ព័ត៌មានជាតិ
កម្ពុជា បានបោះជំហានទៅមុខ ក្នុងការអភិវឌ្ឍស្តង់ដារម្ហូបអាហារនៅគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្ម
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្ដេជ្ញាលើកកម្ពស់របបអាហារសុខភាពសម្រាប់ទាំងអស់គ្នា តាមអភិក្រមពហុវិស័យ ដើម្បីធ្វើឱ្យមានរបបអាហារសុខភាព និងអាហារសុវត្ថិភាព ងាយស្រួលអាចរកបាន មានតម្លៃសមរម្យ និងឆ្លើយតបចំពោះបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់។ នេះជាលើកឡើងបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម តាមរយៈសេចក្តីប្រកាសព័ត៌មានរួម កម្ពុជា អបអរការបោះជំហានទៅមុខ ក្នុងការជំរុញអភិវឌ្ឍស្តង់ដារម្ហូបអាហារ នៅគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ម្ហូបអាហារ នៅថ្ងៃទី ១៦ សីហា ឆ្នាំ ២០២៣។

បើតាមលោក ឌិត ទីណា ដើម្បីសម្រេចគោលដៅនេះបាន ត្រូវការកិច្ចសហការចូលរួមពីអ្នកពាក់ព័ន្ធទាំងឡាយ ទើបអាចទទួលបានជោគជ័យក្នុងការអនុវត្តសុវត្ថិភាពចំណីអាហារ។ អ្នកពាក់ព័ន្ធទាំងនោះ រួមមាន វិស័យឯកជន អ្នកប្រើប្រាស់ និងស្ថាបនរាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិជាដើម។
វេជ្ជបណ្ឌិត ណាហ្គីស្សា ខូជេវ៉ា តំណាងស្តីទីអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានលើកឡើងថា ចំពោះសុវត្ថិភាពម្ហូបអាហារចាំបាច់ណាស់ ដើម្បីធានាបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លុះត្រាតែអាហារមានសុវត្ថិភាព ទើបអាចបំពេញតម្រូវការអាហារូបត្ថម្ភបាន និងជួយមនុស្សពេញវ័យរស់នៅប្រកបដោយសុខុមាលភាព និងជីវិតកាន់តែប្រសើរ ព្រមទាំងជួយកុមារលូតលាស់ និងអភិវឌ្ឍរាង្គកាយ ផងដែរ។

ជាមួយគ្នានេះ លោក សុខ ណារិន តំណាងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានឱ្យដឹងដែរថា ឧស្សាហកម្មកែច្នៃម្ហូបអាហាររបស់កម្ពុជា មានសក្តានុពលក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដូច្នេះរដ្ឋាភិបាលបានខិតខំពង្រឹងសុវត្ថិភាព និងស្តង់ដារម្ហូបអាហារ ស្របពេលដែលប្រទេសនេះ កំពុងបោះជំហានចូលទៅក្នុងទីផ្សារពិភពលោក។ បច្ចុប្បន្ន កម្ពុជា កំពុងជួយចងក្រងក្របខណ្ឌច្បាប់ និងប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារជាច្រើន តាមរយៈការកសាងសមត្ថភាព ដើម្បីធានាបាននូវស្តង់ដារម្ហូបអាហារកាន់តែប្រសើរ និងឆ្លើយតបទៅនឹងតម្រូវការសុខភាពសាធារណៈ។

ជាងនេះទៅទៀត តាមរយៈការផ្តល់មូលនិធិរបស់សហភាពអឺរ៉ុប (EU) កម្ពុជា កំពុងអនុវត្តប្រព័ន្ធសុវត្ថិភាពម្ហូបអាហារក្នុងវិស័យជលផល ដោយធ្វើយ៉ាងណាឱ្យមានភាពស៊ីសង្វាក់គ្នាជាមួយលក្ខខ័ណ្ឌតម្រូវនានារបស់សហភាពអឺរ៉ុប ព្រមទាំងអាចយកទៅប្រើក្នុងវិស័យផ្សេងទៀតផង។
ក្នុងនោះលោកស្រី គ្លែ ខូណន នាយិកាកម្មវិធីស្បៀងអាហារពិភពលោក (WFP) មានមតិលើកឡើងថា «យើងជឿការទទួលបានអាហារដែលមានសុវត្ថិភាព និងសារជាតិចិញ្ចឹមគ្រប់គ្រាន់ គឺជាសិទ្ធិមូលដ្ឋានរបស់មនុស្សម្នាក់ៗ។ តាមរយៈការធ្វើការលើសុវត្ថិភាពម្ហូបអាហារក្នុងបរិបទនៃកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ យើងមិនត្រឹមតែផ្តល់អាហារដល់កុមារដែលខ្វះខាតម្ហូបអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាថា ម្ហូបអាហារ ដែលពួកគេបរិភោគមានសុវត្ថិភាព និងប្រកបដោយផាសុខភាពផងដែរ»៕
អត្ថបទ ៖ ផល ធារិត


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


