នយោបាយ
មន្ត្រីជាន់ខ្ពស់ គ.ជ.ប គូសបញ្ជាក់ជាថ្មីថា ការប្ដឹងលោក សុន ឆ័យ គឺដើម្បីឲ្យភាគីពាក់ព័ន្ធកាន់តែមានទំនុកចិត្តលើ គ.ជ.ប
អ្នកនាំពាក្យ គ.ជ.ប បានគូសបញ្ជាក់ជាថ្មីថា ការប្ដឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពីបទ «បរិហាកេរ្តិ៍ជាសាធារណៈ» គឺដើម្បីឲ្យភាគីពាក់ព័ន្ធកាន់តែមានទំនុកចិត្តលើ គ.ជ.ប ថា ជាស្ថាប័នដែលរៀបចំការបោះឆ្នោត ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។ ម្យ៉ាងទៀត ករណីរបស់លោក សុន ឆ័យ គឺជាករណីបទល្មើសព្រហ្មទណ្ឌ មិនអាចដោះស្រាយតាមយន្ដការបោះឆ្នោត បានឡើយ។

ការគូសបញ្ជាក់ជាថ្មីនេះ បន្ទាប់ពីគណបក្សនយោបាយចំនួន ៤ រួមមាន៖ គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានរៀបចំសន្និសីទសារព័ត៌មានមួយ នៅព្រឹកថ្ងៃទី ២ ខែកញ្ញានេះ។ នៅក្នុងសន្និសីទសារព័ត៌មាននេះ មានការលើកឡើងថា គ.ជ.ប ដែលជាអាជ្ញាកណ្ដាល មិនគួរប្ដឹងអ្នកនយោបាយ ចូលរួមការប្រកួតប្រជែងការបោះឆ្នោតឡើយ ជាពិសេសគឺការប្ដឹងលោក សុន ឆ័យ តែម្ដង។
ឆ្លើយតបនឹងការលើកឡើងនេះ លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២ ខែកញ្ញានេះថា ករណីរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន គឺជាករណីបទល្មើសព្រហ្មទណ្ឌ មិនមែនជាករណីបោះឆ្នោតនោះឡើយ ហើយថា គ.ជ.ប ក៏បានបញ្ជាក់ប្រាប់ទៅតំណាងគណបក្សនយោបាយចំនួន ៤ ដែលបានជួបកាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២រួចហើយដែរ។

លោក សោម សូរីដា បានលើកឡើងថា ប្រសិនបើករណីលោក សុន ឆ័យ ពាក់ព័ន្ធនឹងបញ្ហាបោះឆ្នោតនោះ គឺអាចដោះស្រាយតាមយន្ដការបោះឆ្នោត។ ប៉ុន្តែករណីដែល គ.ជ.ប ប្ដឹងលោក សុន ឆ័យ កាលពីពេលកន្លងទៅនេះ គឺជាបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ។
អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា «ចឹងទេ ការស្នើឡើងថា គ.ជ.ប មិនគួរជាស្ថាប័នអាជ្ញាកណ្ដាល ហើយប្ដឹងទៅលោក សុន ឆ័យ គឺបើសិនជាប្ដឹងលោក សុន ឆ័យ ជាបណ្ដឹងបោះឆ្នោត គឺយើងដោះស្រាយតាមយន្ដការបោះឆ្នោត ប៉ុន្តែដោយខ្ញុំបានបញ្ជាក់ខាងដើមចឹង ការជេរប្រមាថរបស់លោក សុន ឆ័យ គឺជាទោសព្រហ្មទណ្ឌ ទោសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ គឺបទបរិហាកេរ្ដិ៍»។
អគ្គលេខាធិការរងរូបនេះ បានលើកឡើងទៀតថា ប្រសិនបើ គ.ជ.ប មិនប្ដឹងលោក សុន ឆ័យ ហើយនៅស្ងៀមទទួលយកការប្រមាថថា ស្ថាប័នមួយនេះ ជាស្ថាប័នលួចបន្លំសន្លឹកឆ្នោត នោះមានន័យថា គ.ជ.ប ទទួលយកថា ខ្លួនឯងពិតជាលួចបន្លំសន្លឹកដូចលោក សុន ឆ័យ ថាមែន។ ដូច្នេះហើយ ដើម្បីមុខមាត់របស់ គ.ជ.ប ហើយដើម្បីឲ្យភាគីពាក់ព័ន្ធ ដែលចូលរួមការបោះឆ្នោត កាន់តែទុកចិត្តលើស្ថាប័នមួយនេះថា ជាស្ថាប័នដែលរៀបចំការបោះឆ្នោត ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ចឹងត្រូវបង្ហាញឲ្យសាធារណជនដឹង តាមរយៈការប្រើយន្ដការតុលាការ ដើម្បីដោះស្រាយ។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» តាមបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
យោងតាមដីកាបញ្ជូនសំណុំរឿង ទៅជំនុះជម្រះផ្ទាល់របស់លោក ប្លង់ សុផល តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផ្សព្វផ្សាយកាលពីល្ងាចថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២២កន្លងទៅនេះ បានសម្រេចថា ចោទប្រកាន់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពីបទ «បរិហាកេរ្ដិ៍ជាសាធារណៈ» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២២ តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនជនជាប់ចោទដូចមានឈ្មោះខាងលើ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២៩០៧ ចុះថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២ និងវត្ថុតាង ព្រមទាំងបញ្ជីរាយនាមជនដែលទាក់ទិនក្នុងសំណុំរឿងនេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំនុះជម្រះតាមច្បាប់។
គួររំលឹកថា លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងលោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ជាតំណាងឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២កន្លងទៅនេះ បានដាក់ពាក្យប្តឹងលោក សុន ឆ័យ ពីបទ «បរិហាកេរ្តិ៍ជាសាធារណៈ» និងបានស្នើឲ្យផ្ដន្ទាទោសលោក សុន ឆ័យ តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងឲ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោស គ.ជ.ប ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


