ព័ត៌មានអន្ដរជាតិ
ក្រុមប្រដាប់អាវុធវៀតណាម វាយប្រហារក្នុងខេត្តជាប់កម្ពុជា គឺមានទំនាក់ទំនង ជាមួយពួកភេរវករ នៅអាមេរិក
នាយកដ្ឋានសន្តិសុខមាតុភូមិវៀតណាមនិយាយថា ក្រុមប្រដាប់អាវុធ ដែលវាយប្រហារទីស្នាក់ការរដ្ឋាភិបាលចំនួនពីរក្នុងខេត្ត Dak Lak កាលពីដើមខែនេះ គឺមានទំនាក់ទំនងជាមួយពួកភេរវករដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

ឧត្តមសេនីយ៍ទោ Pham Ngoc Viet ប្រធាននាយកដ្ឋានសន្តិសុខមាតុភូមិនៃក្រសួងសន្តិសុខសាធារណៈ បាននិយាយកាលពីថ្ងៃពុធទី២១ខែមិថុនាថា ជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យ ដែលពាក់ព័ន្ធក្នុងការវាយប្រហារលើការិយាល័យគណៈកម្មាធិការប្រជាជនឃុំ Ea Tieu និង Ea Ktur គឺជាសមាជិកនៃអង្គការភេរវកម្ម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

ជននោះ ត្រូវបានគេណែនាំឲ្យចូលមកប្រទេសវៀតណាម និងរៀបចំផែនការវាយប្រហារ។ នេះបើតាមការបញ្ជាក់របស់លោក Viet ក្នុងសន្និសីទជាន់ខ្ពស់របស់ប្រធានទីភ្នាក់ងារប្រឆាំងភេរវកម្មនៃប្រទេសសមាជិកអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។
លោក Viet និយាយថា ការវាយប្រហារកាលពីថ្ងៃទី១១ខែមិថុនា ដែលបណ្តាលឲ្យមនុស្ស៩នាក់ស្លាប់, ២នាក់របួស និងចាប់៣នាក់ធ្វើជាចំណាប់ខ្មាំង គឺជាអំពើភេរវកម្ម។ លោកបន្តថា វៀតណាម មិនធ្លាប់ជួបប្រទះអំពើភេរវកម្មអន្តរជាតិពីមុនមកទេ ប៉ុន្តែកត្តាហានិភ័យមួយចំនួន បានគំរាមកំហែងដល់សន្តិសុខជាតិនៅទីនេះ។
ទី១ វៀតណាមមានគោលដៅ ដែលអាចទាក់ទាញពួកភេរវករ ដូចជាទីស្នាក់ការការទូតបរទេសជាដើម។
ទី២ មានហានិភ័យទាក់ទងនឹងចលនារបស់កងកម្លាំង IS ដែលអាចចេញពីមជ្ឈិមបូព៌ាចូលមកអាស៊ីអាគ្នេយ៍។
ទី៣ ក្រុមភេរវករ កំពុងប្រើប្រាស់បច្ចេកវិទ្យានិងបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយមនោគមវិជ្ជាជ្រុលនិយមរបស់ពួកគេនៅទូទាំងពិភពលោក ដែលធ្វើឲ្យប្រទេសវៀតណាមងាយរងគ្រោះដោយសារតែអ្នកប្រើប្រាស់អ៊ីនធឺណិតរបស់ប្រទេសនេះ មានកម្រិតខ្ពស់។
ទី៤ ក្រុមអ្នកប្រតិកម្មវៀតណាមនិងក្រុមដទៃទៀតដែលមានមនោគមវិជ្ជាជ្រុលនិយម បានទាញយកផលប្រយោជន៍ពីបញ្ហាជនជាតិភាគតិចនិងសាសនានៅក្នុងប្រទេស ដើម្បីបណ្តុះបណ្តាលប្រជាជនឲ្យប្រព្រឹត្តអំពើភេរវកម្មនៅវៀតណាម។
ស្របពេលជាមួយគ្នានោះ វៀតណាម បានអំពាវនាវឲ្យប្រទេសពាក់ព័ន្ធនិងអង្គការអន្តរជាតិ គាំទ្រនិងសហការជាមួយការស៊ើបអង្កេតរបស់ខ្លួនចំពោះអំពើភេរវកម្ម។ លោកក៏ស្នើឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធ រួមគ្នាទប់ស្កាត់ និងប្រឆាំងអំពើស្រដៀងគ្នានេះទៅថ្ងៃអនាគតផងដែរ។
គិតត្រឹមថ្ងៃពុធទី២១ខែមិថុនា ជនសង្ស័យចំនួន៧៤នាក់ ត្រូវបានវៀតណាមចាប់ខ្លួន ពីបទជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ វៀតណាម ចាប់បានមេខ្លោងម្នាក់ ពាក់ព័ន្ធការវាយប្រហារ នៅខេត្តជាប់ កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


