Connect with us

ព័ត៌មានអន្ដរជាតិ

ចារកម្ម​កូរ៉េ​ខាង​ត្បូង៖ ទាហាន​កូរ៉េ​ខាង​ជើង​ដែល​ចេញ​ច្បាំង​ឲ្យ​រុស្ស៊ី ស្លាប់​៦០០​នាក់

បានផុស

នៅ

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង (NIS) បានរាយការណ៍​​ថា ទាហានកូរ៉េខាងជើងប្រមាណ ៦០០​នាក់ត្រូវបានសម្លាប់ ខណៈកំពុង​ជួយ​ប្រយុទ្ធ​ឲ្យ​​រុស្ស៊ី​ប្រឆាំង​​នឹង​ប្រទេសអ៊ុយក្រែន។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព័ត៌មាននេះ ត្រូវបានបង្ហាញក្នុងអំឡុងពេលសន្និសីទបិទទ្វារទៅកាន់សមាជិកសភា​​កូរ៉េ​ខាង​ត្បូង​​នៅ​ថ្ងៃ​ទី​​៣០​ខែមេសា​ឆ្នាំ​២០២៥​​នេះ។ លោក Lee Seong-kweun សមាជិកនៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភា បានប្រាប់អ្នកយកព័ត៌មាន​ថា៖ «រហូតមកដល់ពេលនេះ ការ​ស្លាប់​និង​របួស​នៃ​ទាហានកូរ៉េខាងជើងត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែល ៤ ៧០០​នាក់ រួមទាំងអ្នកស្លាប់ប្រហែល ៦០០​នាក់»។

លោក Lee បាន​បញ្ជាក់​ទៀត​ថា កូរ៉េ​ខាង​ជើង​បាន​ដាក់​ពង្រាយ​កង​កម្លាំង​ខ្លួន​ប្រមាណ ១៨ ០០០​នាក់​ជួយ​រុស្ស៊ី ដោយ​ចែក​ចេញ​ជា​ពីរ​ដំណាក់កាល ហើយ​ក្រោយ​រយៈពេល​៦​ខែ​ក្នុង​សមរភូមិ​ កង​កម្លាំង​កូរ៉េ​ខាង​ជើង​បាន​បង្កើន​សមត្ថភាព​ប្រយុទ្ធ​របស់​ខ្លួន​គួរ​​ឲ្យ​កត់​សម្គាល់ ពោល​គឺ​​កាន់តែ​មាន​ជំនាញ​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​សព្វាវុធ​ថ្មី រួម​ទាំង​យន្តហោះ​គ្មាន​មនុស្ស​បើក​​​ផង​ដែរ។

គួរ​រឭក​ថា កូរ៉េខាងជើងបានបញ្ជាក់ជាផ្លូវការនូវការចូលរួមផ្នែកយោធារបស់ខ្លួននៅក្នុង​សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន​កាលពីដើមសប្តាហ៍នេះ ដោយ​ប្រាប់​ថា កងទ័ព​ខ្លួនត្រូវបានដាក់ពង្រាយដើម្បីជួយរុស្ស៊ីក្នុងការដណ្តើមយកតំបន់ Kursk មកវិញ។ ការដាក់ពង្រាយនេះ គឺជាផ្នែកមួយនៃសន្ធិសញ្ញាការពារ​​គ្នា​ទៅ​វិញ​ទៅ​មក​​ឆ្នាំ​២០២៤ រវាងកូរ៉េខាងជើង និង​​រុស្ស៊ី ក្នុង​អំឡុងពេលមានជម្លោះ​ជាមួយ​សត្រូវ។

បន្ថែមពីលើការគាំទ្រផ្នែកយោធា ចារកម្មកូរ៉េខាងត្បូងបាន​លើកឡើង​ថា កូរ៉េខាងជើងបានផ្គត់ផ្គង់ដល់រុស្ស៊ីនូវសព្វាវុធ យន្តហោះគ្មានមនុស្សបើក និងបច្ចេកវិទ្យាផ្កាយរណប ដើម្បីជាថ្នូរនឹងជំនួយសេដ្ឋកិច្ច និងឧបករណ៍យោធាទំនើបៗ៕

ដោយ៖ ឈាង

ចុចអាន៖ អន្តរជាតិប្រតិកម្មខ្លាំងៗ ក្រោយកូរ៉េខាងជើង ទទួលស្គាល់ បញ្ជូនទ័ពទៅជួយច្បាំងរុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម