ព័ត៌មានជាតិ
របរចិញ្ចឹមទាបែបធម្មជាតិរបស់កសិករនៅខេត្តបាត់ដំបងចំណាយថ្លៃដើមតិច ទទួលផលច្រើន
កសិករចិញ្ចឹមសត្វទាយកពងលក់ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារជាច្រើនកន្លែង ខេត្តបាត់ដំបង បានកំពុងប្រមូលទិន្នផលខ្ពស់ ខណៈការចិញ្ចឹមមិនរំពឹងលើចំណីទាំងស្រុង ចំណាយថវិកាថ្លៃដើមច្រើន បាននាំគ្នាងាកមកចិញ្ចឹមតាមប្រពៃណីបែបធម្មជាតិវិញ ទើបទទួលបានទិន្នផលខ្ពស់ ហើយការចំណាយថ្លៃដើមមានកម្រិតទាប ប៉ុន្តែត្រូវការមើលថែទាំដោយយកចិត្តទុកដាក់បំផុត។

លោក ធឿន ប្រធានសហគមន៍ ឃុំកំពុងព្រៀង បានប្រាប់ឱ្យដឹងថា កសិករដែលបានចិញ្ចឹមទាយកពងលក់តាមបែបជាតិនេះមាននៅក្នុងភូមិអូសទូក ភូមិកាច់រទេះ និងភូមិសាលាត្រាវ ក្នុងឃុំកពង់ព្រៀង និងក្នុងឃុំ រាំងកេសី ស្រុកសង្កែ ក៏មានច្រើនកន្លែងផងដែរ។
ជាមួយគ្នានេះដែរ ងាកទៅមើលកសិករ ចិញ្ចឹមទានៅក្នុងឃុំរាំងកេសី ស្រុកសង្កែ លោក សំនឿង បានរៀបរាប់ឲ្យដឹងដែរថា បច្ចុប្បន្នលោកចិញ្ចឹមទាចំនួនជាងបីពាន់ក្បាល ក្រោយពីលោកបានផ្អាកមុខរបរផ្សេង ដែលលោកបានធ្វើកន្លងមកហើយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារមិនបានប្រសើរ ទើបលោកសម្រេចចិញ្ចឹមទាយកពងលក់តែម្តង ។ លោកថា ការចិញ្ចឹមទានេះក៏មានផលលំបាកដែរ តែលោកតស៊ូរហូតបានផលដ៏ប្រសើរមកដល់ពេលនេះ លោកមិនបារម្ភលើជីវភាពគ្រួសារដូចមុននោះទេ បើទោះបីហត់នឿយបន្តិច ខណៈលោកថា ក្នុង១ថ្ងៃលោកប្រមូលពងទាបានជាងបីពាន់គ្រាប់ហើយលក់ឲ្យម៉ូយ១គ្រាប់ចន្លោះពី២៥០រៀល ដល់៣០០រៀល។

ចំណែកនៅលើទីផ្សារឈ្មួញលក់ចេញវិញ១គ្រាប់បានចន្លោះពី៤០០-៥០០រៀល ។ លោកបន្តថា ទារបស់លោកជាងបីពាន់ក្បាលនេះ លោកជ្រើសយកពូជចំនួន២ ប្រភេទមកចិញ្ចឹម វាឆាប់ហុចផលក្នុងរយៈពេល ០៣ខែ ដោយចាប់គិតពីរយៈពេលទិញកូនមកចិញ្ចឹម។ ពូជទាំង២នោះគឺ ពូជទាសំពៅ និងពូជទាអង្កាម ទម្ងន់វា១ក្បាលជាង២គីឡូក្រាម ។ លោកបន្តថា បើចិញ្ចឹមនៅក្នុងទ្រុងហើយសំអាងលើចំណី ទូទាត់លើថ្លៃចំណី បានកម្រៃសល់តិចតួច បើទោះបីក្នុង១ថ្ងៃ លោកអាចរកចំណូលបានចន្លោះពី៤០-៥០ម៉ឺនរៀល ក៏មិនសូវសល់កម្រៃច្រើនដែរ។ តាំងពីរយៈពេលលោកបាន ដេញទាឲ្យរកស៊ីតាមវាលស្រែតាមបែបធម្មជាតិ បានបន្ថយចំណីឲ្យស៊ីតែ២ការ៉ុងប៉ុណ្ណោះ ក្នុង១ថ្ងៃ ក៏បានសល់កម្រៃច្រើនគួរសម ហើយសុខភាពទាក៏ល្អ ពងក៏មានគុណភាពរស់ជាតិឆ្ងាញ់ជាងពងឲ្យចំណីសុទ្ធ។
កសិកររូបនេះបន្តថា “ត្រឹមម៉ោង៥កន្លេះព្រឹក ខ្ញុំចាប់ផ្តើមដេញទាទៅតាមវាលស្រែ ឲ្យវាដើរស៊ីក្តាម ខ្យង ខ្ចៅ និងគ្រាប់ស្រូវដែលជ្រុះខ្លះនៅតាមស្រែ ក្រោយពីម្ចាស់គេច្រូតរួច ដោយក្នុង១ខែផ្លាស់ទីតាំងម្តង ខ្ញុំសុំម្ចាស់ស្រែគេម្នាក់ៗហើយគេអត់កំណាញ់ទ។ ផ្ទុយទៅវិញពួកគាត់ថា បានចំណេញជីអាចម៌ទាដាក់លើដីស្រែរបស់ពួកគាត់ទៀតផង” ។

មន្ត្រីនៃមន្ទីរកសិកម្មបានលើកជាយោបល់ថា ការចិញ្ចឹមទាយកពងរបស់កសិករ ក្នុងស្រុកសង្កែ តាមបែបធម្មជាតិនេះ គឺដូចជាបានជួយការពារសុខភាពសត្វ ទាអ៊ីចឹងដែរ ហើយគុណភាព និងរស់ជាតិពងវា ឬក៏សាច់មានរស់ជាតិឆ្ងាញ់មិនចាញ់សត្វព្រៃនោះទេ នឹងបានកាត់បន្ថយ ថវិការច្រើនទៅលើចំណីផង។ មន្ត្រីរូបនេះក៏បានសាទរនិងកោតសសើ ចំពោះក្រុមកសិករចិញ្ចឹមទាទាំងអស់ ដោយមានការតស៊ូក្នុងការដើរឃ្វាលនិងមើលថែទាំទាបានល្អ ដើម្បីជាប្រយោជន៍ទ្រទ្រង់ជីវភាពគ្រួសារប្រចាំថ្ងៃ ដោយមិនធ្វើចំណាកស្រុកដោយប្រថុយប្រថានឡើយ។
ទន្ទឹមនេះ កសិករចិញ្ចឹមទាជាច្រើនកន្លែងក្នុងស្រុកសង្កែ បានសំណូមពរដល់មន្ទីរពាក់ព័ន្ធ ជួយទប់ស្កាត់ការនាំចូលទាពីក្រៅប្រទេស ដើម្បីទុកឱកាសឲ្យកសិករក្នុងស្រុកពង្រីកការចិញ្ចឹមឲ្យកាន់តែមានវិសាលភាព ខណៈបច្ចុប្បន្ន មហាជនបានមើលឃើញថា ពងទាកំពុងមានតម្រូវការច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក និងបានលើកកម្ពស់ដល់សុខភាព របស់ប្រជាពលរដ្ឋដែលកំពុងនិយមបរិភោគប្រចាំថ្ងៃផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ