ជីវិតកម្សាន្ដ
ចំណុចធំ ៤ ធ្វើឱ្យ”សង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈ” ក្លាយជាការបំផុសតម្លៃនៃវប្បធម៌ជាតិដ៏ប្រសើរបំផុត
ក្រសួងស្ថាប័ន ក្រុមហ៊ុន និងសាលានានា បានមូលមីរៀបចំកម្មវិធីសង្ក្រាន្តយ៉ាងគគ្រឹកគគ្រេង ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងខិតចូលមកដល់ដើមសប្តាហ៍ក្រោយនេះ។ ខណៈមណ្ឌលសិក្សាជាច្រើន ក្នុងរាជធានីភ្នំពេញ ទាំងរដ្ឋនិងឯកជន បានរៀបចំកម្មវិធីសង្ក្រាន្តច្រើនគួរកត់សម្គាល់។
បើក្រឡេកមើលក្នុងចំណោមកម្មវិធីសង្ក្រាន្ត ដែលប្រព្រឹត្តធ្វើនៅតាមក្រសួងស្ថាប័ន ក្រុមហ៊ុន និងសាលានានាក្នុងក្រុងភ្នំពេញ បង្ហាញថា កម្មវិធីសង្ក្រាន្តទាំងអស់សុទ្ធសឹងតែរំលេចនូវល្បែងរបាំ ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិដូចៗគ្នា។ ក្នុងចំណោមនោះ អ្វីគួរឱ្យចាប់អារម្មណ៍បំផុត គឺសង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈ ដែលទើបនឹងបញ្ចប់ទៅថ្មីៗ ដោយមានការរៀបចំយ៉ាងពិសេស ហើយក្លាយជាការបំផុសតម្លៃនៃវប្បធម៌ជាតិដ៏ប្រសើរបំផុត។

កាលពីដើមខែមេសា ថ្នាលបណ្តុះជំនាញសិល្បៈបុរាណខ្មែរច្រើនជំនាន់មួយនេះ បានរៀបចំកម្មវិធីសង្ក្រាន្តមួយ ខណៈមិនត្រឹមតែជាព្រឹត្តិការណ៍អបអរឱកាសចូលឆ្នាំប្រពៃណីជាតិប៉ុណ្ណោះទេ តែគណៈគ្រប់គ្រងក៏បានពាំនាំនូវសិល្បៈទស្សនីយភាពចម្រុះប្លែកភ្នែក និងការចូលរួមកម្សាន្តរបស់សិស្ស លោកគ្រូអ្នកគ្រូ ជាមួយនឹងឈុតប្រពៃណីជាតិផងដែរ។
ក្នុងនោះ មានទស្សនីយភាពចម្រុះសម្តែងដោយសិស្សានុសិស្ស សាលាមធ្យមវិចិត្រសិល្បៈ ដូចជា ចាបុីដងវែង របាំត្រុដិ ល្ខោនស្រមោលស្បែកធំ និងការរាំចង្វាក់ប្រជាប្រិយជាដើម។ល។

ពិសេសជាងនេះទៅទៀត គឺសិល្បៈទស្សនីយភាព ល្ខោនអាប៉េវាំង “រឿងម៉ាក់ថឺង” ស្នាព្រះហស្ថសម្តេចមហាក្សត្រីយានី សុីសុវត្ថិមុនីវង្ស កុសុមៈ នារីរ័ត្នសេរីវឌ្ឍនា ដែលត្រូវបានព្រឹទ្ធាចារ្យផ្នែកសិល្បៈទស្សនីយភាពនៃក្រសួង បានរួមគ្នាសម្តែងរំលឹកឱ្យរស់ឡេីងវិញ ក្នុងកម្មវិធីសង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ។ ក្រៅពីនេះ នៅមានសកម្មភាពកម្សាន្តច្រើន រួមមាន របាំ ល្បែងប្រជាប្រិយខ្មែរ និងស្តង់ពិព័រណ៍ផងដែរ។


តួយ៉ាង កម្មវិធីសង្ក្រាន្តរយៈពេល ២ថ្ងៃដែលទើបនឹងបញ្ចប់នេះ សាលាមធ្យមវិចិត្រសិល្បៈ ក៏មានសកម្មភាពកម្សាន្តផ្សេងទៀត ដូចជាការរាំកម្សាន្តចង្វាក់ប្រពៃណី និងការកម្សាន្តសប្បាយជាមួយល្បែងប្រជាប្រិយខ្មែរជាច្រើន។ ខណៈអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត គឺសិស្សនៃសាលាបណ្តុះជំនាញសិល្បៈនេះ រួមគ្នាស្លៀកពាក់បែបប្រពៃណី កម្សាន្តសប្បាយគ្រប់សកម្មភាព។



គួរឱ្យដឹងដែរថា កម្មវិធីសង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈ រៀបចំធ្វើរយៈពេល ២ថ្ងៃកាលពីថ្ងៃទី១-២ ខែមេសានេះ ដោយមានរៀបចំសិល្បៈទស្សនីយភាពបុរាណជាច្រើន ក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌។ ខណៈលោកជំទាវបណ្ឌិត ក៏បានផ្តល់កិត្តិយសបកស្រាយបទចម្រៀង និងរាំលេងកម្សាន្តចង្វាក់ប្រជាប្រិយខ្មែរ ជាមួយឯកឧត្តមលោកជំទាវ លោកឧកញ៉ា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសាធារណជន ក្នុងបរិយាកាសដ៏រីករាយ ក្នុងកម្មវិធីសង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈ កាលពីថ្ងៃទី១ ខែមេសាផងដែរ។

នៅថ្ងៃបន្ទាប់ សង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈ ក៏មានរៀបចំពិធីស្រង់ព្រះ (បុស្បុកព្រះពិស្ណុការ) និងស្រង់ទឹកជូនចាស់ព្រឹទ្ធាចារ្យ ជាមរតកមនុស្សរស់ផ្នែកសិល្បៈបុរាណខ្មែរ ដែលបានបណ្តុះបណ្តាលអ្នកបន្តវេនរាប់ជំនាន់ផងដែរ។






ផ្សារភ្ជាប់នឹងសិល្បៈបុរាណ សង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈ ក៏បានរៀបចំព្រឹត្តិការណ៍ប្រគំតន្រ្តីសម័យនាពេលរាត្រីផងដែរ ដើម្បីញាំងបរិកាសនៃកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ឱ្យកាន់តែសប្បាយរីករាយសម្រាប់យុវជន ដោយមានការចូលរួមពីតារាល្បីៗជាច្រើនដួង រួមនឹងវត្តមានអ្នកអង្គម្ចាស់ ក្សត្រា នរោត្តម រស្មីខេមុនី ។
ទាំងអស់នេះ ត្រូវបានមហាជនពិសេសយុវវ័យ បានសម្តែងការពេញចិត្ត និងកោតសរសើរនូវការរៀបចំរបស់គណៈគ្រប់គ្រងនៃកម្មវិធី ដែលមិនត្រឹមតែបង្កើតនូវបរិយាកាសសប្បាយរីករាយសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិប៉ុណ្ណោះទេ ថែមទាំងពាំនាំនូវសាររួមគ្នាលើកតម្កើងតម្លៃ និងវប្បធម៌ជាតិដ៏ថ្លាថ្លៃ៕




-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២៣ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម៧ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ