ព័ត៌មានជាតិ
ពលរដ្ឋរស់នៅរមណីយដ្ឋានអង្គរក្រោយឆ្នាំ ២០០៤ គឺខុសច្បាប់ ត្រូវផ្លាស់ទៅតំបន់អភិវឌ្ឍន៍ថ្មី
ថ្លែងនៅក្នុងសន្និសីទនាព្រឹកមិញនេះនៅទីស្តីការក្រសួងព័ត៌មាន មន្រ្តីរដ្ឋាភិបាលបានគូសបញ្ជាក់ថា ពលរដ្ឋដែលមកតាំងលំនៅក្នុងតំបន់រមណីយដ្ឋានអង្គរក្រោយឆ្នាំ ២០០៤ គឺខុសច្បាប់ ហើយចាំបាច់ត្រូវតែផ្លាស់ទៅរស់នៅក្នុងតំបន់អភិវឌ្ឍថ្មីដែលរដ្ឋាភិបាលបានរៀបចំទុក។

លោក រ៉ាអ៊ូល ម៉ាក ជេនា ទីប្រឹក្សារាជរដ្ឋាភិបាលនិងជាអ្នកស្រាវជ្រាវប្រវត្តិសាស្រ្តមួយរូបបានបញ្ជាក់នៅក្នុងសន្និសីទថា កាលពីឆ្នាំ ២០០៤ មានការចុះអង្កេតកំណត់អត្តសញ្ញាណពលរដ្ឋដែលរស់នៅតំបន់អង្គរ។ ការចុះកំណត់អត្តសញ្ញាណដើម្បីដឹងពីតួលេខជាក់ស្តែងពលរដ្ឋរស់នៅតំបន់អង្គរ ដើម្បីចុះបញ្ជីទទួលស្គាល់ពីអាជ្ញាធរ។
ក្រោយកំណត់អត្តសញ្ញាណជាមួយតួលេខជាក់លាក់ រដ្ឋាភិបាលបានចេញសេចក្ដីសម្រេច ចាប់ពីឆ្នាំ ២០០៤ ពលរដ្ឋចំណូលថ្មីដែលមកតាំងទីលំនៅបង្កើតជាគ្រួសារ នឹងមិនត្រូវបានទទួលស្គាល់ជាប្រជាជនដើមស្របច្បាប់នោះទេ។ អីចឹងមានន័យថា អ្នកដែលមករស់នៅតំបន់អង្គរចាប់ពីឆ្នាំ ២០០៤ គឺខុសច្បាប់មិនអាចស្នាក់និងរស់នៅបាននោះទេ។
ដោយឡែកប្រជាពលរដ្ឋដែលរស់នៅយូរលង់មុនឆ្នាំ ២០០៤ ត្រូវបានអនុញ្ញាតឱ្យរក្សាទីលំនៅដដែលដោយមិនតម្រូវឱ្យមានការចាកចេញឡើយ។
លោកបន្តថា តំបន់រមណីយដ្ឋានអង្គរគ្របដណ្តប់លើចំនួន ១១២ ភូមិ ហើយតាមទិន្នន័យជំរឿននៅឆ្នាំ ២០២២ ពលរដ្ឋដែលមកតាំងលំនៅដោយខុសច្បាប់ចាប់ពីឆ្នាំ ២០០៤ មានជាង ៦ ម៉ឺន ៧ ពាន់គ្រួសារ។
លោកបន្តទៀតថា រដ្ឋាភិបាលបានដាក់ចេញគោលការណ៍ផ្លាស់ទីលំនៅរបស់ពលរដ្ឋរស់នៅខុសច្បាប់ទៅតំបន់អភិវឌ្ឍថ្មី ដើម្បីការពារតម្លៃនៃតំបន់រមណីយដ្ឋានអង្គរ ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

បើតាមមន្រ្តីទីប្រឹក្សារដ្ឋាភិបាល ការផ្លាស់មកតំបន់អភិវឌ្ឍថ្មីជាជម្រើសដ៏ប្រសើរ ដែលពលរដ្ឋមានកម្មសិទ្ធិពេញលេញលើការគ្រប់គ្រងដីធ្លី ខណៈដែលរដ្ឋាភិបាលកំពុងរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីគាំទ្រដល់ពលរដ្ឋផ្លាស់ទីលំនៅមករស់នៅ។
ទាក់ទងកិច្ចការពារដល់រមណីយដ្ឋានអង្គរ លោក រ៉ាអ៊ូល ម៉ាក ជេនា ក៏បានលើកពីការព្រមានរបស់អង្គការយូណេស្កូ ដែលបានក្រើនរំលឹកដល់អាជ្ញាធរកម្ពុជា ត្រូវតែចាត់វិធានការដើម្បីការពាររមណីយដ្ឋានអង្គរចៀសវាងការដកចេញពីបញ្ជីរបស់អង្គការមួយនេះ។
បើតាមលោក រ៉ាអ៊ូល ម៉ាក ជេនា ការការពាររមណីយដ្ឋានអង្គរមានសារសំខាន់ណាស់។ ការព្រមានក្នុងការដករមណីយដ្ឋានអង្គររបស់កម្ពុជាចេញពីអង្គការយូណេស្កូមិនមែនជាការលែងសើចនោះទេ។
លោកបានលើកឡើងថា ជារៀងរាល់ឆ្នាំតែងតែមានការដករមណីយដ្ឋានវប្បធម៌ជាច្រើនពីបញ្ជីអង្គការយូណេស្កូ។ លោកបានលើកករណីជាក់ស្ដែងតំបន់បេតិកភណ្ឌមួយរបស់អង់គ្លេស ត្រូវបានអង្គការយូណេស្កូដកចេញពីបញ្ជីដោយសារមានការសាងសង់សំណង់ខុសច្បាប់។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ បានកំណត់បែងចែកតំបន់រមណីយដ្ឋានអង្គរជា ៥ តំបន់ផ្សេងៗគ្នា ដែលតំបន់នីមួយៗមានបែបផែនជាក់លាក់សម្រាប់ការថែរក្សានិងការពាររៀងៗខ្លួន។
-តំបន់១៖ រមណីយដ្ឋានមានប្រាសាទ គឺជាតំបន់បុរាណវត្ថុសំខាន់ៗ ដែលត្រូវមានការការពារកម្រិតខ្ពស់បំផុត។ នៅក្នុងតំបន់នេះ មានរាប់បញ្ចូលទាំងបូជនីយដ្ឋាន ប្រាសាទសំខាន់ៗ និងសកម្មភាពដែលត្រូវបានអនុញ្ញាតគឺមានតែការងារចាំបាច់ ដែលគាំទ្រដល់ការបរិវណជុំវិញ ថែរក្សា ការពារនិងលើកស្ទួយតម្លៃនៃរមណីយដ្ឋានប៉ុណ្ណោះ។ ការបង្កើតភូមិថ្មី និងការតាំងទីលំនៅនៅក្នុងតំបន់នេះត្រូវបានហាមឃាត់ជាដាច់ខាត។ លក្ខខណ្ឌទាំងនេះក៏ត្រូវអនុវត្តដូចគ្នាចំពោះតំបន់ប្រាសាទបន្ទាយស្រី និងបណ្តុំប្រាសាទរលួស។
-តំបន់២. ឧទ្យានបុរាណវត្ថុត្រូវការពារ គឺតំបន់ដែលសម្បូរសំណល់បុរាណវត្ថុដែលត្រូវការការពារនិងចាត់ទុកជាតំបន់ទ្រនាប់។ «សកម្មភាពដែលត្រូវបានអនុញ្ញាតគឺមានតែការងារចាំបាច់ សម្រាប់គាំទ្រដល់គោលបំណងអភិរក្សប្រពៃណីទំនៀមទម្លាប់រស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន»។ ការពង្រីកតំបន់ទីលំនៅត្រូវបានហាមឃាត់ លើកលែងតែការអភិវឌ្ឍកម្មសិទ្ធិដែលមានស្រាប់។
តំបន់៣៖ ជាតំបន់ដែលគ្របដណ្ដប់បណ្ដាទេសភាពវប្បធម៌ត្រូវការពារ ជាពិសេសស្ទឹងបឹងបួរនានា។
តំបន់៤៖ ជាតំបន់ដែលត្រូវបានផ្គុំឡើងដោយធាតុនានាដែលមានតម្លៃផ្នែកបុរាណវត្ថុវិទ្យា នរវិទ្យា ឬប្រវត្តិវិទ្យា
តំបន់៥៖ ជាតំបន់គ្របដណ្ដប់វិស័យសង្គមសេដ្ឋកិច្ច និងការលើកកម្ពស់វប្បធម៌នៅតំបន់សៀមរាបអង្គរ។
តំបន់១ និងតំបន់២ មានទំហំសរុបជាង ៤០០ គីឡូម៉ែត្រការ៉េ។ តំបន់នេះជាតំបន់ការពារនៃឧទ្យានអង្គរ និងជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលពុំអាចត្រូវបានទិញលក់ ឬផ្ទេរបន្តបានឡើយ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានអាចស្នើសុំ “អភិវឌ្ឍទីតាំងលំនៅដ្ឋាន ដោយត្រូវផ្សារភ្ជាប់ទៅនឹងទំនៀមទម្លាប់រស់នៅបែបប្រពៃណី និងដោយភ្ជាប់ហេតុផលសមស្របសម្រាប់បម្រើវិស័យទេសចរណ៍»។ រីឯរាល់ការតាំងទីលំនៅថ្មី ក៏ដូចជាសកម្មភាពរៀបចំនានារបស់ជនចំណូលថ្មី ដែលគ្មានការពាក់ព័ន្ធនឹងទំនៀមទម្លាប់រស់នៅ បែបប្រពៃណី ត្រូវបានហាមឃាត់។
សេចក្ដីសម្រេចចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០០៤ បានចែងលម្អិតថា៖ «ប្រជាពលរដ្ឋដែលរស់នៅយូរលង់មកហើយក្នុងតំបន់ទាំងពីរនេះមុនព្រះរាជក្រឹត្យចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ត្រូវបានអនុញ្ញាតឱ្យរក្សាទីលំនៅដដែលក្នុងតំបន់នេះ ដោយមិនមានតម្រូវឱ្យចាកចេញឡើយ»៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


