Connect with us

ព័ត៌មានជាតិ

អាជីវកម្មបែបព្រះពុទ្ធសាសនា នឹងជួយឱ្យការវិនិយោគរីកចម្រើន ជំរុញដល់កំណើនសេដ្ឋកិច្ច

បានផុស

នៅ

ការរកស៊ីបែបព្រះពុទ្ធសាសនា នឹងជួយឱ្យអាជីវកម្មកាន់តែរីកចម្រើន មានភាពសុខដុមរមនានៅក្នុងការធ្វើធុរកិច្ច ការវិនិយោគ និងធ្វើឱ្យមានលំនឹងក្នុងអាជីវកម្ម ដែលជាកត្តាជំរុញឱ្យមានកំណើនសេដ្ឋកិច្ច។ នេះជាការលើក​ឡើងរបស់លោក អៀង សុធារ៉ា ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន ​បានលើកឡើងនៅ​ក្នុងវេទិកាផ្សព្វផ្សាយពីការធ្វើធុរកិច្ច តាម​ទស្សនវិជ្ជាធុរកិច្ចរបស់លោក Kazuo Inamori កាលពីថ្ងៃអាទិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អៀង សុធារ៉ា បានគូសបញ្ជាក់ថា កត្តាដែលនាំឱ្យមុខជំនួញទទួលបានជោគជ័យ រួមមាន ការគិតអំពី​សេចក្តីចម្រើន ពោល​គឺគិតគូរទៅលើការកើនប្រាក់ចំណេញ កើនទ្រព្យ ចម្រើនតួនាទី ឋានៈ និងសេចក្តី​ចម្រើន​ទៅដល់គ្រួសារ សង្គម ​ក៏ដូចជាបរិស្ថាន។ ការកើនប្រយោជន៍ ផ្តល់ប្រយោជន៍ដល់មនុស្ស សត្វ រុក្ខជាតិ និងសេចក្តីសុខ គឺសំដៅទៅលើសេចក្តីសុខផ្លូវកាយ គ្មានជំងឺបៀតបៀន សេចក្តីសុខផ្លូវចិត្ត។

បើតាម លោក អៀង សុធារ៉ា ទស្សនវិជ្ជាធុរកិច្ចរបស់លោក Kazuo Inamori គឺជាទស្សនវិជ្ជា​ដែលឈរ​លើមូលដ្ឋានព្រះពុទ្ធសាសនា ដោយលោកបានយកទ្រឹស្តីមួយផ្នែក របស់ព្រះពុទ្ធសាសនាទៅបំលែង ដើម្បី​អនុវត្តផ្ទាល់ធ្វើឱ្យគាត់ទទួលបានជោគជ័យនៅក្នុងជីវិត និងជោគជ័យមុខជំនួញ​ ដែលតាមរយៈទស្សននេះ អាចធ្វើឱ្យអាជីវកម្ម ដែលជិតក្ស័យធនហើយនោះ បានដំណើររលូនឡើងវិញ និងកាន់រីកធំធាត់ជាងមុនទៀតផង។

ទ្រឹស្តីរបស់លោក Inamori ​ត្រូវបានគេចាប់អារម្មណ៍ច្រើន បន្ទាប់ពីលោកបានជួយសង្រ្គោះ​ក្រុមហ៊ុនអាកាសចរណ៍​មួយរបស់ជប៉ុន ដែលជិតក្ស័យធនឱ្យមានដំណើរការល្អឡើង។

បច្ចុប្បន្ននេះ ទស្សនវិជ្ជាធុរកិច្ចរបស់លោក Kazuo Inamori ត្រូវអនុវត្តភាគច្រើននៅប្រទេសជប៉ុន ខណៈប្រទេសចិន និងបណ្តាប្រទេសផ្សេងទៀត ក៏បានចាប់ផ្តើមអនុវត្តទ្រឹស្តីនេះខ្លះៗផង​ដែរ​។ ចំណែកនៅកម្ពុជា បាននឹងកំពុងចាប់ផ្តើម​ផ្សព្វផ្សាយ។​ នេះជាការបន្ថែមរបស់លោក អៀង សុធារ៉ា។

លោក Kazuo Inamori គឺជាអ្នកដឹកនាំធុរកិច្ចដ៏ល្បីបំផុតមួយរូប ក្នុងប្រទេសជប៉ុន ដែលបានបង្កើត​ក្រុមហ៊ុន​សាជីវកម្ម Kyocera និង KDDI ហើយលោកក៏ប្រធានក្រុមហ៊ុន Japan Airline ដោយបានដឹកនាំ​ធ្វើឱ្យក្រុម​ហ៊ុនអាកាសចរនេះ រស់រានឡើងវិញផងដែរ។ ទស្សនវិជ្ជាអាជីវកម្មរបស់លោក គឺផ្អែកទៅលើ «ការរស់​នៅតាម​របៀបត្រឹមត្រូវ ក្នុងនាមជាមនុស្ស-Living in the right way as human being»។ ​លោក Inamori បានទទួលមរណភាពនៅខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ៩០ឆ្នាំ។

លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានលើកឡើងថា ក្រោយពីមាន​ការផ្សព្វផ្សាយទស្សនវិជ្ជារបស់លោក Kazuo Inamori មានការចាប់អារម្មណ៍ច្រើន ពីអ្នកដែល​កំពុងប្រកប​អាជីវកម្មនៅកម្ពុជា លើសពីការរំពឹងទុក។ លោកថា ទស្សនវិជ្ជាធុរកិច្ចរបស់លោក Kazuo Inamori គឺជាទស្សនវិជ្ជាល្អជួយ​ដល់មនុស្ស និងសង្គមដែលអ្នកជំនួញនៅកម្ពុជា គួរអនុវត្ត។

លោកបណ្ឌិត ម៉ី កល្យាណ បានបញ្ជាក់ថា ចំពោះសៀវភៅទស្សនវិជ្ជាធុរកិច្ចរបស់លោក Kazuo Inamori ត្រូវបានបកប្រែជាភាសាខ្មែររួចហើយ និងត្រៀមបោះពុម្ភផ្សាយជាពេលខាងមុខផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម