ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន អបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បានបង្ហាញនូវសេចក្តីសោមនស្សរីករាយជាអតិបរមា និងសូមចូលរួមអបអរសាទរប្រកបដោយមោទនភាពជាតិដ៏ខ្ពង់ខ្ពស់បំផុត ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី ៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេររបស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា ព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រនេះ បានឆ្លុះបញ្ចាំងឲ្យឃើញនូវកំពូលស្នាដៃដ៏មហស្ចារ្យ នៃស្ថាបត្យកម្មខ្មែរ ដែលមានតម្លៃសកលពុំអាចកាត់ថ្លៃបាន និងជាមហាសមិទ្ធផលប្រកបដោយកិត្យានុភាពដ៏ ខ្ពង់ខ្ពស់របស់ប្រជាជាតិខ្មែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមកោតសរសើរចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្រសួងវប្បធម៌ ដែលខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីឲ្យបានប្រាសាទកោះកេរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការ។

សូមរំលឹកដែរថា កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញប្រារព្ធពិធីអុជធូបថ្វាយគ្រឿងសក្ការៈ និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ និងប្រមុខដឹកនាំប្រទេសកម្ពុជា នៅប្រាសាទកោះកេរ ដែលមានទីតាំងស្ថិតនៅភូមិ ស្រយង់ជើង ស្រុកគូលែន ខេត្តព្រះវិហារ។

ប្រាសាទកោះកេរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៤ ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ដែលសិលាចារិកជាភាសាខ្មែរថា “កម្រតែងដ៏រាជា” ជាអាទិទេពធំ ឬផ្តល់សេចក្តីសុខក្នុងពិធីសក្ការៈទេវរាជមនុស្សលោក។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផ្ទៃដីគោកគគីរ សព្វថ្ងៃហៅថា អតីតរាជធានីកោះកេរ្តិ៍ មានទំហំផ្ទៃដី ១៦X១៦ គីឡូម៉ែត្រ។ ប្រាសាទនេះមាន ៧ ជាន់ កម្ពស់ ៣៥ ម៉ែត្រ នៅតំបន់កោះកេរ្តិ៍ ក្នុងផ្ទៃដីចំនួន ៩ គីឡូម៉ែត្រ ៤ ជ្រុង សព្វថ្ងៃនៅប្រាសាទប្រមាណ ១០០ ប្រាសាទ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសម្រាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។
រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍អបអរសាទរជាប្រវត្តិសាស្ត្រ នៃការចុះបញ្ជី “រមណីយដ្ឋានប្រាសាទកោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីម៉ោង ១៦ ល្ងាច នាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ នេះតទៅ៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១១ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


