សន្តិសុខសង្គម
ប្រជាពលរដ្ឋជាង២៧០គ្រួសារ នៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ទទួលបានផ្លូវក្រួសក្រហមមួយខ្សែសម្រួលដល់ការធ្វើដំណើរ
ផ្លូវក្រួសក្រហមប្រវែងជាង៤០០ម៉ែត្រ បានបើកសម្ពោធ និងប្រគល់ឱ្យប្រជាពលរដ្ឋនៅភូមិក្រឡាពាស ឃុំព្រះរំកិល បានប្រើប្រាស់ និងធ្វើដំណើរប្រាស្រ័យទាក់ទងគ្នា ក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសារ ដើម្បីលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលំជនបទនៅភូមិក្រឡាបពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សរ សុពុត្រា អភិបាលនៃគណអភិបាលខេត្ត មានប្រសាសន៍ថា ផ្លូវនេះបានបម្រើការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនៅក្នុងភូមិ ងាយស្រួលសម្រាប់ប្រាស្រ័យទាក់ទងគ្នា ពីកន្លែងមួយទៅកន្លែងមួយទៀត ជាពិសេសបានបង្កលក្ខណៈល្អប្រសើរសម្រាប់កូនចៅបានទៅរៀនសូត្រ មិនលំបាកដូចកាលពីឆ្នាំកន្លងមកទេ។
លោកអភិបាលខេត្តបន្តថា ការរៀបចំឲ្យមានផ្លូវជនបទនេះ អាជ្ញាធរមូលដ្ឋានក៏ដូចជាស្ថាប័នពាក់ព័ន្ធ បានប្រឹងប្រែង អនុវត្តឲ្យបានឆ្លើយតបទៅ នឹងយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាល គឺធ្វើឲ្យមានផ្លូវ ទឹក ភ្លើង ធនធានមនុស្ស និងបច្ចេកវិទ្យា។ ចាប់ពីទីក្រុងដល់ទីជនបទ ក្នុងគោលបំណងតែមួយគឺការលើកកម្ពស់ និងអភិវឌ្ឍន៍ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណានៅឆ្នាំ២០២៥ ឲ្យប្រព័ន្ធសេដ្ឋកិច្ចគ្រួសារកាន់តែមានការរីកចម្រើនឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺ «អភិវឌ្ឍន៍ខាងកើត អើតមើលខាងលិច អភិវឌ្ឍខាងលិច មិនភ្លេចខាងកើត»។

លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែន បានបញ្ជាក់ថា ផ្លូវដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នេះ បានកើតឡើងពីការកៀរគរធនធានថវិការបស់ក្រុមការងាររាជរដ្ឋាភិបាល និងមានការគាំទ្រជួយឧបត្ថម្ភពីសប្បុរសជននានា ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់នៅក្នុងមូលដ្ឋានឲ្យមានភាពងាយស្រួល ទៅតាមសំណូមពររបស់ពួកគាត់ដែលបានស្នើឡើងជាច្រើនឆ្នាំកន្លងមក។
លោកអភិបាលស្រុកបន្តថា នៅក្នុងភូមិនេះពីមុនមាតែផ្លូវរទេះគោ ប្រជាពលរដ្ឋបានត្រឹមតែធ្វើដំណើរដោយថ្មើជើង និង បើកបរម៉ូតូ ទៅវិញទៅមកបានតិចតួចតែប៉ុណ្ណោះ ហើយខែវស្សាភ្លៀងធ្លាក់មកម្ដងៗប្រជាពលរដ្ឋជួបភាពលំបាកក្នុងការធ្វើដំណើរទៅមកជារៀងរាល់ឆ្នាំ។

លោកអភិបាលស្រុកសុំឲ្យប្រជាពលរដ្ឋជួយថែរក្សាផ្លូវនេះសម្រាប់ប្រយោជន៍ប្រើប្រាស់ទាំងអស់គ្នាឲ្យបានយូរអង្វែង ជាពិសេស ត្រូវពិនិត្យមើលការដឹកលើសទម្ងន់។ ហើយពេលភ្លៀងមានទឹកដក់ ត្រូវជួយលុបដើម្បីលើកកម្ពស់គុណភាពផ្លូវនៅក្នុងភូមិ។
លោក វន ចាន់ម៉ៅ ប្រជាពលរដ្ឋរស់នៅភូមិក្រឡាពាស បានចាត់ទុកថា ផ្លូវនេះជាសមិទ្ធផលថ្មីមួយសម្រាប់ជំរុញឲ្យមានកំណើនសេដ្ឋកិច្ចគ្រួសារនៅក្នុងភូមិ។ លោកបន្តថា ប្រជាពលរដ្ឋចង់បានផ្លូវស្រួលក្នុងការធ្វើដំណើរយូរមកហើយ ពេលនេះជាភ័ព្វសំណាងមួយដែលប្រជាពលរដ្ឋយើងទទួលបាន គឺមានផ្លូវល្អសម្រាប់ធ្វើចរាចរណ៍ កូនចៅទៅរៀនក៏បានទាន់ពេលវរលា។ ជាសមិទ្ធផលរួមទាំងអស់គ្នាបានប្រើប្រាស់នៅក្នុងភូមិរបស់យើង ដោយមិនមានភាពលំបាកដូចកាលពីកន្លងមកទៀតទេ។

សូមបញ្ជាក់ថា ផ្លូវមួយខ្សែនេះជាសមិទ្ធផលថ្មីរបស់ប្រជាពលរដ្ឋជាង ២៧០ គ្រួសារនៅភូមិក្រឡាពាស ដែលបច្ចុប្បន្នប្រជាពលរដ្ឋភាគច្រើន ប្រកបរបរកសិកម្ម ដាំបន្លែបង្ការ និងបង្កបង្កើនផលស្រូវ ស្វាយចន្ទី ដំឡូងមីជាដើម៕
អត្ថបទ៖ ហុង វិនជូ


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ