ព័ត៌មានជាតិ
ព្រះមហាក្សត្រី ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតពីរដ្ឋាភិបាលចិន
សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ទទួលបានគ្រឿងឥស្សរិយយស « មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
ព្រះរាជពិធីថ្វាយគ្រឿងឥស្សរិយយសជាផ្លូវការនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានមហាប្រជាជនចិន ដោយលោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
យោងតាមទំព័រហ្វេសប៊ុក រ៉ូយ៉ាលឌូយខាំបូដ( Royal du Cam bodge)ដែលចេញផ្សាយនៅថ្ងៃទី៥ខែវិច្ឆិកានេះឲ្យដឹងថា គ្រឿង ឥស្សរិយយស « មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន»គឺសម្រាប់ឥស្សរជនឆ្នើមបរទេស ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើទំនើបភាវូបនីយកម្មសង្គមនិយមចិន ការជំរុញការផ្លាស់ប្ដូរ កិច្ចសហប្រតិបត្តិការរវាងចិន និងបណ្ដាប្រទេសបរទេស និងការពារសន្តិភាពពិភពលោក។

ការថ្វាយគ្រឿងឥស្សរិយយសថ្វាយសម្ដេចព្រះមហាក្សត្រីនេះ គឺក្នុងគោលបំណងដើម្បីជាកិច្ចថ្វាយការដឹងគុណ ក្នុងការចូលរួមចំណែកដ៏ធំធេង នៃសម្ដេចព្រះមហាក្សត្រី ចំពោះចំណងមិត្តភាព កម្ពុជា-ចិន។
បើតាមទំព័រហ្វេសប៊ុកដដែលបានសរសេរថា សម្ដេចព្រះមហាក្សត្រី ព្រះអង្គបានរួមចំណែកដ៏សំខាន់បំផុត ជាមួយ សម្ដេចព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងលោក ជូ អេនឡាយ ក្នុងនាម លោកប្រធាន ម៉ៅ សេទុង និងមហាប្រជាជនចិន ក្នុងការកសាងចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងបានចូលរួមបន្តថែរក្សា ជាមួយនឹងថ្នាក់ដឹកនាំកំពូលៗចិន រហូតមកដល់ពេលបច្ចប្បន្ន ហើយ ព្រះអង្គ នៅតែគង់ជាសាក្សីដ៏សំខាន់ក្នុងដំណើរប្រវត្តិសាស្រ្តជាង ៧០ឆ្នាំកន្លងមកនេះ ។

ក្នុងព្រះបរមនាមជា ព្រះមហេសី នៃព្រះប្រមុខរដ្ឋ នៃប្រទេសមួយ ព្រះអង្គ បានគាល់បម្រើ និងរួមចំណែកយ៉ាងក្លៀវក្លា ជាមួយ សម្ដេចឪ ក្នុងការទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ នៃប្រទេសចិន មកកាន់កម្ពុជា ជាពិសេសក្រោយពេលដែលស្ថានការណ៍នយោបាយកម្ពុជា មានការប្រែប្រួលយ៉ាងខ្លាំង ចំពោះការប្រឈមក្រោយរដ្ឋប្រហារ ថ្ងៃទី ៨ មីនា ធ្វើឲ្យ ព្រះអង្គទាំងទ្វេ ត្រូវភៀសព្រះកាយទៅគង់នៅទីក្រុងប៉េកាំង ។
នៅក្នុងជីវិតនិរទេស នាទីក្រុងប៉េកាំង ព្រះអង្គ បានបំពេញព្រះរាជតួនាទី ជាព្រះរាជលេខាធិការផ្ទាល់ របស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ដោយ ព្រះអង្គ បានជួយរៀបចំលិខិតឆ្លងឆ្លើយ លិខិតឯកសារផ្សេងៗ ការស្រង់ព័ត៌មាន និងការកត់ត្រាទុកនូវព័ត៌មានលើទំព័រការសែតដែលទាក់ទងនិងសភាពការណ៍នៃប្រទេសកម្ពុជា និងបំពេញព្រះរាជតួនាទី ជាព្រះប្រធានកាកបាទក្រហមកម្ពុជា នៅក្រោមក្របខណ្ឌនៃរាជរដ្ឋាភិបាលបង្រួបបង្រួមជាតិកម្ពុជា ។

ព្រះអង្គ បានដង្ហែ សម្ដេចឪ យាងបំពេញព្រះរាជទស្សនកិច្ចនៅតាមខេត្តនានាជាច្រើន ទូទាំងសាធារណរដ្ឋប្រជាមានិតចិន ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីថ្នាក់ដឹកនាំកំពូលចិនគ្រប់ជំនាន់ និងមហាប្រជាជនចិន គ្រប់ស្រទាប់វណ្ណៈ និងក្នុងជំនួបនយោបាយសំខាន់ៗជាច្រើនរាប់មិនអស់ជាមួយថ្នាក់ដឹកនាំកំពូលៗរបស់ចិន។
ក្នុងបុព្វហេតុ នៃព្រះរាជកិច្ចជាប្រវត្តិសាស្រ្តដ៏សំខាន់នេះហើយ ទើបរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចថ្វាយគ្រឿងឥស្សរិយយស « មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


