ព័ត៌មានជាតិ
អ្នកជំនាញណែនាំពីវិធីសាស្ត្រ បញ្ចៀសខ្លួនពីការងគ្រោះដោយសារបទល្មើសបច្ចេកវិទ្យា
ការឆបោកតាមប្រព័ន្ធអនឡាញ នៅតែកើតមានក្នុងប្រទេសកម្ពុជា ហើយជនដែលងាយរងគ្រោះបំផុត គឺអ្នកដែលមិន យល់ច្បាស់ពីការប្រើប្រាស់បច្ចេកវិទ្យា ដោយមិនកំណត់វ័យនិងភេទឡើយ។ ការឆបោកនោះទៀតសោត មានគ្រប់រូបភាព ដែលរួមមានទាំងឆបោកតាមទូរស័ព្ទដៃដោយការទាក់ទងមកប្រាប់ថាត្រូវរង្វាន់ បន្លំអត្តសញ្ញាណ គំរាមកំហែងបង្ហោះរូបអាក្រាត និងការលក់អាសអាភាសកុមារជាដើម ដែលសុទ្ធសឹងតែប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។
នេះបើតាមការឲ្យដឹងពីលោក ភាគ ធារិត អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងលោក ឆាយ ប៊ុនរម្យមានិត នាយការិយាល័យនៃនាយកដ្ឋានប្រឆាំងបទល្មើសសង្គមបច្ចេកវិទ្យា នៃអគ្គការដ្ឋាននគរបាលជាតិ ក្នុងកម្មវិធីកម្មវិធីច្បាប់ និងសណ្តាប់ធ្នាប់ សហការគាំទ្រដោយ កម្ពុជាថ្មី ។
លោកវរសេនីយ៍ទោ ឆាយ ប៊ុនរម្យមានិត នាយការិយាល័យប្រឆាំងបទល្មើសសង្គមបច្ចេកវិទ្យា នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គការដ្ឋាននគរបាលជាតិ បានបន្តថា បច្ចេកវិទ្យា មិនត្រឹមតែផ្តល់ភាពងាយស្រួលខ្លាំង ក្នុងការធ្វើពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងជួយទាញយកផលប្រយោជន៍ជាច្រើនដល់ការធ្វើជំនួញ ដោយធ្វើឲ្យមនុស្សងាយស្រួលក្នុងការទំនាក់ទំនង ការបញ្ជាទិញ និងការទូទាត់ប្រាក់។ ជាមួយគ្នានោះ បច្ចេកវិទ្យា ក៏បានរុញច្រាននូវការអភិវឌ្ឍនសេដ្ឋកិច្ចជាតិ សង្គម និងគ្រប់វិស័យទាំងអស់។
ជុំវិញការលើកឡើងនេះ អ្នកជំនាញរូបនេះ ក៏បានបន្ថែមដែរថា “នៅក្នុងគុណសម្បត្តិ ក៏មានគុណវិបត្តិ ដូច្នេះនៅពេល ដែលវិស័យបច្ចេកវិទ្យាកាន់តែរីកចម្រើនទៅមុខ ក៏មានជនទុច្ចចរិតមួយចំនួន ឆ្លៀតយកឱកាសនេះ កេងប្រវ័ញ្ចផលប្រយោជន៍ពីជនងាយរងគ្រោះផងដែរ”។
បើតាមលោកឧត្តមសេនីយ៍ត្រី ភាគ ធារិត អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កន្លងមកមានការលួចចូលប្រើប្រាស់គណនីហ្វេសប៊ុកនរណាម្នាក់ ដើម្បីបោកបន្លំផ្ញើសារទៅកាន់បុគ្លលណាម្នាក់ ដែលម្ចាស់គណនីស្គាល់ នៅក្នុងរូបភាពជាការផ្ញើសារទៅខ្ចីលុយ ឬវេរលុយឲ្យ។ ក្នុងនោះ លោកបានលើកយកករណីជាក់ស្តែងមួយក្នុងឆ្នាំ២០២០ ជាពេលវេលានៃការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ដែលមានអ្នកក្លែងបន្លំធ្វើជាចែកចាយម៉ាស អាល់កុល និងសម្ភារវេជ្ជសាស្ត្រក្នុងតំលៃទាប ហើយបានទាក់ទាញអាជីវករភាគច្រើនឲ្យបញ្ជាទិញ។ លោកថា ក្រោយពីភាគីជនរងគ្រោះ ប្រគល់ប្រាក់ជូនហើយ ជនឆបោកនោះក៏ផ្តាច់ទំនាក់ទំនងតែម្តង។
ឆ្លៀតក្នុងឱកាសនេះ ដើម្បីការពារខ្លួនកុំឲ្យក្លាយខ្លួនជាជនរងគ្រោះ តាមរយៈការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ លោក ភាគ ធារិត ណែនាំឲ្យអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ គប្បីព្យាយាមយល់ដឹង និងស្វែងយល់ព័ត៌មានពីបច្ចេកវិទ្យាឲ្យបានច្រើន។ លោកបន្ថែមទៀតថា ការរក្សាសុវត្ថិភាពផ្ទាល់ខ្លួននោះទៀតសោត គឺផ្តើមចេញពីកត្តាបុគ្គលជាចម្បង ដោយតម្រូវឲ្យធ្វើរឿងចាំបាច់ទូទៅមួយចំនួនដូចជា៖
១. ប្រើប្រាស់លេខសម្ងាត់ឲ្យបានរឹងមុាំ ដោយមានបញ្ចូលលេខ អក្សរតូច អក្សរធំ និងនិមិត្តសញ្ញា និងឧស្សាហ៍ប្តូរលេខសម្ងាត់។
២. ប្រើប្រាស់ Two Factor Authentication (មុខងារសុវត្តិភាព) ។
៣. ជៀសវាងការប្រើប្រាស់ Wifi សាធារណៈ ព្រោះមានពេលខ្លះ Hacker អាចអនុញ្ញាតឲ្យមនុស្សទូទៅប្រើប្រាស់ Wifi របស់ខ្លួនហ្វ្រី ដើម្បីបន្លំយកទិន្នន័យ។
៤. ជៀសវាងការចុចតំណលីង ដែលមិនមានប្រភពច្បាស់លាស់។
៥. ជៀសវាងការបង្ហាញឯកជនភាពច្រើនពេក នៅលើបណ្តាញសង្គម ពិសេសលេខទូរស័ព្ទដែលមានភ្ជាប់នឹងបណ្ណសំខាន់ៗ ដូចជាធនាគារជាដើម ឬបណ្ណសម្គាល់ខ្លួន។
៦. កុំធ្វើតាមការណែនាំតាម ឬបញ្ជូនឯកសារព័ត៌មានផ្ទាល់ខ្លួនណាមួយ ទៅឲ្យបុគ្គលណាម្នាក់ដែលអះអាងថាខ្លួនជា បុគ្គលិកស្ថាប័នណា ឬអ្នកណាក៏ដោយ។
៧. ការឱ្យជាងជួសជួលទូរសព្ទបង្កើតគណនីហ្វេសប៊ុកឲ្យ ដោយឲ្យពួកគេប្រើប្រាស់លេខសម្ងាត់ដដែលៗពីមួយទៅមួយ៕
អត្ថបទដោយ៖ សុធាវី
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ជប៉ុន នឹងធ្វើរនាំងកម្ពស់២ម៉ែត្រកន្លះបាំងទេសចរមិនឲ្យមើលឃើញទេសភាពភ្នំហ្វូជី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មន្ត្រីជំនាញប្រើថវិកាជាតិលើការជួសជុលច្រាំងស្ពានវត្តគរ រហូតដល់ ៥ លើក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ណាសា រកឃើញសញ្ញាជីវិតលើភពមួយ ខណៈគេសង្ស័យថា ជា Alien