សន្តិសុខសង្គម
ស្នងការខេត្តកោះកុង កំពុងអនុវត្តនីតិវិធីលើសំណុំរឿងអធិការរងស្រុកគិរីសាគរម្នាក់បាញ់បោះក្នុងវង់ផឹកស៊ី
ស្នងការដ្ឋាននគរបាលខេត្តកោះកុង កំពុងអនុវត្តនីតិវិធីច្បាប់ទៅលើលោកអធិការរងស្រុកគិរីសាគរម្នាក់ដែលបានផឹកស៊ីបាញ់បោះសេរី ក្នុងអំឡុងពេលមានការយកចិត្តទុកដាក់លើវិធាការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់។

លោក ស សារ៉ាត់ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានបញ្ជាក់ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ថា លោកវរៈសេនីយ៍ទោ ហ៊ុម សារឺន អធិការរងនៃអធិការដ្ឋាននគរបាលស្រុកគិរីសាគរ បាននិងកំពុងសាកសួរ ប្រមូលភស្តុតាង និងអនុវត្តនីតិវិធីច្បាប់ ក្រោយពីធ្វើសកម្មភាពផឹកស៊ីជួបជុំគ្នានៅអាហារដ្ឋានមួយកន្លែងស្ថិតនៅទំនប់ទឹកអូរជើងស៊ន ភូមិពាមកាយ ឃុំកោះស្តេច កាលពីយប់ម៉ោង១៩និង៣០នាទីថ្ងៃទី១៧ ខែសីហា កន្លងទៅ។
លោកស្នងការរងខេត្តបន្តថា ជនសង្ស័យដែលមានតួនាទីជាអធិការរងស្រុកឈ្មោះ ហ៊ុម សារឺន ក៏បានឆ្លើយសារភាពផងដែរថា ខ្លួនពិតជាបានបាញ់បោះចំនួន៤គ្រាប់ប្រាកដមែន ដោយសារតែផឹកស្រាស្រវឹងបាត់បង់ស្មារតី ស្របពេលមិនគ្មានទំនាស់អ្វីជាមួយអ្នកជួបជុំគ្នាឡើយ ចំពេលដែលជាថ្ងៃខួបកំណើតរបស់គាត់។ ទោះជាយ៉ាងណា លោកស្នងការរងនគរបាលខេត្ត ក៏បានសុំគោលការណ៍ពីថ្នាក់ដឹកនាំនៃអគ្គស្នងការនគរបាលជាតិ ហើយថែមទាំងបានចាត់កម្លាំងជំនាញចុះស៊ើបអង្កេតនៅទីតាំងកើតហេតុជាថ្មីម្តងទៀត។

គួរកត់សម្គាល់ថា សកម្មភាពផឹកស៊ីបាញ់បោះសេរីដោយសារអំណាចឥទ្ធិពលគ្រឿងស្រវឹងរបស់លោកឈ្មោះ ហ៊ុម សារឺន គឺចំពេលដែលរដ្ឋាភិបាលបានប្រកាសអាសន្នចំណុចខ្ពស់នៅថ្ងៃទី១៧ និង១៨ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីក្រុមជ្រុលនិយមមួយចំនួនតូចបានបង្កើតគ្រុប telegram និងគ្រុបផ្សេងៗទៀតក្នុងបណ្តាញសង្គម ដើម្បីកៀរគរគ្នាចូលរួមធ្វើបាតុកម្មក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

អំឡុងពេលនោះហើយដែលកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកោះកុង ក៏ដូចជាទូទាំងប្រទេស ត្រៀមប្រចាំការ២៤ម៉ោងដើម្បីការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងទប់ស្កាត់បក្ខពួកជ្រុលនិយមទាំងនោះដែលបានចាញ់បោក ឃោសនាពួកប្រឆាំងដែលរស់នៅក្រៅស្រុក។ ប៉ុន្តែជាបែរលោកអធិការរងនគរបាលស្រុកគិរីសាគរ ខាងលើ យកពេលវេលាទៅជួបជុំគ្នាផឹកស៊ីសប្បាយបាត់ម្ចាស់ការចំពោះបទបញ្ជាតួនាទីភារកិច្ចរបស់ខ្លួនដែលប្រគល់ដោយថ្នាក់ដឹកនាំខេត្ត។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន បង្ហាញថា លោក ហ៊ុម សារឺន បានអង្គុយផឹកស៊ីមានគ្នា៤នាក់ក្នុងនោះក៏មានជនជាតិចិនផងដែរ តែមិនដឹងជាមានរឿងអ្វីស្រាប់តែលោក ហ៊ុម សារឺន បានដកកាំភ្លើងម៉ាកឡុកបាញ់ឡើងទៅលើចំនួន៥គ្រាប់ ហើយដើរច្រង៉េងច្រង៉ាង ពេញហាងដោយមិនតក់ស្លត់មិនភ័យខ្លាចអ្វីទាំងអស់។ យ៉ាងណាមិញ ព័ត៌មាននេះទើបតែផ្ទុះផ្សព្វផ្សាយដឹងដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ និងប្រជាពលរដ្ឋនៅថ្ងៃទី២០ ខែសីហា៕
អត្តបទ៖ រីវឌ្ឍនៈ

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


