ព័ត៌មានជាតិ
សេវាច្រកចេញចូលតែមួយតាមប្រព័ន្ធអនឡាញ បាននិងកំពុងដាក់សាកល្បងនៅក្រុងស្រុកខណ្ឌ ចំនួន៥
រដ្ឋបាលក្រុង-ស្រុក-ខណ្ឌចំនួន៥ បានដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ពាក្យស្នើសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ។ ក្រុង-ស្រុក-ខណ្ឌ ទាំងនេះ រួមមាន រដ្ឋបាលក្រុងបាត់ដំបង ស្រុកមោងឫស្សី ស្រុកបាណន់ ខណ្ឌទួលគោក និងរដ្ឋបាលក្រុងសិរីសោភ័ណ។ នេះតាមការឱ្យដឹងដោយអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

ដំណើរការសាកល្បងសេវាច្រកចេញចូលតែមួយតាមប្រព័ន្ធអនឡាញនេះ គឺស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយបានកំណត់យកអាទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ប្រភេទសេវាដែលបាននិងកំពុងអនុវត្តសាកល្បងតាមបណ្ដាក្រុង ស្រុក ខណ្ឌទាំងនោះ រួមមាន ១) ការងារនីត្យានុកូលកម្មមានចំនួន៣សេវា (អត្តសញ្ញាណបណ្ណ សៀវភៅស្នាក់នៅនិងសៀវភៅគ្រួសារ) ២) ការងារអត្រានុកូលដ្ឋានចំនួន៣សេវា (សេចក្តីចម្លងឬបញ្ជាក់សំបុត្រកំណើត សេចក្ដីចម្លងឬបញ្ជាក់សំបុត្រអាពាហ៍ពិពាហ៍ និងសេចក្ដីចម្លងឬបញ្ជាក់សំបុត្រមរណភាព) និង៣) វិស័យទេសចរណ៍ចំនួន៣ សេវា (ការស្នើសុំបើកថ្មី ស្នើសុំបន្តសុពលភាពនិងស្នើសុំប្តូរម្ចាស់ចំពោះអាជីវកម្មផ្ទះសំណាក់ចាប់ពី៨បន្ទប់ចុះក្រោម)។

ផ្អែកតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងផ្សេងៗគ្នានោះ គឺនីតិវិធីនៃការផ្តល់សេវាតាមប្រព័ន្ធអនឡាញខាងលើនេះ នឹងប្រព្រឹត្តទៅតាមដំណាក់កាលនីមួយៗ រួមមាន ១-ការទទួលពិនិត្យនិងវាយតម្លៃលើសំណុំឯកសារស្នើសុំសេវា ២-ការបង់កម្រៃសេវារដ្ឋបាល(ក្នុងករណីតម្រូវបង់) ៣-ការពិនិត្យ និងផ្តល់យោបល់បច្ចេកទេស ៤-ការពិនិត្យនិងការសម្រេច និង៥-ការផ្តល់លទ្ធផលសម្រេច។ ដំណាក់កាលចុងក្រោយ គឺមានន័យថា ប្រជាពលរដ្ឋដែលបានស្នើសុំសេវានឹងត្រូវទទួលយកសេវានោះដោយផ្ទាល់ បន្ទាប់ពីបានអនុវត្តនីវិធីតាមប្រព័ន្ធអនឡាញ។
ជាការកត់សម្គាល់ រាល់ឯកសារដែលស្នើសុំសេវាតាមប្រព័ន្ធអនឡាញត្រូវថតឱ្យបានច្បាស់ ឬផ្ញើជាFile PDF តាមរយៈគេហទំព័រ https://onlinedmk.owso.gov.kh/។ ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋនៅតែអាចបន្តស្នើសុំសេវាដូចគ្នានេះនៅការិយាល័យច្រកចេញចូលតែមួយក្រុងស្រុកខណ្ឌជាធម្មតា ទាំងសេវាដែលដាក់ឱ្យដំណើរការសាកល្បងតាមប្រព័ន្ធ អនឡាញ និងសេវាជាប្រក្រតីផ្សេងទៀត ដោយនៅទីនោះ មានក្រុមមន្រ្តីចាំទទួលស្វាគមន៍ និងប្រឹក្សាយោបល់ប្រកបដោយក្ដីរាក់ទាក់បំផុត។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្ថែមថា ការដាក់ឱ្យដំណើរការសាកល្បងនូវសេវាច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ តាមប្រព័ន្ធអនឡាញនេះស្ដែងឡើងស្របតាមគោលការណ៍ណែនាំ និងទិសដៅអាទិភាពការងារ ដែលដាក់ចេញដោយលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ទិសដៅអាទិភាព គឺការខិតខំជំរុញការធ្វើទំនើបកម្មសេវាមួយចំនួនពីបែបប្រពៃណី ឬការជួបផ្ទាល់មកជាការរៀបចំតាមអនឡាញជាមុន ដើម្បីផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ស្របតាមទស្សនៈ «ធ្វើអ្វីៗដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


