ព័ត៌មានជាតិ
អាកាសយានដ្ឋានសៀមរាបអង្គរ ទទួលជើងហោះហើរកើនដល់ ៦០ ជើងក្នុងមួយថ្ងៃ
បើតាមបុគ្គលិកបម្រើការនៅអាកាសយានដ្ឋានសៀមរាបអង្គរបានឲ្យកម្ពុជាថ្មីដឹងថា នៅរដូវ High Season នេះ នៅអាកាសយានដ្ឋានសៀមរាបអង្គរ ទទួលបានជើងហោះហើរឡើងចុះប្រមាណ ៦០ ជើងក្នុងមួយថ្ងៃ។
លោក យឹម សានីរាន មន្ត្រីសម្របសម្រួលនៅអាកាសយានដ្ឋានសៀមរាបអង្គរបានឲ្យដឹងថា នៅមួយរយៈចុងក្រោយនេះ ចរាចរណ៍ធ្វើដំណើររបស់ភ្ញៀវទេសចរនៅអាកាសយានដ្ឋានសៀមរាបអង្គរមានភាពមមាញឹក ស្របពេលជារដូវដែលមានភ្ញៀវធ្វើដំណើរច្រើន High Season ខណៈការធ្វើចរាចរណ៍តាមផ្លូវអាកាសកើនឡើងទាំងចំនួនជើងហោះហើរនិងអ្នកដំណើរ។

«ឥលូវនេះក្នុងមួយថ្ងៃ អាកាសយានដ្ឋានសៀមរាបអង្គរទទួលជើងហោះហើរទាំងឡើងនិងចុះប្រមាណពី ៥០ ទៅ ៦០ ជើង កើនពី ៣០ ទៅ ៤០ ជើង បើប្រៀបធៀបពីមុន ស្របពេលក្រុមហ៊ុនអាកាសចរណ៍នានាក៏បង្កើនជើងហោះហើរទៅកាន់គោលដៅថ្មីៗបន្ថែមទៀត»។
«ដោយសារកំណើននៃការធ្វើដំណើរតាមផ្លូវអាកាស ថ្ងៃខ្លះមានជើងហោះហើរឡើងចុះដល់ម៉ោង ២ ទៅ ៣ យប់ក៏មានដែរ»។ លោក យឹម សានីរាន បន្ថែម។
ស្របជារដូវ High Season ដែលភ្ញៀវទេសចរចេញដើរកម្សាន្តច្រើន លោក យឹម សានីរាន ក៏សង្កេតឃើញថា ក្រុមហ៊ុនអាកាសចរណ៍មួយៗ មានភ្ញៀវធ្វើដំណើរជិះពេញៗយន្តហោះ។

នៅអំឡុងខែកុម្ភៈនេះ ក្រុមហ៊ុនអាកាសចរណ៍របស់ឥណ្ឌា Indigo ក៏នឹងភ្ជាប់ហោះហើរដោយផ្ទាល់មកអាកាសយានដ្ឋានសៀមរាបអង្គរ។ បើតាមមន្ត្រីអាកាសចរណ៍ស៊ីវិលកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍របស់ឥណ្ឌា IndiGo នឹងបើកជើងហោះហើរត្រង់ មកអាកាសយានដ្ឋានសៀមរាបអង្គរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃអ្នកដំណើរឥណ្ឌាដែលមានបំណងមកទស្សនាកម្ពុជា។
លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានថ្លែងប្រាប់កម្ពុជាថ្មីថា ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌានឹងចាប់ផ្តើមជើងហោះហើរត្រង់ រវាងទីក្រុង កុលកាតា-សៀមរាប-កុលកាតា (Kolkata – Siem Reap- Kolkata) ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដោយប្រើយន្តហោះប្រភេទ A320 ដោយហោះហើរ ៣ ជើង/សប្តាហ៍ (ចន្ទ-ពុធ-សុក្រ)។
កាលពីខែមិថុនា ២០២៤ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា Cambodia Angkor Air (K6) បានចាប់ផ្តើមបើកការហោះហើរត្រង់ទៅប្រទេសឥណ្ឌា ដោយធ្វើឡើង ៤ ជើងក្នុងមួយសប្តាហ៍។
បើតាមលោក ស៊ីន ចាន់សិរីវុត្ថា ការបើកតភ្ជាប់ផ្លូវថ្មីនេះ នឹងផ្ដល់ផលចំណេញដល់ប្រទេសទាំងពីរ ពាក់ព័ន្ធនឹងការធ្វើដំណើររយៈពេលខ្លី ចំណាយតិចជាងមុន ជាពិសេសប្រទេសទាំងពីរក៏ចង់ផ្សព្វផ្សាយពីផ្នែកទេសចរណ៍ វប្បធម៌ សាសនា និងសុខភាព ខណៈកម្ពុជាប្រើប្រាស់សេវាសុខាភិបាលនៅឥណ្ឌាច្រើន ហើយឥណ្ឌាក៏ចង់មកស្រុកខ្មែរ តាមរយៈទេសចរណ៍ វប្បធម៌ និងសាសនា។
របាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា នៅក្ន្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់ កើនឡើង ២២,៩ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។ ភ្ញៀវទេសចរបរទេស ដែលមកលេងកម្ពុជាច្រើនជាងគេរួមមាន ថៃ វៀតណាម ចិន ឡាវ និងអាមេរិក៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


