នយោបាយ
អ្នកនាំពាក្យទាត់ចោលព័ត៌មានមិនពិតដែលទាញសម្ដេច ស ខេង ទៅនឹងចលនាខុសច្បាប់នៅក្រៅប្រទេស
អ្នកនាំពាក្យ ចេញមុខច្រានចោលព័ត៌មានមិនពិតដែលទាញសម្ដេច ស ខេង ទៅក្នុងចលនាជាតិតស៊ូ ដែលបង្កើតឡើងដោយអតីតមេដឹកនាំបក្សប្រឆាំងកំពុងនិរទេសខ្លួននៅឯបរទេស សម រង្ស៊ី។ ការបង្កើតព័ត៌មានក្លែងក្លាយនេះ អ្នកនាំពាក្យ អះអាងថា គ្រាន់តែជាឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំង ក្នុងបំណងចង់បំបែកផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ពិសេសឱ្យមានការភាន់ច្រឡំលើសម្ដេច ស ខេង។

ការចេញមកអះអាងដូច្នេះ គឺក្រោយពីក្រុមប្រឆាំងជ្រុលនិយមនៅបរទេសនៅតែចិញ្ចឹមចិត្តបង្កើតព័ត៌មានក្លែងក្លាយដោយបំពាន បំភ្លៃ និងបំភាន់ តាមបណ្តាញសង្គម ថា សម្តេចក្រឡាហោម ស ខេង ជាក្បាលម៉ាស៊ីនដឹកនាំនៃចលនាជាតិតស៊ូនៅក្រៅប្រទេស។ ក៏ប៉ុន្តែ អ្នកនាំពាក្យរបស់សម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសបដិសេធ និងចាត់ទុកសកម្មភាពនេះ ថា ជាឧបាយកលទុច្ចរិត អសីលធម៌ គ្មានគុណធម៌ជាមនុស្សជាតិ ក្នុងទិសដៅបំពានបំភ្លៃ បំភាន់ មួលបង្កាច់ ក្លែងបន្លំ ញុះញង់ ក្នុងគោលបំណងអគតិបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។
អ្នកនាំពាក្យ ថា ជាចលនាបម្រើចេតនាព្រៃផ្សៃខ្មៅងងឹតសម្រេចមហិច្ឆតាដណ្តើមអំណាចក្នុងទម្រង់ទាញទម្លាក់ប្រជាជន និងកម្ពុជាទាំងមូលឱ្យចូលភ្នក់ភ្លើងវិនាសកម្មម្តងទៀត តាមរបៀប«បដិវត្តន៍ពណ៌»។

ក្នុងន័យនេះ លោក ទូច សុឃៈ អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង បានអំពាវនាវសាធារណជនជាតិ និងអន្តរជាតិ កុំជឿតាមសាររបស់ក្រុមនយោបាយជ្រុលនិយមនេះ ដែលមានចរិតបំពានជាន់ឈ្លីច្បាប់ គោលការណ៍ ប្រជាធិបតេយ្យ បំផ្លិចបំផ្លាញសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍ និងប្រក្រតីភាពនៃសេចក្តីសុខ របស់ប្រពលរដ្ឋខ្មែរ។ អ្នកនាំពាក្យសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយនេះមិនមែនជាការពិត ជាការបោកប្រាស់ បែបប្រជាភិថុតិសុទ្ធសាធ ហើយការបង្កើតចលនាតស៊ូនិរទេសខ្លួននៅឯបរទេសនេះ គឺជាចលនាខុសច្បាប់ ច្រាសទិសលទ្ធិប្រជាធិបតេយ្យ។
សម្តេច ស ខេង តែងគោរពគោលការណ៍ដឹកនាំតាមឋានានុក្រម និងភក្តីភាពគ្រប់កាលៈទេសៈប្រកបដោយសេចក្តីកត្តញ្ញូចំពោះសម្តេចតេជោ ហើយសម្តេចតេជោ តែងមានព្រហ្មវិហារធម៌ចំពោះសម្តេចក្រឡាហោម ស ខេង គឺគ្មានអ្វីអាចបំបែកស្មារតីចាស់ទុំរបស់លោកទាំងពីរបានជាដាច់ខាត។ អ្នកនាំពាក្យលើកឡើងដូច្នេះ។

សេចក្ដីថ្លែងការណ៍របស់់អ្នកនាំពាក្យដដែល ក៏បានបញ្ជាក់ពីជំហររបស់សម្តេច ស ខេង ផងដែរ ដែលតែងតែប្រកាសគាំទ្ររាជរដ្ឋាភិបាលបន្តវេន ដោយជឿជាក់ខ្ពស់ចំពោះការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ជាការកត់សម្គាល់ ក្នុងពិធីបំពាក់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន ពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា គ្មាននរណាអាចបំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាបានទេ។ ផ្ទុយទៅវិញគ្រប់ការប៉ុនប៉ងបំបែកបំបាក់តែងតែរលាយខ្លួនឯងទៅវិញ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


