Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនកូរ៉េ មានបំណងសាកល្បងដាំដំឡូងផ្អែម និងឆៃថាវ នាំចេញទៅទីផ្សារកូរ៉េ និងអន្តរជាតិ

បានផុស

នៅ

ក្រុមហ៊ុនកូរ៉េ មានបំណងចង់ស្វែងយល់បន្ថែមពីសក្តានុពលផលិតផលកសិកម្មកម្ពុជា សំដៅជំរុញកសិ-ពាណិជ្ជកម្មរបស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េ និងអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយលោក សុង ដុងអ៉ីល (Song Dong-il) ប្រធានសមាគមកសិ-ឧស្សាហកម្មសាធារណរដ្ឋកូរ៉េ (K-Agro) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សមាគមកូរ៉េបានបញ្ជាក់ថា ខ្លួនបានប្រមូលផ្តុំដោយបណ្តុំក្រុមហ៊ុនជាច្រើនផ្នែកដូចជា ក្រុមហ៊ុនកែច្នៃ ចែកចាយ និងក្រុមហ៊ុនដឹកជញ្ជូន ដែលអាចចងជាសម្ព័ន្ធខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលកសិកម្មពីកម្ពុជាទៅទីផ្សារអន្តរជាតិ។

ទន្ទឹមនឹងនេះ សមាគមបានបង្ហាញពីបំណងក្នុងការដាំដុះសាកល្បងលើកសិផលមួយចំនួននៅកម្ពុជាដូចជាដំឡូងផ្អែម និងឆៃថាវ ដើម្បីពិនិត្យ និងសិក្សាពីលទ្ធភាពនៃការដាំដុះ ផលិតកម្ម តម្រូវការ និងតម្លៃសេដ្ឋកិច្ចនៃដំណាំនេះ។

លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការបានស្វាគមន៍ចំពោះសមាគម និងក្រុមហ៊ុនដែលមានបំណងសហការចូលរួមវិនិយោគលើវិស័យកសិកម្ម ជាពិសេសលើការកែច្នៃកសិផលដែលមានស្រាប់នៅកម្ពុជា ដើម្បីរួមចំណែកលើកស្ទួយវិស័យនេះឱ្យកាន់តែមានការរីកចម្រើន ស្របពេលដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសជាច្រើន ដែលនេះនឹងផ្តល់ឱកាសដល់វិនិយោគិនកូរ៉េក្នុងការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិកាន់តែធំទូលាយ។

ចំពោះការដាំដុះសាកល្បងលើដំណាំខាងលើ លោករដ្ឋលេខាធិការបានណែនាំឱ្យសមាគម ព្រមទាំងក្រុមហ៊ុនកូរ៉េធ្វើការសិក្សាពីទីផ្សារ និងវិភាគតម្លៃសេដ្ឋកិច្ចនៃដំណាំនេះឱ្យច្បាស់លាស់ជាមុន ដើម្បីធានាថានឹងផ្តល់អត្ថប្រយោជន៍ជូនប្រជាកសិករ និងវិនិយោគិន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម