ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ការបណ្ដុះបណ្ដាលជំនាញវគ្គទី ២ ដល់យុវជនក្រីក្រ និងងាយរងហានិភ័យ ចាប់ផ្ដើមបើកបង្រៀនជាបណ្តើរៗ ហើយ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២២ មេសា នេះថា កម្មវិធីបណ្ដុះបណ្ដាលដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដំណាក់កាលទី ២ បានចាប់ផ្តើមបង្រៀនជាបណ្តើរៗ ហើយ ខណៈដំណាក់កាលទី ១ នឹងបញ្ចប់នៅខែឧសភា ខាងមុខនេះ។

លោក កត្តា អ៊ន បានបន្តថា រាជរដ្ឋាភិបាល បានប្រកាសបើកកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន ១,៥ លាននាក់ ជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ហើយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រកាសបើកបវេសនកាលទូទាំងប្រទេស កាលពីទី ១៥ ខែមករា ឆ្នាំ ២០២៤ ដើម្បីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដោយក្នុងដំណាក់កាលទី ១ ក្រសួងបានរៀបចំឲ្យមានថ្នាក់សិក្សារហូតចំនួន ៥៤៤ ថ្នាក់ ស្មើនឹងយុវជនចំនួន ១៦ ២៦៤ នាក់ ស្រី ៥ ២២០ នាក់។ វគ្គបណ្ដុះបណ្ដាលនេះដែរ បានកំណត់យកមុខជំនាញចំនួន ៣៨ នៅក្នុងវិស័យអាទិភាពចំនួន ១០ រួមមាន ៖ សំណង់ ,អគ្គិសនី និងថាមពល ,បរិក្ខារត្រជាក់ និងកម្តៅ ទេសចរណ៍ , មេកានិកទូទៅ/មេកានិករថយន្ត , សេវាកម្ម , កសិកម្ម និង កសិ-ឧស្សាហកម្ម , កម្មន្តសាល , អេឡិចត្រូនិក និងធុរកិច្ច និងព័ត៌មានវិទ្យា។
លោក កត្តា អ៊ន បានបន្តទៀតថា តាមគម្រោងកម្មវិធីបណ្ដុះបណ្ដាលវគ្គទី ១ នឹងត្រូវបញ្ចប់នៅខែក្រោយ។ រីឯវគ្គទី ២ បានចាប់ផ្តើមរៀនជាបន្តបន្ទាប់នៅតាមសាលាបណ្ដុះបណ្ដាលនានា ប្រសិនបើមានសិស្សចន្លោះពី ២០ ទៅ ៣០ នាក់ នឹងបើកថ្នាក់រៀនហើយ។

លោក កត្តា អ៊ន បានអំពាវនាវដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បន្តចុះឈ្មោះចូលរៀនឱ្យបានច្រើនបន្ថែមទៀត ព្រោះថាការចុះឈ្មោះចូលរៀនជំនាញនេះ គឺមិនតម្រូវឱ្យបង់ប្រាក់អ្វីឡើយ ហើយថែមទទួលបានថវិកាប្រចាំខែចំនួន ២៨ ម៉ឺនរៀល សម្រាប់ដោះស្រាយជីវភាពពេលកំពុងសិក្សាទៀតផង។ ចំណែកយុវជនមកពីគ្រួសារទូទៅ ការចុះឈ្មោះចូលរៀនក៏អត់គិតថ្លៃដែរ តែមិនទទួលបានថវិកាប្រចាំខែដូចយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនោះទេ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៤ មានអ្នកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈសរុបចំនួន ២៩ ៥៧៨ នាក់ (ស្រី ១០ ៤៣២ នាក់) ក្នុងនោះ រាជធានីភ្នំពេញ ចំនួន ១០ ៩៨៥ នាក់ (ស្រី ៣ ៧៣៣ នាក់), ខេត្តបាត់ដំបង ចំនួន ៣ ៧១២ នាក់ (ស្រី ១ ៥៨០ នាក់), ខេត្តសៀមរាបចំនួន ២ ១១៤ នាក់ (ស្រី ៥៨១ នាក់), ខេត្តព្រះសីហនុចំនួន ១ ១៦៥ នាក់ (ស្រី ៤១៤ នាក់), ខេត្តកំពតចំនួន ១ ០២៨ នាក់ (ស្រី ២៨០ នាក់), និងបណ្ដាខេត្តផ្សេងៗ ចំនួន ១០ ៥៧៤ នាក់ (ស្រី ៣ ៨៤៤ នាក់)៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


