ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនចិន BYD ទិញភាគហ៊ុន ២០ ភាគរយ ពីតំណាងចែកចាយថៃ Rever Automotive
ក្រុមហ៊ុនផលិតរថយន្តអគ្កិសនីយក្សចិន BYD បានប្រកាសកាលពីចុងសប្ដាហ៍ថា ក្រុមហ៊ុនបានចុះហត្ថលេខាទិញភាគហ៊ុន ២០ ភាគរយ ពីក្រុមហ៊ុនចែកចាយរថយន្តក្នុងស្រុក Rever Automotive របស់ថៃ ដែលជាប្រទេសទីផ្សារលក់រថយន្តនៅបរទេសសម្រាប់ BYD ដ៏ធំបំផុត។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

យោងតាមសេចក្តីថ្លែងការណ៍ ក្រុមហ៊ុនទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញភាគហ៊ុនកាលពីថ្ងៃទី ៦ ខែកក្កដា ដើម្បីរួមគ្នាជំរុញការប្រកួតប្រជែងនៅក្នុងឧស្សាហកម្មរថយន្តថៃ។ ការទិញភាគហ៊ុននេះ ធ្វើឡើងក្រោយ BYD បានបើករោងចក្រផលិតរថយន្តអគ្កិសនីរបស់ខ្លួនតម្លៃជិត ៥០០ លានដុល្លារ នៅខេត្តរ៉ាយ៉ង ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ដោយមានសមត្ថភាពផលិតរថយន្តប្រមាណ ១៥០ ០០០ គ្រឿងក្នុង១ឆ្នាំ។
អ្នកគ្រប់គ្រងទូទៅផ្នែកលក់រថយន្តប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ BYD លោក Liu Xueliang បាននិយាយថា៖ «យើងមានសេចក្តីរំភើបរីករាយ ក្នុងការធ្វើឱ្យភាពជាដៃគូរបស់យើងកាន់តែស៊ីជម្រៅ ដើម្បីបង្កើនល្បឿននៃការប្រើប្រាស់យន្តអគ្គិសនី និងរួមចំណែកដល់ការផ្លាស់ប្តូររបស់ថៃ ឆ្ពោះទៅរកអនាគតប្រកបដោយនិរន្តរភាពបន្ថែមទៀត»។
គួរគូសបញ្ជាក់ថា ក្រុមហ៊ុន Rever Automotive ដែលជាក្រុមហ៊ុនចែកចាយលក់រថយន្ត និងមានបន្ទប់តាំងបង្ហាញរថយន្តចំនួន ១០០ កន្លែងនៅទូទាំងប្រទេសថៃ បានចាប់ផ្តើមការលក់រថយន្តរបស់ BYD ក្នុងឆ្នាំ ២០២២ ហើយក្រោយមក រថយន្ត BYD ក៏បានក្លាយជាម៉ាករថយន្តអគ្គិសនីលក់ដាច់បំផុតប្រចាំប្រទេសនេះ។

បច្ចុប្បន្ន ថៃគឺជាមជ្ឈមណ្ឌលដំឡើង និងនាំចេញរថយន្តក្នុងតំបន់ ដោយមានក្រុមហ៊ុនផលិតរថយន្តជប៉ុនដូចជា Toyota Motor និង Honda Motor Co ក៏ដូចជា Isuzu Motors រួមចំណែកទីផ្សារមួយភាគធំជាយូរមកហើយ។ យ៉ាងណាមិញ ក្រុមហ៊ុនបរទេសទាំងនេះ កំពុងរងនៅការប្រកួតប្រជែងយ៉ាងខ្លាំងពីក្រុមហ៊ុនចិន ជាពិសេស BYD។ ក្នុងត្រីមាសទី១នៃឆ្នាំ ២០២៤ ក្រុមហ៊ុន BYD បានគ្រប់គ្រងចំណែកទីផ្សាររថយន្តអគ្គិសនីរបស់ថៃប្រមាណ ៤៦ ភាគរយ។ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ Counterpoint ។
គួរកត់សម្គាល់ផងដែរថា ការទិញភាគហ៊ុន កើតឡើងនៅពេលដែល Rever ប្រឈមមុខនឹងការស៊ើបអង្កេតរបស់រដ្ឋាភិបាលជុំវិញការបញ្ចុះតម្លៃយ៉ាងសន្ធឹកសន្ធាប់ ដែលធ្វើឱ្យអតិថិជនចាស់ៗមួយចំនួនមានអារម្មណ៍ថា ពួកគេបានចំណាយប្រាក់ទិញរថយន្តលើសលុប ធៀបនឹងតម្លៃបច្ចុះថ្មីៗ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


