ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃនឹងបន្តពិនិត្យករណីឧត្តមសេនីយ៍ត្រីម្នាក់ ក្រោយសាមីខ្លួនថា ពិតជាបានយកប្រាក់ពីអាជ្ញាធរស្រុកពិតមែន
ក្រោមការស៊ើបអង្កេតស្រាវជ្រាវពីសំណាក់ក្រុមការងារនៃអគ្គាធិកាដ្ឋានក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ បានទទួលស្គាល់ថា លោកពិតជាបានទទួលថវិកាពីស្រុកចំនួន៣ ក្នុងខេត្តកំពង់ស្ពឺពិតមែន តែបានយកមកចំណាយលើការងារចុះបេសកកម្មនេះ ជាអាទិ៍ ការហូបចុក ស្នាក់នៅ និងប្រេងសាំង ជាដើម។

ការបញ្ជាក់បែបនេះពីលោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម ថា លោកឧត្តមសេនីយ៍ត្រីរូបនេះ មានការជាប់ពាក់ព័ន្ធនឹងការទទួលថវិកាពីអាជ្ញាធរឃុំមួយចំនួន នៅក្នុងខេត្តកំពង់ស្ពឺ ក្នុងពេលលោកដឹកនាំក្រុមការងារចុះធ្វើសវនកម្មនៅខេត្តកំពង់ស្ពឺ កន្លងទៅ។
ជុំវិញករណីនេះ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមលើករណីឧត្តមសេនីយ៍ម្នាក់នៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការយកថវិកាក្នុងមួយឃុំចំនួន១លានរៀល ពីឃុំចំនួន១០ ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ដល់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ អង្កេតស្រាវជ្រាវជាបន្ទាន់។

បើតាមលោក ទូច សុខៈ ក្រោយទទួលបានគោលការណ៍នេះ លោកអគ្គាធិការនៃក្រសួងមហាផ្ទៃ បានចាត់ក្រុមការងារឱ្យកោះហៅលោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ មកបំភ្លឺនៅអគ្គាធិការដ្ឋាន នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ។ ជាលទ្ធផលក្រោយការបំភ្លឺនេះ ត្រូវបានអ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ បញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះថា៖
១.លោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ ទទួលស្គាល់ថា លោកពិតជាបានដឹកនាំក្រុមការងារ៧រូប ធ្វើសវនកម្មនៅខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដោយប្រើមធ្យោបាយធ្វើដំណើររថយន្តផ្ទាល់ខ្លួនចំនួន២គ្រឿង និងទើបតែធ្វើសវនកម្មបានចំនួន៤ស្រុកប៉ុណ្ណោះ គឺស្រុកគងពិសី ស្រុកភ្នំស្រួច ស្រុកបសេដ្ឋ និងស្រុកសាមគ្គីមុនីជ័យ។
២.លោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ ទទួលស្គាល់ថា លោកបានទទួលប្រាក់ពីស្រុកទាំងបួន ក្នុងនោះមានស្រុកចំនួន៣ ទទួលបានមួយស្រុកចំនួន២លានរៀល លើកលែងតែស្រុកសាមគ្គីមុនីជ័យ ដែលមានស្មៀនឃុំមួយ បានជូនប្រាក់ជាង៦លានរៀល ប៉ុន្តែលោកបានប្រគល់ប្រាក់នោះទៅឱ្យស្មៀនវិញ ក្រោយពីមានការផ្សព្វផ្សាយតាមបណ្ដាញសង្គម។
៣.លោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ បានបញ្ជាក់ថា ថវិកាដែលបានទទួលពីស្រុកចំនួន៣ ដែលលោកមិនបានប្រគល់ជូនវិញនោះ ដោយសារបានចំណាយលើការជួសជុលរថយន្តចុះបេសកកម្ម ប្រេងសាំង អាហារក្រុមការងារ ការស្នាក់នៅ និងឧបត្ថម្ភដល់ក្រុមការងារ។

ជានីតិវិធីបន្ត លោក ទូច សុខៈ បញ្ជាក់ថា ក្រសួងមហាផ្ទៃ នឹងពិនិត្យលើករណីនេះបន្ថែមទៀតដោយយោងលើភាពជាក់ស្ដែង និងដោយផ្អែកលើវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា។ តែយ៉ាងណា អ្នកនាំពាក្យរូបនេះ ក៏បានលើកឡើងពីស្វាគមន៍របស់ក្រសួងមហាផ្ទៃ ដោយលោក ថា ដើម្បីប្រសិទ្ធភាពនៃការងារកំណែទម្រង់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងទស្សនៈដឹកនាំ «សម្អាតផ្ទះយើង» របស់សម្ដចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ការចូលរួមចំណែកពីប្រព័ន្ធផ្សព្វផ្សាយ និងសាធារណៈមតិ ពិតជាមានសារៈសំខាន់ណាស់។
ក្នុងន័យនេះ ក្រសួងមហាផ្ទៃ លើកទឹកចិត្ត និងទទួលយកដោយការពិចារណាខ្ពស់នូវព័ត៌មានទាំងឡាយដែលពាក់ព័ន្ធនឹងវិស័យស្ថិតក្រោមសមត្ថកិច្ច ជាពិសេសព័ត៌មានអំពីករណីមិនប្រក្រតីនៃការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ គ្រប់ថ្នាក់ ក៏ដូចជាសំណើ សំណូមពរ និងមតិយោបល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ជាមួយគ្នានេះ លោក ក៏បង្ហាញពីភាពចាំបាច់ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងរាល់ព័ត៌មានក្លែងក្លាយ ការផ្សព្វផ្សាយទាំងឡាយដែលគ្មានវិជ្ជាជីវៈ និងមានចេតនាអវិជ្ជមានផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


