កីឡា
មកដល់កម្ពុជា វណ្ណដា ពោលពាក្យដ៏មានន័យទៅលោកគ្រូតា គង់ ណៃ
តារាចម្រៀងរ៉េបលំដាប់ឈានមុខនៅកម្ពុជា ម៉ាន់ វណ្ណដា បានវិលត្រឡប់មកដល់ប្រទេសកំណើតនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីបានបង្កើតមោទនភាពជូនជាតិតាមរយៈការចូលរួមសម្តែងក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងបារីស ប្រទេសបារាំង។

លោក វណ្ណដា បានលើកយកបទចម្រៀង«Time To Rise» ដែលលោកបានច្រៀងរួមជាមួយព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ កាលពីឆ្នាំ២០២១ ដែលបានក្លាយជាបទចម្រៀងទទួលបានការគាំទ្របំផុតទាំងក្នុង និងក្រៅប្រទេស។ ការសម្តែងរបស់លោកដែលបានធ្វើឲ្យពិភពលោកស្គាល់ពីកម្ពុជា ស្របពេលព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ បានលាកចាកលោកទៅហើយ។
ការសម្តែងបទចម្រៀងក្នុងព្រឹត្តិការណ៍កីឡាពិភពលោកនេះ លោក វណ្ណដា បានឧទ្ទិសជូនលោកគ្រូតា និងសង្ឃឹមវិញ្ញាណក្ខន្ធលោកគ្រូព្រឹទ្ធចារ្យទទួលបានភាពសប្បាយរីករាយចំពោះអ្វីដែលខ្លួនបានធ្វើនៅពេលនេះ។

លោក វណ្ណាដា បានលើកឡើងថា ៖«អាចនិយាយថា នេះជារឿងដ៏ធំមួយដែលខ្ញុំធ្វើដើម្បីលោកគ្រូ។ មុននឹងសម្តែងខ្ញុំបាននិយាយទៅកាន់លោកគ្រូដូចគ្នា។ ខ្ញុំបានប្រាប់លោកថា ចៅបានធ្វើរឿងមួយទៀតហើយសម្រាប់លោកគ្រូ។ ខ្ញុំមានអនុស្សាវរីយ៍ មានវត្ថុអនុស្សាវរីយ៍ជាច្រើន ពេលមកដល់កម្ពុជា ខ្ញុំនឹងចុះទៅលេងគាត់ផ្ទាល់។ ខ្ញុំសង្ឃឹមថា លោកគ្រូសប្បាយចិត្តចំពោះអ្វីដែលខ្ញុំបានធ្វើរឿងមួយនេះ»។
នៅពេលសួរថា តើលោក វណ្ណដា ជ្រើសរើសបទចម្រៀងដោយខ្លួនឯង ឬខាងកម្មវិធីតម្រូវឲ្យច្រៀង? លោកបានឆ្លើយថា ៖«ជាការសម្រេចចិត្តជ្រើសរើសដោយខ្លួនឯង»។

ពាក់ព័ន្ធនឹងចម្ងល់ថា ហេតុអ្វីបានជាមុនចេញទៅសម្តែងមានស្ងប់ស្ងាត់គ្មាននរណាដឹង លោក វណ្ណដា ឆ្លើយថា ៖«ខ្ញុំគិតថា នេះជាចំណុចដ៏ល្អ នៅពេលគេឆ្ងល់ គេរឹតតែចង់ដឹង។ ខ្ញុំគិតថា ភាសាខ្មែរយើងសម្រាប់រ៉េបគឺពិរោះខ្លាំងមែនទែន ហើយគេចង់ដឹង ចង់ស្គាល់ ហើយបកប្រែយ៉ាងមិច ហើយខ្ញុំគិតថា Time To Rise ជាបទមួយដែលល្អបំផុត គឺល្អឥតខ្ចោះសម្រាប់ព្រឹត្តិការណ៍មួយនេះ ហើយបារាំងគឺកំពុងតែ Time To Rise ដូចគ្នា»។
តារាចម្រៀង វណ្ណដា បានបន្តថា ៖«ការនាំយកទង់ជាតិខ្មែរ ក៏ដូចជានាំយកភាសាខ្មែរគឺខ្ញុំមានមោទនភាពមែនទែនដែលបានទៅសម្តែងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅប្រទេសបារាំង។ ខ្ញុំអាចនិយាយបានថា តើអាចប៉ុន្មានឆ្នាំមានម្តង ពីព្រោះជាឱកាសមួយជីវិតពេលខ្លះមានតែម្តងទេ។ អីចឹងមានមោទនភាពខ្លាំងមែនទែនសម្រាប់ខ្ញុំផ្ទាល់ សម្រាប់ប្រជាជាតិ សម្រាប់ប្រទេសយើងគឺខ្ញុំគិតថា នេះគឺជាភាពឈ្នះដ៏ធំមួយ។ ខ្ញុំសង្ឃឹមថា នឹងមានអ្វីដែលភ្ញាក់ផ្អើលទាំងអស់គ្នាបន្តទៀត»។

លោក ម៉ាន់ វណ្ណដា បានអរគុណដល់ថ្នាក់ដឹកនាំមានសម្តេចធិបតីនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាដែលបានគាំទ្រ និងអបអរសាទរដល់លោក។
សូមបញ្ជាក់ថា ការសម្តែងក្នុងពិធីបិទកីឡាអូឡាំពិក ឆ្នាំ២០២៤ មានតារាចម្រៀងល្បីៗលំដាប់ពិភពលោកជាច្រើនត្រូវបានជ្រើសរើសឲ្យចូលរួមសម្តែង ប៉ុន្តែបើនិយាយពីតំបន់អាស៊ីមានតែលោក វណ្ណដា តែម្នាក់គត់។ តាមលំដាប់នៃការសម្តែងនារាត្រីថ្ងៃអាទិត្យ ទី១១ ខែសីហា នៅពហុកីឡដ្ឋាន Stade de France ត្រូវបានគេឃើញបង្ហាញវត្តមានដំបូងដោយតារាចម្រៀងស្រីអាមេរិក Golden Voyager។ បន្ទាប់មកក្រុមតារាចម្រៀងបារាំងដ៏ល្បី Phoenix ដែលមានសមាជិកច្រើនចូលរួមសម្តែង ក្នុងនោះមានតារាចម្រៀងស្រីរបស់ប្រទេសបែលហ្ស៊ិក Angèle ផងដែរ មុនពេលបង្ហាញខ្លួនសម្តែងទោលរបស់លោក ម៉ាន់ វណ្ណដា៕

អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


