ព័ត៌មានជាតិ
ត្រីរាជ ពីរក្បាលមានទម្ងន់ប្រហែល៤៥ ទៅ៥០គីឡូក្រាម ត្រូវបានលែងចូលក្នុងបឹងទន្លេសាប និងទន្លេមេគង្គ
ត្រីរាជ ដែលកំពុងរងគ្រោះជិតផុតពូជ រួមជាមួយត្រីជិតផុតពូជ និងត្រីសំខាន់ៗ ចំពោះអេកូឡូស៊ី រាប់ពាន់ក្បាលផ្សេងទៀត បានលែងចូលទៅក្នុងធម្មជាតិវិញ នៅព្រឹកថ្ងៃទី១៣ ខែមករា នេះ នៅចំណុចប្រសព្វទន្លេមេគង្គ និងទន្លេសាប ក្រោមវត្តមានឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

អ្នកស្រី ចេង មួយឆេង ជាកសិករចិញ្ចឹមត្រីរាជដែលបានយកទៅលែងបានប្រាប់ថា ត្រីរាជពីរក្បាលនេះមានទម្ងន់ប្រហែល៤៥ ទៅ ៥០គីឡូក្រាម និងមានប្រវែងជាង១.៦ម៉ែត្រ។
ក្នុងចំណោមត្រីដែលត្រូវលែងរួមមាន ត្រីគល់រាំង ដែលជាប្រភេទត្រីរងគ្រោះជិតផុតពូជ និងត្រូវបានគេស្គាល់ថា ជាមច្ឆានិម្មិតរូបនៃព្រះរាជាណាចក្រកម្ពុជា និងត្រីប្រាធំ ជាត្រីធ្វើចរាចរផ្លាស់ទីឆ្ងាយបំផុតមួយ ហើយក៏ជាអាហារសំខាន់ក្នុងតំបន់ ប៉ុន្តែចំនួនរបស់ពួកវាមានការថយចុះយ៉ាងខ្លាំង និងបច្ចុប្បន្ននេះត្រូវគេចាត់ទុកថា ជាប្រភេទត្រីរងគ្រោះជិតផុតពូជ។
ឯកឧត្តម ហាស់ សារ៉េត បានលើកឡើងថា «យើងសូមលើកទឹកចិត្តដល់គោលនយោបាយដែលអាចឱ្យធនធានដ៏សំខាន់នេះ រីកលូតលាស់នៅក្នុងធម្មជាតិ»។

ត្រីរាជ ជាត្រីទឹកសាបដ៏ធំបំផុតរបស់ពិភពលោក។ វាអាចលូតលាស់ដល់ទំហំអតិបរមាប្រវែង ៣ម៉ែត្រ និងមានទម្ងន់ ៣០០គីឡូក្រាម ហើយប្រភេទនេះត្រូវបានរកឃើញតែនៅក្នុងទន្លេមេគង្គប៉ុណ្ណោះ។ នៅក្នុងប្រទេសកម្ពុជាឯណេះវិញ គេនៅតែចាប់បានត្រីរាជចំនួនតិចតួច ដោយដាយត្រីនៅតាមដងទន្លេសាប ក៏ដូចជាពីទន្លេមេគង្គកម្ពុជាផងដែរ។

ទន្លេធំៗដែលហូរដោយគ្មានរនាំងរបស់កម្ពុជា ជាមួយនឹងតំបន់ទំនាបលិចទឹកទាំងមូលជា «ជីពចរ» ដែលទ្រទ្រង់ជីវិត គឺរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាបាននូវជីវៈចម្រុះ និងផលនេសាទដ៏ច្រើនសន្ធឹកសន្ធាប់របស់អាងទន្លេ។ ការអភិរក្សត្រីរាជ ដែលជាប្រភេទត្រីសំខាន់នៃតំបន់មេគង្គ នឹងជួយការពារជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ ដែលពឹងផ្អែកលើផលនេសាទ ប្រកបដោយផលិតភាពល្អនៅក្នុងអាងទន្លេ។

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលគាំទ្រមូលនិធិដោយ USAID ធ្វើការជាមួយរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ដៃគូ ក្នុងគោលបំណងបង្កើនចំណេះដឹង អំពីសារៈសំខាន់នៃទន្លេមេគង្គ និងលើកទឹកចិត្តដល់ការប្រើប្រាស់ធនធានជលផលរបស់កម្ពុជាប្រកបដោយនិរន្តរភាព៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៤ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៧ ថ្ងៃ agoខ្លាំងដូចការប្ដេជ្ញាមែន! ក្រុមបាល់ទះបឋមសិក្សាខេត្តព្រៃវែង ឈ្នះមេដាយមាស និងបិទដៃគូឲ្យបានតែជាង ១០ពិន្ទុប៉ុណ្ណោះ


