ព័ត៌មានជាតិ
ប្រទះឃើញសត្វផ្សោតឈ្មោលអាយុចន្លោះពី ១៥-២០ ឆ្នាំ ងាប់នៅដងទន្លេមេគង្គ ព្រំប្រទល់ខេត្តក្រចេះ ស្ទឹងត្រែង
សត្វផ្សោតឈ្មោលមួយក្បាល ទម្ងន់រហូតដល់ ១៦២ គីឡូក្រាម ដែលមានអាយុចន្លោះពី ១៥ ឆ្នាំ ទៅ ២០ ឆ្នាំ ត្រូវបានគេប្រទះឃើញងាប់នៅតាមដងទន្លេមេគង្គ ជាប់ព្រំប្រទល់ខេត្តក្រចេះ ស្ទឹងត្រែង។

រដ្ឋបាលជលផល និងអង្គការ WWF មានការសោកស្ដាយចំពោះការបាត់បង់សត្វផ្សោតទឹកសាបមួយក្បាលថ្មីទៀតពីក្នុងហ្វូងសត្វផ្សោតទន្លេមេគង្គ។ សាកសពសត្វផ្សោតនេះ ត្រូវបានប្រទះឃើញអណ្ដែតទឹកតាមទន្លេមេគង្គ ក្បែរអន្លង់កោះដំបង ត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង កាលពីដើមសប្ដាហ៍ទី ៣ ក្នុងខែធ្នូនេះ។

សាកសពសត្វផ្សោត ត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ដោយក្រុមជំនាញស្រាវជ្រាវរបស់រដ្ឋបាលជលផល-WWF បានសន្និដ្ឋានជាបឋមថា សត្វផ្សោតស្លាប់ដោយសារការជាប់នឹងមងនេសាទ ដោយក្រុមជំនាញស្រាវជ្រាវបានរកឃើញស្លាកស្នាម នៃសរសៃមងនៅលើផ្ទៃកន្ទុយ ដងខ្លួន និងស្នាមរលាត់លើផ្នែក ក របស់វា។

ការស្លាប់សត្វផ្សោតមួយក្បាលថ្មីនេះបានបង្កើនតួលេខសត្វផ្សោតស្លាប់សរុប ក្នុងឆ្នាំ ២០២២ នេះ ដល់ចំនួន ៩ ក្បាល។ រយៈពេល ៣ ឆ្នាំ ចុងក្រោយនេះ សត្វផ្សោតដែលបានស្លាប់មានសរុបចំនួន ២៧ ក្បាល ចន្លោះពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ (គិតត្រឹមថ្ងៃទី ១៨ ខែធ្នូ)។

លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានមានប្រសាសន៍ថា «ព័ត៌មានអំពីការរកឃើញសត្វផ្សោតស្លាប់នីមួយៗពិតជាធ្វើឲ្យមានភាពសោកសង្រេងខ្លាំងណាស់ ហើយយើងសោកស្ដាយខ្លាំងបំផុត គឺនៅពេលសត្វផ្សោតពេញវ័យដែលមានសុខភាពល្អដូចសត្វផ្សោតមួយក្បាលនាពេលនេះ បានបាត់បង់ជីវិត ព្រោះវាប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធភាព នៃការបន្តពូជរបស់សត្វផ្សោតទន្លេមេគង្គដែលមានចំនួនសេសសល់តិចតួចស្រាប់»។

សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុត។ នៅក្នុងឆ្នាំ ២០២០ ការសិក្សាស្ថានភាពចំនួនសត្វផ្សោតដោយរដ្ឋបាលជលផល និងអង្គការ WWF បានប៉ាន់ប្រមាណថា មានសត្វផ្សោតចំនួនត្រឹម ៨៩ ក្បាលប៉ុណ្ណោះ កំពុងរស់នៅក្នុងទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា៕
អត្ថបទ ៖ ងិន លីម
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


