនាន់ក្រោយដែលមានសមត្ថភាពឡើងកាន់តំណែងជាមេឃុំព្រះដាក់នេះ បន្តពីគាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃចន្ទ បានសម្តែងការអរគុណ និងស្ងប់សរសើរចំពោះការលះបង់របស់លោក តូច ឈន់ ក្នុងការបម្រើប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់នេះ។ លោក ឃឹម ហ្វីណង់ បានធ្វើការជាមួយលោក តូច ឈន់ អស់រយៈពេល៣ឆ្នាំ។ លោកថា លោក តូច ឈន់ គឺជាចាស់ទុំនៅក្នុងឃុំដែលមានបទពិសោធច្រើន និងមានប្រជាប្រិយភាពទូលំទូលាយ ជាអ្នកដឹកនាំដែលហ៊ានសម្រេចចិត្ត ហ៊ានទទួលខុសត្រូវ និងហ៊ានអារកាត់ ដើម្បីផលប្រយោជន៍រួម ហើយក៏ជាបុគ្គលដែលមានភាពប្រាកដប្រជានៃអត្តចរិត និងអត្តសញ្ញាណរបស់ខ្លួនផងដែរ។

សម្រាប់លោក ឃឹម ហ្វីណង់ នៅក្នុងរឿងការងារ អតីតមេឃុំរូបនេះ ចូលចិត្តនិយាយត្រង់ទៅត្រង់មក មាត់អាក្រក់បន្តិចតែចេតនាល្អ និងតែងតែសំឡឹងមើលបានគ្រប់ជ្រុងជ្រោយក្នុងពេលដោះស្រាយបញ្ហា តែនោះក៏ប្រហែលជាមកពីគាត់ ធ្លាប់បានឆ្លងកាត់ច្រើន មិនចូលចិត្តធ្វើរឿងអ្វីដែលមិនសូវមានប្រយោជន៍ និងមើលមិនឃើញពីភាពចាំបាច់ដែលត្រូវក្បាច់ក្បូរវែងឆ្ងាយហួសហេតុពេកនោះទេ។

លោក ឃឹម ហ្វីណង់ បានលើកឡើងថា៖«អរគុណអ៊ំសម្រាប់៤០ឆ្នាំនៃការលះបង់ ការបម្រើដោយឥតលក្ខខណ្ឌ និងក្តីស្រលាញ់ដែលអ៊ំមានសម្រាប់ឃុំដ៏ស្រស់ស្អាតមួយនេះ រហូតដល់ថ្ងៃចុងក្រោយនៃអាណត្តិចូលនិវត្តន៍របស់អ៊ំក្នុងវ័យ៩០ឆ្នាំ។ ខ្ញុំ និងអ្នកព្រះដាក់នឹងនៅនឹករលឹកដល់អ៊ំ និងចងចាំនូវរាល់ទង្វើល្អដែលអ៊ំបានធ្វើសម្រាប់ឃុំព្រះដាក់របស់យើងមួយនេះ។ ជូនពរអ៊ំឱ្យមានសុខភាពល្អ និងទទួលបានសុភមង្គលបន្ថែមទៀត ពីពេលវេលាទំនេរថ្មីដែលអ៊ំទើបតែទទួលបាននៅក្នុងពេលនេះ!»។

លោក តូច ឈន់ បានឈាឈប់ដោយមិនបន្តឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងអាណត្តិទី៥នេះ។ នេះ គឺជាដោយសារតែរូបលោកមានវ័យកាន់តែច្រើន មិនមានកម្លាំងកាយដូចមុន ដើម្បីបម្រើប្រជាពលរដ្ឋទៀតឡើយ។ មេឃុំថ្មីរបស់ឃុំព្រះដាក់ ស្រុកបន្ទាយស្រី គឺលោក ភិន ថោង ដែលមានបទពិសោធ និងធ្លាប់ធ្វើការងារជាច្រើនឆ្នាំជាមួយនឹងមេឃុំចាស់លោក តូច ឈន់៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម