សន្តិសុខសង្គម
សហជីពនៅកម្ពុជា គាំទ្រការបង្កើតច្បាប់កំណត់ជនជ្រុលនិយមជាភេរវករ
សហជីពតំណាងកម្មករ និយោជិតរាប់ម៉ឺននាក់នៅកម្ពុជា បានបង្ហាញការគាំទ្រឱ្យមានការបង្កើតច្បាប់កំណត់ក្រុម ឬបុគ្គលណាដែលមានគម្រោងគប់គិតបង្កើតចលាចល បង្កភាពវឹកវរ បង្កឱ្យមានជម្លោះ ប្រឆាំងជ្រុលនិយម ប៉ុនប៉ងផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ទៅជាភេរវករ។
ការគាំទ្រនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបាន បញ្ជាក់ក្នុងពិធីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រកាលពីម្សិលមិញ។
សម្តេចតេជោថ្លែងថា «ខ្ញុំយល់ថា វាដល់ពេលហើយដែលយើងត្រូវកសាងច្បាប់ និងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើគប់គិត បង្កើតចលនាប្រឆាំងជ្រុលនិយមបង្កភាពវឹកវរ អសន្តិសុខក្នុងសង្គមបង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករដែលត្រូវនាំខ្លួនមកវិនិច្ឆ័យទោស»។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានថ្លែងថា ការបង្កើតច្បាប់កំណត់ជនជ្រុលនិយមជាភេរវករនេះ គឺជាការថែរក្សាសុខសន្តិភាពទាំងសម្រាប់កម្ពុជា និងប្រទេសដទៃទៀត ព្រោះក្រុមជ្រុលនិយមតែងតែញុះញង់ឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាលចំពោះបញ្ហាទឹកដី ព្រំដែន អធិបតេយ្យ ជាដើម ដើម្បីអូសទាញប្រជាពលរដ្ឋទៅគាំទ្រក្រុមខ្លួន សំដៅឈានទៅបង្កើតឱ្យបានជាចលនាធ្វើបដិវត្តន៍ ឬញុះញង់ឱ្យមានអំពើហិង្សាផ្ទៃក្នុងកម្ពុជា ក៏ដូចជារវាងកម្ពុជា និងប្រទេសជិតខាង ផងដែរ។

លោកបញ្ជាក់ថា «បើពុំមានច្បាប់លើក្រុម និងចលនាដែលមានគំនិតប្រឆាំងជ្រុលនិយមជាក្រុមភេរវករនោះទេ ប្រទេសកម្ពុជានឹងរងការញាំញីវាយប្រហារពីក្រុមនេះម្តងហើយម្តងទៀត បង្កើតឱ្យមានគំនិតស្អប់ រើសអើង ប្រឆាំងជាតិសាសន៍ខ្លួនឯង ក៏ដូចជាប្រទេសជុំវិញនៃប្រទេសកម្ពុជា និងរុញច្រានប្រទេសកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាមឡើងវិញជាក់ជាមិនខាន»។
លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ មើលឃើញថា ការបញ្ចេញមតិរបស់ជនមួយក្តាប់តូច បានកំពុងបញ្ចេញសំឡេងផ្ទុយពីការពិត ខុសពីអ្វីដែលមានចែងក្នុងច្បាប់ រំលោភធ្វើឱ្យប៉ះពាល់សិទ្ធិអ្នកដទៃ។ ហេតុនេះ លោកគាំទ្រពេញទំហឹង ក្នុងការបង្កើតច្បាប់ដាក់ជនជ្រុលនិយមទៅជាភេរវករ ដែលត្រូវនាំខ្លួនមកវិនិច្ឆ័យទោស ដើម្បីការពារសន្តិភាព។

លោកថ្លែងថា «ពេលមានច្បាប់នេះ គឺជនខិលខូចលែងចេះតែបញ្ចេញ លែងចេះតែធ្វើបានទៀតហើយ។ នៅពេលអត់មានច្បាប់ ពួកនេះថា គេចង់ធ្វើអីធ្វើទៅរឿងរបស់គេ ហើយនៅពេលដែលយើងថាឱ្យគេ គេថាសិទ្ធិបញ្ចេញមតិ បញ្ជេញមិនបាន តាមពិតការបញ្ចេញរបស់ពួកនេះ គឺធ្វើឡើងវាហួស វាលើស ចឹងខ្ញុំសូមគាំទ្រនូវការកសាងឱ្យមានច្បាប់ដាក់ទណ្ឌកម្មលើជនខិលខូចទាំងអស់នេះ»។
លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ថ្លែងថា ការបង្កើតច្បាប់ថ្មីនេះជាការធ្វើឱ្យសុខសន្តិភាពនៅកម្ពុជាកាន់តែរឹងមាំ និងធ្វើឱ្យពលរដ្ឋមានភាពកក់ក្តៅជាមួយការអភិវឌ្ឍ រីកចម្រើន រុងរឿងលើគ្រប់វិស័យ របស់ប្រទេសជាតិ។

លោកថ្លែងថា «ក្នុងនាមពលរដ្ឋក៏ដូចជាក្នុងនាម តំណាងកម្មករនិយោជិត ខ្ញុំសប្បាយចិត្ត និងចង់ឱ្យមានច្បាប់នេះកើតឡើង ដើម្បីប្រទេសកម្ពុជាកាន់តែមានសន្តិសុខល្អ សន្តិភាពពេញលេញបន្ថែមទៀត ដើម្បីការពារកុំឱ្យមានការកកើតឡើងវិញនូវសង្គ្រាម ឬបញ្ហាភេរវកម្មកើតឡើងនៅកម្ពុជា»។
បើតាមសហជីពខាងលើ ក្រុមប្រឆាំងជ្រុលនិយមមិនដែលមើលឃើញពីកិច្ចខិតខំប្រឹងប្រែង និងការសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់ជូនជាតិរបស់រាជរដ្ឋាភិបាលម្តងណាឡើយ ផ្ទុយទៅវិញ ពួកនេះតែងតែ ឆ្កឹះឆ្កៀលដុតកំហឹងបង្កហិង្សាចលាចលផ្សេងៗ ក្នុងបំណងរុញច្រានប្រទេសកម្ពុជាឱ្យធ្លាក់ក្នុងភ្លើងសង្គ្រាមឡើងវិញ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


