Connect with us

សន្តិសុខសង្គម

កម្ពុជា ឃាត់ខ្លួនជនជាតិថៃម្នាក់ ក្រោយចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ និងពុងសម្របសម្រួលលើគោលការណ៍មនុស្សធម៌បញ្ជូនទៅវិញ

បានផុស

នៅ

កម្ពុជា និងថៃ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នេះ បាននិងកំពុងបន្តសម្របសម្រួលតាមយន្តការទំនាក់ទំនងព្រំដែនកម្ពុជា ថៃ ឈរលើគោលការណ៍មនុស្សធម៌ ដើម្បីពិនិត្យលទ្ធភាពបញ្ជូនបុរសជនជាតិថៃម្នាក់អាយុ ៥៨ឆ្នាំ ឲ្យត្រឡប់ទៅប្រទេសថៃវិញ បន្ទាប់ពីបុរសរូបនេះបានចូលមកជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។

ការឃាត់ខ្លួននេះ ធ្វើឡើងស្របតាមច្បាប់ និងវិធានការការពារសន្តិសុខ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ អាជ្ញាធរកម្ពុជាបានបញ្ជាក់ថា រាល់ការចូលមកដែនអធិបតេយ្យរបស់កម្ពុជាដោយគ្មានការអនុញ្ញាត ត្រូវតែអនុវត្តវិធានការតាមច្បាប់យ៉ាងម៉ឺងម៉ាត់។

ក្រោយកើតហេតុ យោធាភូមិភាគទី២ របស់ថៃ បានទំនាក់ទំនងមកយោធភូមិភាគទី៤ របស់កម្ពុជា ដើម្បីស្នើសុំកិច្ចសហការពាក់ព័ន្ធនឹងបុរសរូបនេះ។ ភាគីកម្ពុជាបានទទួលយកសំណើសុំការសម្របសម្រួលនេះដោយសុច្ឆន្ទៈ និងកំពុងពិនិត្យតាមនីតិវិធី ព្រមទាំងយន្តការដែលមានរវាងប្រទេសទាំងពីរ។ ប្រភពពីអាជ្ញាធរកម្ពុជាបានឱ្យដឹងថា បុរសជនជាតិថៃរូបនេះកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ចកម្ពុជា ដោយមានសុវត្ថិភាព និងទទួលបានការយកចិត្តទុកដាក់។

កម្ពុជាបញ្ជាក់ជាថ្មីថា ការការពារអធិបតេយ្យភាព និងសន្តិសុខជាតិ គឺជាកាតព្វកិច្ចមិនអាចបន្ធូរបន្ថយបានឡើយ។ ទន្ទឹមនឹងនេះ កម្ពុជាក៏នៅតែប្រកាន់ខ្ជាប់នូវស្មារតីសហប្រតិបត្តិការប្រកបដោយសុឆន្ទៈ និងគោរពគោលការណ៍មនុស្សធម៌ក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងដោយសន្តិវិធី និងទំនួលខុសត្រូវ ដោយឈរលើមូលដ្ឋានច្បាប់។

ប្រសិនបើការពិនិត្យតាមនីតិវិធីត្រូវបានបញ្ចប់ និងមិនមានបញ្ហាផ្សេងទៀត ភាគីកម្ពុជានឹងពិចារណាសម្របសម្រួលការបញ្ជូនបុរសជនជាតិថៃរូបនេះត្រឡប់ទៅឱ្យភាគីថៃវិញ នៅពេលវេលាសមស្រប៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម