កីឡា
Cristian ចាត់ទុកការស្នាក់នៅកម្ពុជាលើសពី អាជីពបាល់ទាត់
កីឡាករប្រេស៊ីល Cristian Roque ខ្សែប្រយុទ្ធរបស់ក្លិបព្រះខ័នរាជស្វាយរៀង បានចាត់ទុកការស្នាក់លេងបាល់ទាត់នៅក្នុងប្រទេសកម្ពុជាគឺលើសពីបាល់ទាត់ដែលខ្លួនទទួលបាន។

មុនពេលមកកម្ពុជា Cristian មិនបានដឹងអ្វីច្រើនទេអំពីប្រទេសកម្ពុជា ប៉ុន្តែរូបគេបានសម្រេចមកលេងនៅទីនេះ ពីព្រោះចង់ឲ្យអាជីពបាល់ទាត់ និងជីវភាពគ្រួសារល្អប្រសើរ។ នៅរដូវកាលដំបូង រូបគេជួបការលំបាកច្រើនក្នុងការទំនាក់ទំនងជាមួយក្រុមការងារ និងមិត្តរួមក្រុម។
កីឡាករបាននិយាយថា ៖«បញ្ហាលំបាកជាងគេគឺភាសាទំនាក់ទំនងជាមួយមិត្តរួមក្រុម ជាមួយអ្នកដទៃ។ រដូវកាលដំបូង ខ្ញុំពិបាកខ្លាំង ប៉ុន្តែឥឡូវនេះល្អប្រសើរច្រើន។ ល្អប្រសើរទាំងនៅលើទីលាន និងក្រៅទីលាន»។

នៅរដូវកាលដំបូងជាមួយក្លិបណាហ្គាវើលដ៍ Cristian Roque ទទួលបានឱកាសរៀនភាសាអង់គ្លេសអំពីគោលសំខាន់ៗក្នុងការទំនាក់ទំនងប្រចាំថ្ងៃ។ ភាសាអង់គ្លេសរបស់ខ្លួនបានរីកចម្រើនយ៉ាងឆាប់រហ័ស បន្ទាប់ពីរៀនផង អនុវត្តផ្ទាល់ផង ហើយបានផ្តល់ឲ្យរូបគេកាន់តែមានភាពងាយស្រួលក្នុងការស្នាក់នៅប្រទេសកម្ពុជា ហើយអាជីពបាល់ទាត់ក៏កាន់តែល្អប្រសើរ។
Cristian បានរៀបរាប់ថា ៖«ខ្ញុំមកកម្ពុជាដំបូង ភាសារបស់ខ្ញុំគឺសូន្យ អត់អាចនិយាយអ្វីបានសោះ។ នៅណាហ្គាវើលដ៍មានបន្ទប់មួយ អ្នកគ្រូម្នាក់បានជួយបង្រៀនអង់គ្លេស។ មិនមែនតែខ្ញុំទេគឺមានកីឡាករផ្សេងទៀតក៏បានរៀនដែរ។ ពេលខ្ញុំចេញទៅក្រៅ ទៅផ្សារ ឬទៅទិញអ្វីមួយ ដូចជាទៅឱសថស្ថានដើម គឺខ្ញុំអាចដោះស្រាយបានស្រួលតាមរយៈភាសាអង់គ្លេស ហើយខ្ញុំក៏បានព្យាយាមអនុវត្តជាមួយមិត្តរួមក្រុមដែលធ្វើឲ្យអង់គ្លេសរបស់ខ្ញុំកាន់តែល្អ»។

ក្រោយមក Cristian បានផ្លាស់ទៅក្លិបព្រះខ័នរាជស្វាយរៀងដែលជាក្លិបធំ និងមានឱកាសបង្ហាញខ្លួនក្នុងការប្រកួតអន្តរជាតិ។ កីឡាករបានរៀបរាប់ថា ៖«នៅពេលក្លិបព្រះខ័នរាជស្វាយរៀងជជែកជាមួយខ្ញុំ។ ខ្ញុំពិតជាភ្ញាក់ផ្អើលមែនទែន ពីព្រោះនេះជាក្លិបដ៏ធំមួយ។ តាមពិតទៅ ខ្ញុំនៅមានពេលជាងមួយឆ្នាំទៀតជាមួយណាហ្គាវើលដ៍ ប៉ុន្តែវាហាក់ដូចជាលំបាកដែរក្នុងការកែប្រែក្រុម។ នៅពេលខាងព្រះខ័នរាជស្វាយរៀងទាក់ទង ខ្ញុំមិនបានគិតច្រើនទេ ពីព្រោះខ្ញុំចង់អភិវឌ្ឍបាល់ទាត់ ហើយក៏ចង់លេងក្នុងពានរង្វាន់អន្តរជាតិ។ ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមជាមួយព្រះខ័នរាជស្វាយរៀង»។
កីឡាករបានជួយឲ្យក្លិបព្រះខ័នរាជស្វាយរៀងឈ្នះជើងឯកលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល២០២៣-២៤ ប៉ុន្តែរូបគេមិនទាន់ចាត់ទុកជាការទទួលបានជោគជ័យឡើយ។ គោលដៅធំបំផុតដែលអាចចាត់ទុកជោគជ័យគឺពានរង្វាន់អន្តរជាតិ។

Cristian បាននិយាយថា ៖«ខ្ញុំមិនទាន់ជោគជ័យទេ។ ខ្ញុំត្រូវការអភិវឌ្ឍបន្ថែមទៀត។ គោលបំណងរបស់ខ្ញុំគឺឈ្នះពានរង្វាន់អន្តរជាតិជាមួយ ព្រះខ័នរាជស្វាយរៀង ដូចជាពាន AFC ជាដើម។ នោះជាគោលដៅរបស់ខ្ញុំ ហើយខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាព»៕
អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


