ព័ត៌មានជាតិ
លោកស្រី ម៉ៅ ម៉ាប់ ទទួលពានរង្វាន់បារំាងអាល្លឺម៉ង់ផ្នែកសិទ្ធិមនុស្ស និងនីតិរដ្ឋឆ្នាំ២០២៤
លោកស្រី ម៉ៅ ម៉ាប់ នាយិកាអង្គការក្លាហាន បានទទួលពានរង្វាន់បារំាងអាល្លឺម៉ង់ផ្នែកសិទ្ធិមនុស្ស និងនីតិរដ្ឋឆ្នាំ២០២៤ នៅថ្ងៃទី១០ ខែធ្នូ។ លោកស្រីត្រូវបានទទួលស្គាល់ចំពោះការងារដើម្បីសិទ្ធិស្រ្តី និងយែនឌ័រ។ ការផ្តល់ពានរង្វាន់នេះគឺដើម្បីអបអរការប្រឹងប្រែងមិនចេះនឿយហត់របស់លោកស្រីក្នុងការលើកកម្ពស់សេចក្តីថ្លៃថ្នូរ យុត្តិធម៌ ស្វ័យភាពរបស់ស្ត្រីនៅកម្ពុជា។ ពានរង្វាន់ប្រគល់ដោយ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោក ស្តេហ្វាន Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា នៅក្នុងពិធីមួយរៀបចំឡើងនៅស្ថានទូតបារាំង។

តាមរយៈបទពិសោធន៍ផ្ទាល់ និងការរួមចំណែកក្នុងសកម្មភាពរួមដើម្បីសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី ម៉ៅ ម៉ាប់ គឺជាសកម្មជនមួយរូបជាមួយការប្តេជ្ញាចិត្តខ្ពស់ក្នុងវិស័យសមភាពយែនឌ័រ។ ពេលនៅអង្គការអាដហុកដែលបច្ចុប្បន្នលោកស្រីគឺជាសមាជិកក្រុមប្រឹក្សាភិបាល លោកស្រីបានបំពេញការងារក្នុងការប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយែនឌ័រ ដោយគាំទ្រលទ្ធភាពទទួលបានយុត្តិធម៌ និងការធ្វើសមាហរណកម្មអ្នករស់រានមានជីវិត ក៏ដូចជាការពារស្ត្រីចំណាកស្រុក។ បច្ចុប្បន្នជានាយិកាអង្គការក្រៅរដ្ឋាភិបាលក្លាហាន លោកស្រីដើរតួនាសំខាន់ក្នុងនាមជាស្ត្រីតស៊ូដើម្បីសមភាពយែនឌ័រ និងសិទ្ធិស្ត្រីដោយពុំមានការរើសអើងប្រភព អាយុ ពណ៌សម្បុរ និងជាតិសាសន៍ ហើយលោកស្រីគឺជាអ្នកគាំទ្រសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា(LGBT+) និងស្ត្រីមកពីសហគមន៍ជនជាតិដើម។ តាមរយៈសកម្មភាពនានា លោកស្រីចូលរួមពង្រឹងស្វ័យភាពរបស់ស្រ្តីក្នុងគ្រប់កិច្ចការ និងរួមចំណែកក្នុងការផ្សព្វផ្សាយដល់សាធារណជន និងថ្នាក់ដឹកនាំកម្ពុជា ដើម្បីផ្តល់ដំណោះស្រាយវិជ្ជមានចំពោះឧបសគ្គនានាដែលរំាងស្ទះដល់ការលើកស្ទួយសិទ្ធិស្មើភាពគ្នា។
លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានលើកឡើងថា «តាមរយៈការទូតដែលផ្តោតលើស្ត្រី ប្រទេសបារាំងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញសមភាពរវាងស្ត្រី និងបុរស និងក្នុងការប្រយុទ្ធប្រឆាំងនឹងហិង្សាដែលផ្អែកលើយែនឌ័រគ្រប់ទម្រង់ទាំងអស់។ ពានរង្វាន់នេះគឺជាការទទួលស្គាល់ការងាររបស់លោកស្រី ម៉ៅ ម៉ាប់ ដែលបានចំណាយពេលប្រមាណ២០ឆ្នាំក្នុងការការពារសិទ្ធិស្ត្រី និងការពារស្ត្រីងាយរងគ្រោះបំផុត។ ការផ្តល់ពានរង្វាន់នេះក៏ជាការទទួលស្គាល់ផងដែរនូវការប្តេជ្ញាចិត្ត និងភក្តីភាពរបស់អ្នកការពារសិទ្ធិមនុស្សកម្ពុជា»។
ចំណែកលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជាវិញ បានមានប្រសាសន៍ថា «ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស គឹជាអាទិភាពមួយនៃគោលនយោបាយការបរទេសអាល្លឺម៉ង់នៅក្នុងពិភពលោក។ ក្នុងន័យនេះ ការការពារនីតិរដ្ឋ និងសេរីភាពជាមូលដ្ឋាន គឺជាសរសរស្តម្ភនៃការប្តេជ្ញាចិត្តអន្តរជាតិរបស់អាល្លឺម៉ង់។ នៅឆ្នាំនេះ យើងប្រគល់ពានរង្វាន់ជូនលោកស្រី ម៉ៅ ម៉ាប់ ដោយសារភាពក្លាហានមោះមុតរបស់លោកស្រីក្នុងការការពារសិទ្ធិទាំងនេះ ជាពិសេសដើម្បីជាប្រយោជន៍ស្រ្តីជនជាតិដើម និងស្រ្តីដែលត្រូវបានរើសអើង។»

ក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៦មក ប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់ រួមគ្នាផ្តល់ពានរង្វាន់ដល់ឥស្សរជន អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន ព្រមទាងស្ត្រី និងបុរសនានា ដែលបំពេញការងារក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅគ្រប់ទីកន្លែងជុំវិញពិភពលោក។ ជ្រើសរើសរួមគ្នាដោយក្រសួងអឺរ៉ុប និងការបរទេសបារាំង និងក្រសួងការបរទេសអាល្លឺម៉ង់ ក្នុងឆ្នាំនេះ បុគ្គលចំនួន១៥នាក់នៅលើពិភពលោកត្រូវបានជ្រើសរើសឱ្យទទួលពានរង្វាន់នេះជាមួយលោកស្រី ម៉ៅ ម៉ាប់។
តាមរយៈពានរង្វាន់សិទ្ធិមនុស្ស និងនីតិរដ្ឋបារំាងអាល្លឺម៉ង់នេះ ប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សង្គមស៊ីវិលដើម្បីសេចក្តីថ្លៃថ្នូរនៃមនុស្សជាតិ និងសិទ្ធិមនុស្សដែលមិនអាចដកហូតបាន។ ជាការពិតណាស់ ការការពារ ការធានា និងការពង្រឹងសិទ្ធិមនុស្សគឺជាល័ក្ខខ័ណ្ឌដ៏មានសារសំខាន់សម្រាប់សេរីភាព យុត្តិធម៌ និងសន្តិភាពនៅលើពិភពលោក៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


