ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ផ្ញើសំបុត្រឲ្យ ពូទីន មុនកិច្ចប្រជុំនុយក្លេអ៊ែរលើកទីពីរជាមួយអាមេរិក
កាលពីថ្ងៃទី១៧ខែមេសាឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានផ្ញើលិខិតមួយច្បាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ។

ការផ្ញើលិខិតនេះ ធ្វើឡើងមុនពេលដែលអ៊ីរ៉ង់រៀបចំសម្រាប់ការចរចានុយក្លេអ៊ែរជុំទីពីរជាមួយសហរដ្ឋអាមេរិក ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងរ៉ូមបន្ទាប់ពីការពិភាក្សាដំបូងនៅប្រទេសអូម៉ង់កាលពីសប្ដាហ៍មុន។
លោក Araqchi បានប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា៖ «ទាក់ទងនឹងបញ្ហានុយក្លេអ៊ែរ យើងតែងតែមានការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយមិត្តចិន និងរុស្ស៊ី។ ឥឡូវនេះ វាជាឱកាសល្អក្នុងការធ្វើដូច្នេះជាមួយមន្ត្រីរុស្ស៊ី»។
លិខិតនេះគូសបញ្ជាក់អំពីចេតនារបស់អ៊ីរ៉ង់ ក្នុងការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយរុស្ស៊ី ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយអាមេរិក។ អ៊ីរ៉ង់បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា សិទ្ធិរបស់ខ្លួនក្នុងការបន្សុទ្ធសារធាតុអ៊ុយរ៉ាញ៉ូមគឺមិនអាចចរចារបានឡើយ ទោះបីជាមានការបារម្ភពីលោកខាងលិចអំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ថាជិតដល់កម្រិតសម្រេចបាននូវការផលិតអាវុធនុយក្លេអ៊ែរក៏ដោយ។

រុស្ស៊ី ដែលជាសម្ព័ន្ធមិត្តដ៏យូរលង់របស់ក្រុងតេហេរ៉ង់ បានដើរតួនាទីក្នុងការចរចានុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាមួយលោកខាងលិច ក្នុងនាមជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលសិទ្ធិវេតូសេចក្ដីសម្រេច និងជាហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបោះបង់ចោលក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ក្នុងឆ្នាំ២០១៨។
នៅក្នុងអាណត្តិទីពីររបស់ខ្លួន លោក ត្រាំ បានគំរាមអ៊ីរ៉ង់ម្តងហើយម្តងទៀត ជាមួយនឹងការទម្លាក់គ្រាប់បែក និងបន្តការដំឡើងពន្ធដល់ប្រទេសណា ដែលហ៊ានទិញប្រេងពីអ៊ីរ៉ង់ បើទីក្រុងតេហេរ៉ង់ មិនឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ។ បន្ថែមពីនេះ កាលពីពេលថ្មីៗ អាមេរិកបានដាក់ពង្រាយយន្តហោះចម្បាំងបន្ថែមទៀតចូលទៅក្នុងតំបន់ ដោយក្នុងនោះមានយន្តហោះទម្លាក់គ្រាប់បែកចំនួន ៦គ្រឿងទៅកាន់កោះ Diego Garcia ដែលជាមូលដ្ឋានយោធាយុទ្ធសាស្ត្រអាមេរិក-អង់គ្លេសនៅមហាសមុទ្រឥណ្ឌា។ ចំណាត់ការនេះ ត្រូវគេមើលថាជាសារព្រមានមួយរបស់អាមេរិកចំពោះអ៊ីរ៉ង់ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង៕
ដោយ៖ ឈាង
ចុចអាន៖ UN៖ អ៊ីរ៉ង់ជិតសម្រេចការផលិតគ្រាប់បែកនុយក្លេអ៊ែរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


