កីឡា
ដើម្បីជាតិ កញ្ញា ទួន ស្រីភីន មិនខ្វល់រឿងគ្រោះថ្នាក់ក្នុងការប្រកួតគុនចម្រុះអាស៊ី
កីឡាការិនីប្រដាល់គុនខ្មែរ ទួន ស្រីភីន មិនធ្លាប់បានហ្វឹកហាត់កីឡាគុនចម្រុះ (MMA) មុនពេលសហព័ន្ធកីឡាគុនចម្រុះកម្ពុជាជ្រើសរើសយកកញ្ញាជាកីឡាការិនីជម្រើសជាតិចូលរួមប្រកួតគុនចម្រុះអាស៊ី លើកទី២ ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ទួន ស្រីភីន បានប្រាប់ថា បន្ទាប់ពីវិលត្រឡប់មកពីប្រកួតគុនខ្មែរនៅប្រទេសបារាំងកាលពីថ្ងៃទី២ ខែមិថុនា និងដល់ថ្ងៃធ្វើសន្និសីទសារព័ត៌មានអំពីការប្រកួតចម្រុះអាស៊ី កាលពីថ្ងៃទី១២ ខែមិថុនា មក កញ្ញាមិនទាន់បានហ្វឹកហាត់គុនចម្រុះម្តងណាសោះ បើទោះបីជាមានឈ្មោះចូលរួមប្រកួតគុនចម្រុះអាស៊ីក៏ដោយ។

ចាប់ពីថ្ងៃទី១៣ ខែមិថុនា ទើបកញ្ញា បានចូលជំរំហ្វឹកហាត់គុនចម្រុះជាមួយកីឡាករ កីឡាការិនីជម្រើសជាតិផ្សេងទៀតនៅក្លិប Cambodian Top Team ដែលមានលោកគ្រូ ហ៊ុន ចន្ទរាជ និងគ្រូជំនាញគុនចម្រុះជាច្រើនរូបទៀត។ កីឡាការិនី ទួន ស្រីភីន បានប្រាប់ថា សម្រាប់ការហ្វឹកហាត់ និងប្រកួតគុនចម្រុះលើកដំបូងនេះគឺប្លែក ពិបាកសម្រាប់នាង ពីព្រោះមិនមែនជាជំនាញរបស់ខ្លួន។
ស្រីភីន បាននិយាយថា ៖«ខ្ញុំធ្លាប់តែវ៉ៃឈរ តែមកហ្វឹកហាត់វ៉ៃឈរ ដេក អង្គុយ អីចឹងទៅវាពិបាក តែអារម្មណ៍ខ្ញុំអត់ភ័យខ្លាចអ្វីទេ។ ខ្ញុំធ្វើចិត្តឲ្យសប្បាយៗ ជិតដល់ថ្ងៃប្រកួតហើយ»។
ជាពិសេសទៀតនោះ ការជាប់ជម្រើសជាតិគឺជាក្តីស្រមៃរបស់នាងតាំងពីតូចមិនថាកីឡាអ្វីនោះទេគឺជាអ្វីដែលកញ្ញាលះបង់គ្រប់បែបយ៉ាងដើម្បីជាតិ។ កញ្ញាបានលើកឡើងថា ៖«ខ្ញុំដឹងថា ពិបាក តែប្រកួតតំណាងជាតិ យើងជាម្ចាស់ផ្ទះ។ សហព័ន្ធគុនចម្រុះផ្តល់ឱកាសឲ្យខ្ញុំគឺខ្ញុំត្រូវតែលះបង់គ្រប់បែបយ៉ាងដើម្បីជាតិ។ ទោះបីជាខ្ញុំជួបបញ្ហា ឧបសគ្គគ្រោះថ្នាក់យ៉ាងណា ក៏ខ្ញុំមិនសោកស្តាយដែរគឺលះបង់ដើម្បីជាតិដែរ»។

កីឡាការិនីគុនខ្មែររូបនេះសង្កត់ធ្ងន់ថា ៖«វាមានតម្លៃធំធេងណាស់សម្រាប់ខ្ញុំក្នុងនាមជាកីឡាការិនីតំណាងជាតិ។ ពាក្យថា តំណាងជាតិ ឬជម្រើសជាតិគឺជាក្តីសុបិនតាំងពីតូច»។
កញ្ញា ទួន ស្រីភីន បន្ថែមថា ៖«ក្បាច់គុន យើងមិនត្រូវចេះតែមួយមុខទេគឺយើងត្រូវចេះច្រើនមុខ ពីព្រោះយើងត្រូវវ៉ៃគុនខ្មែរ គុនចម្រុះ ឃីកបុកស៊ីងជាដើម។ ការបន្ថែមបច្ចេកទេសកីឡាកាន់ច្រើន គឺកាន់តែល្អ»។
នេះជាកីឡាទី២ដែលកីឡាការិនី ទួន ស្រីភីន ទទួលបានឱកាសប្រកួតឲ្យតំណាងជាតិ បន្ទាប់ពីកញ្ញាធ្លាប់ជាប់ជម្រើសជាតិគុនខ្មែរសម្រាប់ការចូលរួមប្រកួតក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ។ នៅពេលនោះ កញ្ញាទទួលបានមេដាយប្រាក់។
ទួន ស្រីភីន ស្ថិតក្នុងចំណោមកីឡាការិនី៥រូបគឺ ខៀវ ចិន្ដារ័ត្ន, នៅ ស្រីពៅ, គុណ វ៉ាន់នីតា, សំ ថារ័ត្ន និងកីឡាករ១១រូបគឺ ផេង សុបញ្ញា, ឡុង ឡា, រិន សារ័ត្ន, ហ៊ុន គឹមហៀង, មាស ម៉ើ, សែន ច័ន្ទឫទ្ធិគុន, ហ៊ុន ចន្ទរាជ, ធាន អាន, ចាន់ រតនា, អេ វីរៈខាំឈីតភូថង និង ហាត ភី សម្រាប់់ការប្រកួតគុនចម្រុះអាស៊ី លើកទី២ នៅថ្ងៃទី១១-១២-១៣ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

គោលបំណងធំបំផុតនៃការរៀបចំព្រឹត្តិការណ៍គុនចម្រុះនេះដើម្បីជំរុញ ផ្សព្វផ្សាយ និងលើកកម្ពស់តម្លៃកីឡាគុនចម្រុះឲ្យក្លាយជាកីឡាផ្លូវការ ស្តង់ដាត្រឹមត្រូវដើម្បីចូលក្នុងព្រឹត្តិការណ៍កីឡាអាស៊ី និងកីឡាអូឡាំពិក។
ការប្រកួតគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅប្រទេសកម្ពុជា ក៏ជាការប្រកួតជម្រុះដើម្បីជ្រើសរើសជ័យលាភីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍«កីឡាក្នុងសាល និងក្បាច់គុនអាស៊ី (Asian Indoor and Martial Arts Games) នាខែវិច្ឆិកា ឆ្នាំ២០២៤ នៅប្រទេសថៃ៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម៥ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


