កីឡា
រាល់ការប្រកួតធំៗ មឿន សុខហ៊ុច ជួបការខកចិត្តច្រើនជាងគេ
កីឡាករគុនខ្មែរ មឿន សុខហ៊ុច បានស្រក់ទឹកភ្នែក និងសោកស្តាយសម្រាប់ឱកាសប្រកួតដណ្តើមរថយន្តជាលើកទី២ បន្ទាប់ពីបានចាញ់កីឡាករ ចាន់ ប៊ុនហឿន នៅវគ្គផ្តាច់ព្រ័ត្រ យប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ របស់សង្វៀនបាយ័ន នៅទីរួមខេត្តស្វាយរៀង។
មឿន សុខហ៊ុច ជាកីឡាករប្រដាល់គុនខ្មែរម្នាក់ដែលទទួលបានឱកាសសម្រាប់ការប្រកួតធំៗច្រើនទាំងក្នុងស្រុក និងក្រៅប្រទេស។ រូបគេត្រូវបានកោះហៅចូលជម្រើសជាតិគុនខ្មែរដើម្បីទៅប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី។ ពេលនោះ កីឡាករគុនខ្មែរទម្ងន់ផ្សេងៗសុទ្ធតែឈ្នះក្នុងការប្រកួតវគ្គជម្រុះ ប៉ុន្តែរូបគេបានចាញ់ និងធ្លាក់ចេញមុនគេ។ នេះជារឿងដ៏គួរឲ្យសោកស្តាយដែលតំណាងគុនខ្មែរ រូបគេបានធ្លាក់តាំងពីជុំដំបូង។

កាលពីខែមិថុនា ឆ្នាំ២០២៣ កីឡាករគុនខ្មែរ៤រូបបានចេញទៅប្រកួតនៅប្រទេស កីឡាករផ្សេងសុទ្ធតែទទួលបានលទ្ធផលល្អ ប៉ុន្តែ មឿន សុខហ៊ុច ជួបការលំបាកជាងគេ។ រូបគេបានប្រកួតជាមួយកីឡាករបារាំង Oumar Bathily។ ពេលនោះរូបគេបានចាញ់ដោយពិន្ទុ បន្ទាប់ពីតស៊ូទាំងលំបាកស្ទើរតែសន្លប់ទៅហើយ។ កាលពីពេលថ្មីៗនេះ Oumar Bathily បានមកប្រកួតនៅកម្ពុជាចាញ់ពិន្ទុ លន បញ្ញា។
មឿន សុខហ៊ុច មានប្រវត្តិទទួលបានត្រឹមជើងឯករងជាច្រើនលើកទាំងការប្រកួតដណ្តើមខ្សែក្រវាត់តាមសង្វៀនទូរទស្សន៍ឯកជន និងការប្រកួតជើងឯកថ្នាក់ជាតិ ពីព្រោះទម្ងន់នេះ រូបគេពិបាកយកឈ្នះអ្នកលេងគុនខ្មែរណាស់ ដូចជា ផល សោភ័ណ្ឌ, យ៉េន ឌីណា, ឡុង សំណាង, ឡៅ ចិត្រា ជាដើម។
ជាក់ស្តែងកាលពីខែសីហា ឆ្នាំ២០២៣ រូបគេបានចាញ់ ឡុង សំណាង សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់នៅសង្វៀន PNN ដែលមានប្រាក់រង្វាន់១ម៉ឺនដុល្លារអាមេរិក។ បន្ទាប់មកនៅមករា ឆ្នាំ២០២៤ រូបគេ ទទួលបានត្រឹមមេដាយប្រាក់ដោយចាញ់ ឡុង សំណាង ទៀតក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួតជើងឯកថ្នាក់ជាតិ។
ជាពិសេស មឿន សុខហ៊ុច ត្រូវបានផ្តល់ឱកាសឲ្យប្រកួតដណ្តើមរង្វាន់រថយន្តដល់ទៅ២លើកចុងក្រោយ ប៉ុន្តែបរាជ័យទាំងពីរលើក។ លើកទី១ រូបគេបានឈ្នះពិន្ទុដៃគូបរទេសទាំងលំបាក ហើយវគ្គផ្តាច់ព្រ័ត្របានចាញ់សន្លប់ក្រោមកណ្តាប់ដៃ និងរន្ទះជើង លន បញ្ញា។

លើកទី២ នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ រូបគេត្រូវបានចាត់ទុកជាបេក្ខភាពឈានមុខគេក្នុងការប្រជែងរង្វាន់រថយន្ត។ នៅជុំទី១ រូបគេបានផ្តួលកីឡាករអ៉ីរ៉ង់ Mohammad Reza ក្នុងទឹកទី២ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជួប ចាន់ ប៊ុនហឿន។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ រូបគេត្រូវបាន ចាន់ ប៊ុនហឿន វាយឲ្យអាជ្ញាកណ្តាលរាប់ក្នុងទឹកទី២ ដូច្នេះរូបគេបានចាញ់ដោយពិន្ទុ។
សមិទ្ធផលដ៏ធំបំផុតរបស់ មឿន សុខហ៊ុច ដែលប្រកួតនៅក្រៅប្រទេសគឺឈ្នះខ្សែក្រវាត់ប្រាក់ នៅកម្មវិធី Max Mauy Thai កាលពីខែសីហា ឆ្នាំ២០១៦ ដោយទទួលបានប្រាក់រង្វាន់២សែនបាត បន្ទាប់ពីបានផ្តួលកីឡាករតួកគី Umat Norgaz ទឹកទី១ ក្នុងជុំទី១ និងឈ្នះពិន្ទុកីឡាករស៊ុយអែត Sammon Decker វគ្គផ្តាច់ព្រ័ត្រ។

នៅពេលនោះ មឿន សុខហ៊ុច ទទួលបានការគាំទ្រលើកទឹកចិត្តយ៉ាងខ្លាំង។ ក្រៅពីប្រាក់រង្វាន់២សែនបាតរបស់កម្មវិធី រូបគេទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តពីសប្បុរសជនក្នុងស្រុកច្រើនគួរសមដែលអាចចាត់ទុកជាសកម្មភាពទទួលបានការឧបត្ថម្ភគាំទ្រខ្លាំងមុនគេ។ ជាក់ស្តែង ឧកញ៉ា ស្រី ចាន់ថន បានឧបត្ថម្ភ៤លានរៀល៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


