ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្ម ស្នើអ្នកដីជួលឱ្យកសិករកុំយកថ្លៃឈ្នួលថ្លៃពេក ព្រោះតម្លៃស្រូវអូអិមធ្លាក់ថ្លៃ មិនមែនតម្លៃល្អដូចមុន
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើទៅកាន់ម្ចាស់ដីដែលបានជួលទៅឱ្យកសិករសម្រាប់ធ្វើស្រូវប្រាំង គួរពិចារណាបន្ធូរបន្ថយថ្លៃឈ្នួលតាមដែលអាចធ្វើទៅបាន ស្របពេលដែលតម្លៃស្រូវអូអិមធ្លាក់ថ្លៃ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើទៅកាន់អ្នកដែលមានដីជួលឱ្យកសិករបែបនេះ តាមរយៈសន្និសីទសារព័ត៌មានស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង រៀបចំឡើងនៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។

រដ្ឋមន្ត្រីក្រសួងកសិកម្ម អះអាងថា ដោយសារតម្លៃស្រូវប្រភេទអូអិមឡើងថ្លៃកាលពីឆ្នាំមុន កសិករបានខិតខំពង្រីកការធ្វើស្រែបន្ថែមទៀត ពោលគឺធ្វើស្រែរបស់ខ្លួនឯងផ្ទាល់ផង និងជួលដីដែលនៅទំនេរធ្វើបន្ថែមទៀត ហើយការជួលដីនោះទៀតសោត គឺកសិករហ៊ានជួលក្នុងតម្លៃថ្លៃ។

ត្បិតថាបានអំពាវនាវឱ្យម្ចាស់ដីបន្ថយថ្លៃឈ្នួល កុំយកថ្លៃខ្ពស់ក៏ពិតមែន ប៉ុន្តែលោករដ្ឋមន្ត្រីលើកឡើងថា ក្រសួងកសិកម្មមិនអាចលូកដៃទៅបង្ខិតបង្ខំម្ចាស់ដីទាំងនោះឱ្យដាច់ខាតត្រូវតែកុំយកតម្លៃថ្លៃបានឡើយ ព្រោះតែកន្លងមក នៅពេលជួលដីដើម្បីធ្វើស្រែ ទាំងភាគីម្ចាស់ដី និងកសិករអ្នកជួល សុទ្ធតែបានព្រមព្រៀងគ្នាក្នុងតម្លៃជាក់លាក់មួយច្បាស់ទៅហើយ។ តែទោះជាមានកិច្ចសន្យាជាក់លាក់ លោក ឌិត ទីណា នៅតែទទូចឱ្យភាគីម្ចាស់ដីចេះជួយគ្នាក្នុងគ្រាលំបាក។

ស្របពេលបច្ចុប្បន្នស្ថានភាពតម្លៃស្រូវប្រភេទអូអិមធ្លាក់ថ្លៃ រដ្ឋមន្ត្រីកសិកម្ម ស្នើទៅកាន់អ្នកដែលជួលដីឱ្យកសិករបែបនេះ៖« នេះគឺជាការអំពាវនាវ សុំឱ្យបងប្អូនយើងដែលមានដីជួលដីឱ្យបងប្អូនផ្សេងៗទៀត ក៏គួរតែពិចារណាក្នុងការប្រែប្រួលបន្ធូរបន្ថយបញ្ចុះតម្លៃរបៀបម៉េច ព្រោះអីនេះជាដីរបស់បងប្អូនទេ។ យើងមិនអាចទៅលូកដៃ បង្ខិតបង្ខំណាមួយទេ ព្រោះអីជាកិច្ចព្រមព្រៀងរវាងអ្នកទាំងពីរស្រាប់ហើយ។ ប៉ុន្តែជាការអំពាវនាវសុំឱ្យមានការយោគយល់គ្នា ព្រោះតម្លៃស្រូវអូអិមនេះ វាមិនដូចពីមុនទៀតទេ ដែលត្រូវពិចារណាជួយគ្នាក្នុងគ្រានេះ»។

ជាមួយគ្នានេះ នៅក្នុងសន្និសីទសារព័ត៌មាន លោក ឌិត ទីណា ក៏បានលើកឡើងពីមូលហេតុដែលស្រូវអូអិមធ្លាក់ថ្លៃ។ មូលហេតុដែលធ្លាក់ថ្លៃ គឺដោយសារសព្វថ្ងៃនេះ កម្ពុជាឈានដល់វិបត្តិតម្លៃស្រូវ ក្រោយពីប្រទេសឥណ្ឌាដែលកន្លងទៅផ្អាកលក់ចេញស្រូវមួយអន្តរកាល ឥឡូវនេះបានបញ្ចេញស្រូវទៅលក់លើទីផ្សារឡើងវិញ ហើយស្របពេលដែលឥណ្ឌូនេស៊ីក៏កាត់បន្ថយការនាំចូល ព្រោះតែឥណ្ឌូនេស៊ីក៏ជំរុញការផលិតរបស់ខ្លួន។ ដោយសារបញ្ហានេះ លោករដ្ឋមន្ត្រីលើកឡើងថា ទាំងកម្ពុជា វៀតណាម និងថៃ សុទ្ធតែជួបបញ្ហាចាល់ស្រូវដូចគ្នា។

នៅក្នុងសន្និសីទដដែល លោករដ្ឋមន្ត្រីក៏បានបង្ហាញពីដំណោះស្រាយក្នុងការស្ដារតម្លៃស្រូវដែលធ្លាក់ថ្លៃ រួមមានជាដំណោះស្រាយរយៈពេលខ្លី មធ្យម និងរយៈពេលវែង។ ដំណោះស្រាយរយៈពេលខ្លីគឺ ក្រសួងកសិកម្ម នឹងចេញបញ្ចេញថវិកាដែលរដ្ឋាភិបាលទម្លាក់ជូន រក្សាស្ថិរភាពតម្លៃ និងសហការជាមួយតាមបណ្ដារោងម៉ាស៊ីនកិនស្រូវនានាឱ្យទិញស្រូវរបស់ពលរដ្ឋក្នុងរដូវពិធីបុណ្យចូលឆ្នាំចិន វៀតណាមខាងមុខនេះ ឬស្រូវអូអិមគ្មានទីផ្សារសោះ។ សម្រាប់ដំណោះស្រាយរយៈពេលធម្យម គឺក្រសួងបន្តកៀគរឱ្យកសិករបន្តចងក្រងជាសហគមន៍ទំនើបដែលមានច្រើនរាប់រយ ពាន់គ្រួសារ នោះក្រសួងនឹងផ្ដល់កម្ចីឱ្យកសិករសម្រាប់បង្កបង្កើនផល។ ចំណែករយៈពេលវែង គឺការបាត់បន្ថយថ្លៃដើមរបស់ពលរដ្ឋ តាមរយៈការណែនាំឱ្យពលរដ្ឋប្រើប្រាស់ជីកសិកម្មដែលធ្វើដោយពលរដ្ឋផ្ទាល់៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


