ព័ត៌មានជាតិ
សហគ្រាសឧស្សាហកម្មធំៗ ១៧ របស់ ចិន ចង់ពង្រីកការវិនិយោគបន្ថែមទៀត នៅកម្ពុជា
សហគ្រាសឧស្សាហកម្មធំៗ ចំនួន ១៧ របស់ ចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងចង់ពង្រីកការវិនិយោគបន្ថែមទៀត នៅកម្ពុជា។

ការបង្ហាញពីចំណាប់អារម្មណ៍ និងបំណងចង់ពង្រីកការវិនិយោគនេះ ក្នុងឱកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ស៊ិន មីងរ៉ុង (Shen Mingrong ) ប្រធានក្រុមហ៊ុន Zhenjiang Zhoung Chao New Material Co,Ltd. និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗ ចំនួន ១៧ របស់ប្រទេសចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ នេះ។
ក្នុងឱកាស នៃជំនួប លោក ស៊ិន មីងរ៉ុង ប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងប្រតិភូសហគ្រាសឧស្សាហកម្ម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអរគុណជូនចំពោះរដ្ឋាភិបាលកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែយកចិត្តទុកដាក់ក្នុងការគាំទ្រ និងសម្របសម្រួលដល់កិច្ចដំណើរការវិនិយោគរបស់សហគ្រាសឧស្សាហកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក។

លោកប្រធានក្រុមហ៊ុន ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការជំរុញ និងពង្រីកការវិនិយោគ ក៏ដូចជាការទាក់ទាញនូវវិនិយោគិនថ្មីៗ បន្ថែមទៀត មក កម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេស គឺសំដៅប្រែក្លាយខេត្តព្រះសីហនុ ទៅជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
បន្ថែមលើនេះ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូន សម្ដេចធិបតី អំពីបណ្ដាសហគ្រាសឧស្សាហកម្ម ដែលបានអញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ចនេះ រួមមានក្រុមហ៊ុនចំនួន ១៧ មានជំនាញ និងប្រកបអាជីវកម្មលើវិស័យជាច្រើន ដូចជា ៖ វិស័យវាយនភ័ណ្ឌ, បច្ចេកវិទ្យាព័ត៌មាន, ឧស្សាហកម្ម, ហិរញ្ញវត្ថុ និងធនាគារ, ថាមពល, ការគ្រប់គ្រងសំណល់ និងទឹកស្អាត, អចលនទ្រព្យ, គម្រោងអភិវឌ្ឍន៍ជនបទ, ធានារ៉ាប់រង, បរិស្ថាន, ក៏ដូចជាក្រុមហ៊ុនវិនិយោគផលិតនូវផលិតផលផ្សេងៗ ដូចជា ក្រដាស និងដែក ជាដើម។

លោកប្រធានក្រុមហ៊ុន ក៏បានគោរពស្នើសុំការស្វែងយល់បន្ថែមអំពីគោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការទាក់ទាញការវិនិយោគរបស់រាជរដ្ឋាភិបាល, គោលនយោបាយក្នុងការគ្រប់គ្រង និងការបង្វិលប្រាក់វិនិយោគ, គោលនយោបាយ នៃការគ្រប់គ្រងកម្លាំងពលកម្ម ទាំងក្នុងស្រុក និងពលករជំនាញបរទេស, និងគោលនយោបាយផ្នែកថាមពលបៃតង និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។
ជាការឆ្លើយតប សម្ដេចធិបតី បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះបណ្ដាក្រុមហ៊ុនឧស្សាហកម្មដែលបានបោះទុនវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា នេះបង្ហាញពីការជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចំពោះគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគ សម្ដេចធិបតី បានបញ្ជាក់ជូនដល់លោកប្រធានក្រុមហ៊ុន និងគណៈប្រតិភូថា រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ភ្ជាប់នូវគោលនយោបាយបើកចំហ ប្រកបដោយភាពបត់បែន និង ជាក់ស្ដែងនិយម ដោយរក្សាភ្ជាប់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់បណ្ដាប្រទេសទាំងអស់ នៅក្នុងតំបន់ និងពិភពលោក ដើម្បីធានាបាននូវការប្រកួតប្រជែង និងការផ្ដល់នូវបរិយាកាសវិនិយោគល្អប្រសើរ។

បន្ថែមនេះ សម្ដេចធិបតី បានគូសរំលេចថា រាជរដ្ឋាភិបាល បាននិងកំពុងតែដាក់ចេញនូវគោលនយោបាយអាទិភាពលើការបណ្ដុះបណ្ដាលធនធានមនុស្ស តាមរយៈការធ្វើការកែទម្រង់វិស័យអប់រំ និងការលើកកម្ពស់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ក៏ដូចជាបន្តពង្រឹងកម្មវិធីការបង្កើនជំនាញ (Upskilling) និងការផ្លាស់ប្តូរជំនាញ (Reskilling) ដើម្បីធានាបាននូវធនធានមនុស្ស ជាពិសេសកម្លាំងពលកម្មជំនាញ ដែលអាចឆ្លើយតបទៅតាមតម្រូវការជាក់ស្ដែងរបស់ក្រុមហ៊ុនឧស្សាហកម្ម និងទីផ្សារការងារ។ ចំពោះគោលនយោបាយ នៃការគ្រប់គ្រង និងការបង្វិលប្រាក់វិនិយោគ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយលំហូរមូលធន ដោយមានភាពសេរី ហើយវិនិយោគិនអាចមានលទ្ធភាពក្នុងការផ្ទេរមូលធនវិនិយោគចេញ និងចូល តាមប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន ដែលនេះជាការផ្ដល់នូវភាពងាយស្រួល និងការគាំទ្រដល់ដំណើរការវិនិយោគនៅកម្ពុជា។
សម្ដេចធិបតី បន្ថែមទៀតថា បច្ចុប្បន្ន កម្ពុជា កំពុងប្រើប្រាស់ថាមពលស្អាត ប្រមាណជាង ៦០% និងបានកំពុងបន្តជំរុញការប្រើប្រាស់ថាមពលស្អាតនេះ ឱ្យឈានទៅដល់ ៧០% ត្រឹមឆ្នាំ ២០៣០។ មុននឹងបញ្ចប់ សម្ដេចធិបតី បានបញ្ជាក់ជូនលោកប្រធានក្រុមហ៊ុន និងគណៈប្រតិភូអំពីការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការវិនិយោគទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សំខាន់ៗ ដូចជា ផ្លូវលឿន អាកាសយានដ្ឋានអន្តរជាតិ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ដើម្បីតភ្ជាប់កម្ពុជា ទៅតំបន់ និងសកលលោក៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


