ព័ត៌មានជាតិ
ថ្មអណ្តែត ជាទីស័ក្ដិសិទ្ធិរបស់ពលរដ្ឋឃុំអណ្តូងទឹក តែអ្នកដឹងស្គាល់តិចតួច
ថ្មអណ្តែត ដែលស្ថិតនៅតាមដងព្រែកអណ្តូងទឹក ស្រុកបូទុមសាគរ ត្រូវបានគេចាត់ទុកថា ទីកន្លែងដ៏ស័ក្តិសិទ្ធិមួយសម្រាប់ការបន់ស្រន់របស់អ្នកឃុំអណ្តូងទឹក ដែលកម្រមានអ្នកស្គាល់ និងទៅដល់។
មុននឹងទៅដល់ថ្មអណ្តែត ត្រូវធ្វើដំណើរតាមទូកដោយផ្លូវទឹកហាក់បីដូចជាបត់បែនបន្តិចរយៈពេលកន្លះម៉ោង លុះទើបបានទៅដល់ថ្មអណ្តែត ហើយដោយមានអាស្រមលោកតាឥសីគង់លើថ្មនាកណ្តាលដងស្ទឹងទឹកថ្លាឈ្វេង។ ផ្លូវគោកក៏មានដែរ ប៉ុន្តែពិបាកធ្វើដំណើរចំណាយពេលវេលាយូរជាងផ្លូវទឹក។

អ្នកស្រី ហ៊ិន យ៉ាំ និងលោកយាយ ហាស តែម ជាពលរដ្ឋរស់នៅភូមិព្រែកតានង ក្បែរទីតាំងជំនឿលើថ្មអណ្តែត បានរៀបរាប់កាលពី១៤ ខែតុលា កន្លងទៅថា ពេលពួកគាត់ដឹងក្តី និងរស់នៅក្នុងភូមិ ភាពល្បីល្បាញជំនឿលើបារមីថ្មអណ្តែតកើតមានតាំងពីជំនាន់ជីតា ជីដូន របស់ពួកគាត់មកម្ល៉េះ។
ពលរដ្ឋវ័យចំណាស់ទាំង២រូបនេះបន្ថែមទៀតថា ថ្មអណ្តែតជាទីកន្លែងគោរពបូជាសក្ការៈយ៉ាងស័ក្តិសិទ្ធិខ្លាំងពូកែរបស់អ្នកស្រុកអ្នកភូមិ ដោយគេចាំបានថា ជំនាន់សម័យអណានិគមនិយមបារាំងមិនអាចធ្វើឆ្លងដងព្រែក ពិសេសថ្មអណ្តែតនេះបាននោះទេ ព្រោះតែឥទ្ធិពលបារមីថ្មអណ្តែតឃុំគ្រងការពារដែនដីគ្រាមានសង្រ្គាម។

បើតាមពលរដ្ឋម្ចាស់ស្រុកបញ្ជាក់ទៀតថា ហេតុអីបានជាគេហៅថ្មអណ្តែត ដោយសារដុំថ្មមួយដុំអណ្តែតមិនហូររសាត់ទៅណានោះទេ ខណៈសំគាំងខ្លួននៅលើផ្ទៃទឹក រីឯខាងក្រោមជាអន្លង់ទឹកដ៏ជ្រៅរាប់ម៉ែត្រ។ ជាជំនឿរបស់ពលរដ្ឋអាចបែបន់អ្វីតែងសម្រេចក្តីប្រាថ្នា ប្រសិនយើងមានចិត្តបរិសុទ្ធគោរពទៅតាមពាក្យសម្តីសច្ចារចំពោះបារមីថ្មអណ្តែត។
ជាទម្លាប់របស់អ្នកភូមិព្រែកតានង រាល់ពេលថ្ងៃសិល៍ ពួកគាត់តែនាំកូនចៅទៅសែនព្រេងបែរបន់សុំសេចក្តីសុខសប្បាយតបតាមអ្វីដែលជីវភាពគ្រួសារនីមួយៗមានក្នុងនាមជាអ្នករស់នៅតំបន់ដាច់ស្រយាល គ្រាពួកគាត់មិនសូវមានពេលបានឡើងមកវត្តអារាមនៅទីរួមស្រុកបូទុមសាគរ។ ប្រសិនបើមាននរណាម្នាក់ប្រមាថម៉ាក់ងាយបារមីថ្មអណ្តែតនេះ នឹងធ្វើគ្រោះថ្នាក់តាមរូបភាពផ្សេងៗគ្នា។

យោងតាមសៀវភៅប្រវត្តិ និងតំបន់សក្កានុពលទេសចរណ៍ខេត្តកោះកុង ដែលចងក្រងឡើងដោយមន្ទីរទេសចរណ៍ខេត្ត បង្ហាញថា ថ្មអណ្តែត ជាកន្លែងទីសក្ការៈបូជាមួយសម្រាប់អ្នកដំណើរគ្រប់រូបតាមផ្លូវទឹកពីឃុំអណ្តូងទឹក ទៅឃុំជីផាត ស្រុកថ្មបាំង ដែលមានទឹកស្ទឹងបារមីអ្នកថែរក្សា។ បើគ្មានអ្នកណាម្នាក់សែនអាហារដល់ព្រលឹងនោះទេ អ្នកថែរក្សាថ្មអណ្តែត នឹងខឹងសម្បារហើយការធ្វើដំណើរនោះនឹងគ្មានសេចក្តីសុខឡើយ។

លោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក៏ទទួលស្គាល់ពីជំនឿថ្មអណ្តែត ដែលមរតករបស់ខ្មែរបុរេប្រវត្តិព្រឹក្សាព្រៃបារមីបង់បថ។ ដោយលោកមានបំណងពង្រីកការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ ព្រមទាំងអ្នកទេសចរដែលមិនទាន់ដឹង ឬស្គាល់អាចអញ្ជើញចូលរួមគោរពបូជាធ្វើបុណ្យទានតាមជំនឿរៀងៗខ្លួន។

លោកអភិបាលស្រុកបូទុមសាគរ លាន់មាត់ដែរពីបារមីលោកឥសីថ្មអណ្តែត ដោយឃើញថា សូម្បីតែពលរដ្ឋធ្វើដំណើរតាមទូកដែលឆ្លងកាត់ ឬរកផលនេសាទក្បែរតំបន់ថ្មអណ្តែតក៏ពួកគាត់ដោះមួក និងលើកដៃប្រណមសុំសេចក្តីសុខចំពោះការធ្វើដំណើរ។ ដូច្នេះលោកគ្រោងរៀបចំជាសហគមន៍ទូកដឹកជញ្ចូនភ្ញៀវទេសចរទៅកាន់ទីនោះ ដើម្បីបង្កើនភាពទាក់ទាញ និងផ្តល់ឱកាសការងាររកចំណូលជូនប្រជាពលរដ្ឋមូលដ្ឋានលើវិស័យសេវាទេសចរណ៍ផងដែរ ខណៈស្រុកបុទុមសាគរ និងខេត្តកោះកុង មានសក្កានុពលផ្នែកអេកូទេសចរធម្មជាតិ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


