Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល សហការជាមួយក្រសួងមុខងារសាធារណៈ ដើម្បីអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ

បានផុស

នៅ

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល រៀបចំសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសុខាភិបាល។ តាមរយៈនេះ​​ ក្រសួងសុខាភិបាល បង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការសហការជាមួយក្រសួងមុខងារសាធារណៈ ដើម្បីអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលារវាងក្រសួងទាំងពីរ បានរៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) នៅទីស្តីការក្រសួងសុខាភិបាល។

មតិស្វាគមន៍អង្គសិក្ខាសាលា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំក្នុងការចូលរួមអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ជាមួយក្រសួងមុខងារសាធារណៈ។ លោកសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានលើកឡើងថា ការផ្តួចផ្តើមរៀបចំសិក្ខាសាលានាពេលនេះ ជាការគិតគូរយ៉ាងសមស្របក្នុងការទទួលព័ត៌មាន ការពិភាក្សាផ្លាស់ប្តូរយោបល់ និងទទួលការណែនាំពីឧបនាយករដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ដើម្បីពង្រឹងការសហការគ្នាលើការកែទម្រង់រដ្ឋបាលសាធារណៈ នៅក្រសួងសុខាភិបាល ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

លោករដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីចូលរួមក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល តាមរយៈការសហការការងារយ៉ាងជិតស្និតជាមួយក្រសួងមុខងារសាធារណៈ ក្រសួងសុខាភិបាលបានបង្កើតក្រុមការងារចំនួន៣ រួមមាន៖ ១) ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ ២) ក្រុមការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងសុខាភិបាល និង៣) ក្រុមការងារការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីសុខាភិបាល។

សូមជម្រាបថា សិក្ខាសាលានេះ រៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈចំនួនពីរ រួមមាន៖ ១) ការបង្ហាញវឌ្ឍនភាពការងារបឋម នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង២) ការរៀបចំ និងការអនុវត្តការងាររួមគ្នាក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម