ព័ត៌មានអន្ដរជាតិ
អ្នកជំនាញជំរុញឱ្យឥណ្ឌូណេស៊ីខិតទៅជិត BRICS ក្រោយជាប់ពន្ធ ៣២ ភាគរយ ពីអាមេរិក
សេដ្ឋវិទូជាន់ខ្ពស់ឥណ្ឌូណេស៊ី ជំរុញឱ្យប្រទេសរបស់ខ្លួនចូលកាន់តែជិតអង្គការ BRICS ដែលមានឥណ្ឌូណេស៊ីជាសមាជិតរួចស្រាប់ហើយនោះ ដើម្បីបង្កើនទីផ្សារនាំចេញបន្ថែម ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសពន្ធ ៣២ ភាគរយលើប្រទេសខ្លួន។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។
សេដ្ឋវិទូ លោក Bhima Yudhistira បានប្រាប់ថ្លែង Jakarta Globe ថា ឥណ្ឌូណេស៊ីគួរតែព្យាយាមធ្វើការចរចាខ្លះៗជាមួយអាមេរិក ទោះបីជាមានរយៈពេលខ្លីត្រឹមថ្ងៃទី ៩ មេសា ដែលពន្ធឆ្លើយតបឱ្យស្មើគ្នាចូលជាធរមានក៏ដោយ។
យ៉ាងណាមិញ សេដ្ឋវិទូរូបនេះលើកឡើងថា វាមានឱកាសតិចដែលសហរដ្ឋអាមេរិកនឹងធ្វើការផ្លាស់ប្ដូរសំខាន់ណាមួយ ដូច្នេះ «វិធានការបន្ទាប់របស់ឥណ្ឌូណេស៊ី គួរតែពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរបស់ខ្លួនជាមួយបណ្តាប្រទេស BRICS» ។ លោកគូសបញ្ជាក់ថា៖ «ប្លុក BRICS ពិតជាមានសក្តានុពលចំពេលមានសង្រ្គាមពាណិជ្ជកម្ម ដែលបង្កឡើងដោយសហរដ្ឋអាមេរិក។ យើងក៏អាចទាក់ទងទៅកាន់មជ្ឈិមបូព៌ា ឬក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ(ឈូងសមុទ្រពែរក្ស) [GCC] ជាជម្រើសមួយផងដែរ»។
ជុំវិញលទ្ធភាពដែលថាលោក ត្រាំ អាចបង្កើនពន្ធពេលឥណ្ឌូណេស៊ីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយ BRICS លោក Bhima បាននិយាយថា វាមិនទំនងជាកើតឡើងនោះទេ ខណៈពន្ធខ្ពស់នឹងធ្វើឱ្យការនាំចូលទំនិញពី BRICS កាន់តែថ្លៃសម្រាប់អ្នកប្រើប្រាស់អាមេរិក។

ដើមឡើង BRICS ប្រទេសជាសមាជិក ៥ រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ហើយក្រោយមក អារ៉ាប់រួម អេត្យូពី អេហ្ស៊ីប អ៊ីរ៉ង់ និងឥណ្ឌូណេស៊ី បានចូលរួមជាមួយ។ កន្លងមក លោក ត្រាំ បានរិះគន់ BRICS ហើយថែមទាំងបានគំរាមដាក់ពន្ធ ១០០ ភាគរយ លើប្លុកនេះ ប្រសិនបើពួកគេព្យាយាមឈប់ប្រើប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក។
ថ្មីៗនេះ ឥណ្ឌូណេស៊ីបាន និងកំពុងខិតទៅជិត BRICS។ កាលពីសប្តាហ៍មុន ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ បានប្រកាសថា ឥណ្ឌូណេស៊ីនឹងចូលរួមជាមួយធនាគារអភិវឌ្ឍន៍ថ្មី (NDB) ដែលគាំទ្រដោយ BRICS ។ ទន្ទឹមនឹងនេះ GCC គឺជាប្លុកសេដ្ឋកិច្ចដាច់ដោយឡែក ដែលរួមមាន បារ៉ែន គុយវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម។

សេដ្ឋវិទូផ្សេងៗទៀត ក៏ជំរុញឱ្យឥណ្ឌូណេស៊ីបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយសមាជិត BRICS ដទៃទៀតផងដែរ។ លោក Hans Kwee អ្នកសេដ្ឋកិច្ច និងទីផ្សារមូលធន បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara ថា៖ «ឥណ្ឌូណេស៊ីត្រូវការពង្រឹងពាណិជ្ជកម្មជាមួយបណ្តាប្រទេស BRICS ដើម្បីស្វែងរកប្រភពចំណូលថ្មី បន្ទាប់ពីការយកពន្ធខ្ពស់ដោយសហរដ្ឋអាមេរិក»។ លោកបានព្រមានថា ពន្ធនាំចូលខ្ពស់ដែលអាមេរិកដាក់លើប្រទេសផ្សេងៗ អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុរបស់ឥណ្ឌូណេស៊ី។
គួរគូសបញ្ជាក់ថា ការងាកទៅកាន់ប្លុក BRICS គឺជាគោលដៅមួយសម្រាប់រដ្ឋាភិបាលឥណ្ឌូណេស៊ីក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ ជាជាងការពឹងផ្អែកលើទីផ្សារធំតែមួយ ដូចជាសហរដ្ឋអាមេរិក។ បច្ចុប្បន្ន ឥណ្ឌូណេស៊ីក៏កំពុងពន្លឿនលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប (EU) ដែលរងពន្ធរបស់ ត្រាំ ប្រមាណ ២០ ភាគរយ ដែរ។ យ៉ាងណាមិញ ខណៈជំរុញការធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម រដ្ឋាភិបាលឥណ្ឌូណេស៊ីនៅតែជំរុញបន្តការចរចាជាមួយរដ្ឋបាលរបស់ ត្រាំ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


