Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានចេញបញ្ជាថា ចាប់ពីថ្ងៃនេះតទៅ សមត្ថកិច្ចមានសិទ្ធិចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ ទោះពួកគេស្ថិតនៅក្នុងសាលារៀនឬព្រះវិហារក៏ដោយ។

លោក ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទបញ្ជានេះត្រូវគេមើលឃើញថា ផ្ទុយពីវិធានការឆ្នាំ២០១១ ដែលសហរដ្ឋអាមេរិក មិនបានដាក់បញ្ចូលទីតាំងបែបនេះ ជាកន្លែងដែលត្រូវចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់នោះទេ។

តាមការចុះផ្សាយរបស់ The Guardian កាលពីថ្ងៃអង្គារទី២១ខែមករាឆ្នាំ២០២៥, លោក ត្រាំ បានប្រគល់ភារៈនេះទៅក្រសួងសន្តិសុខមាតុភូមិជាអ្នកទទួលខុសត្រូវ ហើយផ្តល់អំណាចដល់ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍និងគយ (ICE) និងភ្នាក់ងារគយនិងការពារព្រំដែន (CBP) ដើម្បីអនុវត្តការចាប់ខ្លួន។

ជុំវិញរឿងនេះ ក្រសួងសន្តិសុខមាតុភូមិបានចេញសេចក្តីថ្លែងការណ៍ថា «សកម្មភាពនេះ ផ្តល់អំណាចដល់មន្ត្រីក្លាហានមកពី CBP និង ICE ដើម្បីអនុវត្តច្បាប់អន្តោប្រវេសន៍ និងចាប់ខ្លួនឧក្រិដ្ឋជនបរទេស រួមទាំងឃាតករ និងជនរំលោភសេពសន្ថវៈ ដែលបានចូលមកក្នុងប្រទេសរបស់យើងដោយខុសច្បាប់។ ឧក្រិដ្ឋជនលែងអាចលាក់ខ្លួននៅក្នុងសាលារៀនឬព្រះវិហាររបស់អាមេរិក ដើម្បីចៀសវាងការចាប់ខ្លួនបានទៀតហើយ»។

(រូបថត៖ AP)

រឿងនេះក៏កើតឡើងផងដែរ ស្របពេលលោក ត្រាំ ប្រើធម៌ក្ដៅ ដោយចេញបញ្ជាប្រតិបត្តិ ដាក់ទោសប្រហារជីវិតសម្រាប់ជនទាំងឡាយណា ដែលត្រូវបានរកឃើញមានពិរុទ្ធពីបទឃាតកម្មលើមន្ត្រីអនុវត្តច្បាប់ ក៏ដូចជាជនអន្តោប្រវេសន៍ខុសច្បាប់ ដែលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋផងដែរ។

តាមការចុះផ្សាយរបស់ Truthout កាលពីថ្ងៃអង្គារទី២១ខែមករាឆ្នាំ២០២៥, ក្នុងបញ្ជានោះ លោក ត្រាំ បានអំពាវនាវឲ្យមានការអនុវត្តទោសប្រហារជីវិតកាន់តែខ្លាំងនៅទូទាំងសហរដ្ឋអាមេរិក ព្រោះថា មានតែទោសបែបនេះទេ ទើបជាឧបករណ៍សំខាន់ អាចរារាំងអំពើឧក្រិដ្ឋកម្មបាន។

បញ្ជាប្រតិបត្តិរបស់លោក ត្រាំ ស្តីពីការកាត់ទោសប្រហារជីវិតនេះ ក៏អះអាងផងដែរថា «មានតែការដាក់ទោសប្រហារជីវិតប៉ុណ្ណោះ ដែលអាចនាំមកនូវយុត្តិធម៌សម្រាប់ជនរងគ្រោះនៃអំពើឧក្រិដ្ឋកម្មដ៏សាហាវ និងក្រុមគ្រួសាររបស់ពួកគេ»៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម