ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសកម្ពុជា-ជប៉ុន ប្តេជ្ញាបន្តធ្វើឱ្យស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយប្រទេសទាំងពីរ
ក្នុងជំនួបពិភាក្សាទ្វេភាគី នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នាទីក្រុងតូក្យូ លោករដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នាបន្តធ្វើឱ្យកាន់តែស៊ីជម្រៅសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា និងជប៉ុន។

ជំនួបរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរនេះ ស្របពេលដែលគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរខួប៥០ឆ្នាំនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ។ ក្នុងឱកាសអមដំណើរសម្ដេចធិបតី ចូលរួមកិច្ចប្រជុំនេះ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី កាមិកាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន។

លោកស្រី កាមិកាវ៉ា យ៉ូកុ បានសម្តែងនូវអំណរគុណចំពោះលោក សុខ ចិន្តាសោភា ដែលបានចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ខណៈលោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរសាទរចំពោះប្រទេសជប៉ុន ដែលបានធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះដោយជោគជ័យ។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានរំលឹកអំពីជំនួបប្រកបផ្លែផ្កាតាមទូរស័ព្ទ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ និងទទួលស្គាល់ថា ឆ្នាំ២០២៣ គឺជាឆ្នាំដ៏មានអត្ថន័យសម្រាប់កម្ពុជា និងជប៉ុន ដោយសារជាឆ្នាំខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរបស់ខ្លួនផង និងជាឆ្នាំដែលប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផង ដែលជាកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងកម្ពុជា-ជប៉ុន។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកបន្ថែមនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរពហុវិស័យដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ រួមមាន វិស័យនយោបាយ សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ ការបោសសម្អាតមីន ប្រតិបត្តិការក្សាសន្តិភាព ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍឌីជីថល និងសន្តិសុខអ៊ុនធឺណិត។ ភាគីទាំងពីរ ក៏បានអបអរសាទរចំពោះជោគជ័យនៃកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីលើកទី១ រវាងក្រសួងការបរទេសទាំងពីរ កាលពីខែ វិច្ឆិកា កន្លងទៅ និងបានគូសបញ្ជាក់អំពីសារសំខាន់នៃការរៀបចំកិច្ចប្រជុំនេះឱ្យបានទៀតទាត់។

លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានបញ្ជាក់សាជាថ្មីនូវអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកយ៉ាងសំខាន់ចំពោះដំណើរការសន្តិភាពនៅកម្ពុជា ព្រមទាំងជំនួយ និងការគាំទ្រសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍរវាងជប៉ុន និងកម្ពុជា រដ្ឋមន្ត្រីទាំងពីរ ទន្ទឹងរង់ចាំលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំអន្តរក្រសួងកម្ពុជា-ជប៉ុន ដែលគ្រោងរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរាជធានីភ្នំពេញ នៅដើមឆ្នាំ២០២៤ ដើម្បីពិនិត្យសម្រេចលើសេចក្តីព្រាងគោលនយោបាយជំនួយសម្រាប់កម្ពុជា រយៈពេល៥ឆ្នាំ (២០២៤- ២០២៨)។
លើសពីនេះទៀត រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត នៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ រួមមាន អង្គការសហប្រជាជាតិ និងអាស៊ាន-ជប៉ុន។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាពាក់ព័ន្ធបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភរួម ដូចជា ស្ថានភាពនៅមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងខាងកើត កូរ៉េខាងជើង និងជម្លោះអីស្រាអែល-ហាម៉ាស់ ជាដើម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


